រឿងក្ដី វ៉ាន់ នីឡា និងអតីតគូស្នេហ៍នៅតែបន្ដអូសន្លាយ មិនទាន់ទទួលបានយុត្តិធម៌

មកទល់ពេលនេះរឿង​ក្តី​ក្តាំ​របស់អតីតតារាចម្រៀងស្រី វ៉ាន់ នីឡា ​ជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ហាក់​គ្មាន​អ្វី​ជាលទ្ធ​ផល​នោះទេ ខណៈរូបនាង និងបងប្រុសលោក សុខ ជំនោរ នៅតែបន្តប្រកាសចង់បានយុត្តិធម៌ក្ដែងៗ។​

កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2017 កន្លងទៅ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិ​ស័​ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ។

ហើយនៅថ្ងៃទី15 ខែសីហា ឆ្នាំ2018 ព្រឹកម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះបានចេញវីដេអូនិយាយរៀបរាប់អំពីការដែលខ្លួនមិនទាន់បានទទួលពន្លឺយុត្តិធម៌ និងចំណាត់ការពីតុលាការ។ ​នាងបាននិយាយទាំងអារម្មណ៍មិនអស់ចិត្តថា រូបនាងមិនសប្បាយចិត្តសោះ​ ព្រោះ​តាំង​ពី​សាល​ក្រម​តុលាការប្រកាស​រហូ​តមកដល់​ពេល​នេះ ​រយៈពេល 1ឆ្នាំហើយ រូបនាង​មិន​ទាន់បាន​ទទួលសំណង​ជាប្រាក់​នៅឡើយ ចំណែកជន​ល្មើសនៅតែបន្តនៅក្រៅ​ឃុំ​ទៀត។ នាងថា ពេល​ដែល​នាង​បាន​ទៅ​បង្ហាញ​មុខ​នៅ​តុលាការព្រឹកមិញនេះ គឺ​បាន​ត្រឹម​តែស្តាប់​ការលើកឡើងពី​មេធាវីថា «កូន​ក្តី​​មាន​បញ្ហា​សំខាន់ក្នុង​គ្រួសារ​មិន​បាន​ចូល​មកដោះ​ស្រាយ​» ទៅវិញ…។

កញ្ញា វ៉ាន់ នីឡា បានអះអាងថា ខ្លួនត្រូវបាត់បង់ការងារ និងអាជីពសិល្បៈរបស់ខ្លូន ខណៈដែលអតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ វិញមានតួនាទីជាមន្ត្រីរាជការ ហើយកំពុងតែបម្រើការងារយ៉ាងធម្មតាហាក់ដូចជាគ្មានអ្វីកើតឡើង។ សួរថា តើអ្នក​ប្រព្រឹត្ត​ល្មើស​ត្រូវ​នៅក្រៅ​ឃុំ​យ៉ាង​រីក​រាយ​បែប​នេះ​ឬយ៉ាងណា ? នេះគឺជាអ្វីដែលនាងបានសួរទៅកាន់មហាជនឱ្យលោកជួយគិតគូរ។ នាងក៏បានលើកឡើងដែរថា បន្ទាប់ពីប្រកាសហ្នឹងមក នាងខ្ញុំអត់បានទទួលផលអីនៅឡើយទេ រហូតដល់ថ្ងៃនេះ។ ថ្ងៃខែឆ្នាំដដែល នាងខ្ញុំចូលសាលាឧទ្ធរណ៍ ប៉ុន្តែគេលើកថ្ងៃវិញ នាងខ្ញុំអត់ដឹងខាងតុលាការលើកថ្ងៃដល់ពេលណា ថ្ងៃខែឆ្នាំណាទេ គឺនាងខ្ញុំអត់យល់តែម្ដង។

គួបញ្ជាក់ផងដែរថា កវីនិពន្ធ លោក សុខ ជំនោរ ជាបងប្រុសបង្កើត បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងតុលាការ ដោយលោកហាក់ដូចជាអស់ជំនឿនឹងការកាត់សេចក្ដីលើសំណុំរឿងមួយនេះ និងបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «មានប្រជាជនភាគច្រើនលើសលុប យល់ និងឆ្អែត និងខ្លាច ហើយគេទ្រាំស្ងៀម ទាំងចុកចាប់ក្នុងការរស់នៅជាមួយភាពអយុត្តិធម៌។ គេចាយលុយរៀនសូត្រ ដើម្បីចេះដឹង ហើយមានលុយ និងខ្សែទៀត ដើម្បីយកបានតួនាទី។ ខ្ញុំធំដឹងក្តីមក គឺឃើញអ៊ីចឹង។ ខ្ញុំនៅចាំបានថា កូនអ្នកតូចហែរហមកូនអ្នកធំ ជាឱកាសធ្វើឱ្យកូនអ្នកធំកាន់តែធំ (បទវិភាគរបស់កាសែតថ្មីថ្មី កាលពីជាង1ឆ្នាំមុន) ខ្ញុំពេញចិត្តពាក្យនេះណាស់ វាបានបំភ្លឺភ្នែកខ្ញុំ។ សង្ឃឹមថារឿងរ៉ាវនេះអាចដោះស្រាយដោយតុលាការ មិនមែនតុឡាការ»។

ដើម្បីឱ្យកាន់តែច្បាស់ពីសម្ដីនៃការទាមទាររកយុត្តិធម៌របស់តារាចម្រៀងស្រី វ៉ាន់ នីឡា សូមទស្សនាវីដេអូរៀបរាប់របស់នាងខាងក្រោមនេះ៖

Advertisement