ម៉ៃ សុគន្ធ នៅតែមិនខ្លាចញញើតចេញមុខរិះគន់លោក ខេមរៈ សិរីមន្ដ

បើទោះបីជាលោក ខេមរៈ សិរីមន្ត តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសបានគំរាមចាត់វិធានការក្ដៅចំពោះលោក ម៉ៃ សុគន្ធ ដោយថានឹងដាក់ពាក្យបណ្ដឹងពីបទញុះញង់មានជាអាទិ៍ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍បុគ្គលក៏ដោយ ក៏នៅពេលនេះកំពូលតារាទើសប្រចាំសិល្បៈខ្មែររូបនោះនៅតែមិនមានការខ្លាចញញើត និងរួញរាក្នុងការបញ្ចេញពាក្យរិះគន់ទៅលើលោក ខេមរៈ សិរីមន្ត នៅលើបណ្ដាញសង្គមហ្វេសប៊ុកដដែល។

ថ្មីៗនេះលោក ខេមរៈ សិរីមន្ត និងតារាចម្រៀងល្បីឈ្មោះនៅប្រទេសថៃលោក ទិក ឈីរ៉ូ បានបញ្ចេញបទចម្រៀងរួមគ្នា មានចំណងជើងថា «Sad Man» ដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រខ្មែរ-ថៃ។ លោក ម៉ៃ សុគន្ធ ក៏បានចេញវីដេអូ និងសាររិះគន់ជាថ្មីម្ដងទៀតទៅលើលោក សិរីមន្ត និងតារាចម្រៀងថៃម្ដងទៀតដែរថា «ឆ្ងល់? សួរតាមត្រង់ ហេតុអីអត់ព្រមឱ្យចាស្ទីនកូពី កាន់ឧបករណ៍តន្រ្តីអ៊ីចឹងហ្ន៎ ឬមួយគាត់​អត់ចេះ ឬគាត់លាក់គំនួច?។ ជ្រុលតែសហការគ្នាហើយ គួរណាស់តែឱ្យប៉ារ៉ូលដំបូង ខ្មែរច្រៀងមុន (មូលហេតុ ព្រោះគាត់ជាម្ចាស់ផ្ទះ ទោះហៅភ្ញៀវទៅពិសាបាយ ក៏ទុកកិត្តិយសចាប់ម្ហូបជូនភ្ញៀវមុនដែរ)»។

បើតាមរយៈការនិយាយរិះគន់ និងលេងទឹកមុខនៅក្នុងវីដេអូរបស់លោក ម៉ៃ សុគន្ធ គេមើលឃើញថា បុរសរូបនេះត្រូវបានមហាជនប្រើពាក្យសម្ដីអសុរោះ ជេរប្រមាថរូបលោកយ៉ាងខ្លាំងៗ ក្នុងការដែលលោកចេះដឹងរឿងគេច្រើនជ្រុលបែបនេះ ហើយមានអ្នកគាំទ្រលោក ខេមរៈ សិរីមន្ត ជាច្រើនទៀតបានបញ្ចេញមតិថា ចង់ឃើញចំណាត់ការរបស់លោក ខេមរៈ សិរីមន្ត ចំពោះម៉ៃ សុគន្ធ ក្នុងពេលឆាប់ៗនេះតែម្ដង។ គួររំឭកដែរថា តារាចម្រៀងប្រុសហង្សមាសខាងលើ បានរៀបចំពាក្យបណ្ដឹង និងប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើស និងភ័ស្តុតាងមានគ្រប់គ្រាន់អស់ហើយ បទចោទ បទញុះញង់មាន​ជា​អាទិ៍ បទធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់ហ្នឹងឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»៕

Advertisement