ចាន់ សម័យ បន្ថែមអាជីពថ្មីមួយទៀត បន្ទាប់ពីវិលចូលសិល្បៈវិញ

មួយរយៈចុងក្រោយនៃការព្យាយាមបិទបាំងជីវិតឯកជន និងរស់នៅក្នុងស្ថានភាពលំបាកអស់រយៈពេលជាង 10ឆ្នាំមក នៅពេលនេះតារាចម្រៀងប្រុស ចាន់ សម័យ ត្រូវបានសិល្បករ-សិល្បការិនីព្យាយាមស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺរបស់លោក និងទទូចឱ្យលោកវិលមកចូលសិល្បៈវិញ ដោយមានការជ្រោមជ្រែងពីសំណាក់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងមានការគាំទ្រពីមហាជនផងដែរ។

ដូចប្រិយមិត្តទាំងអស់ដឹងហើយថា ម្ចាស់បទចម្រៀង «មិនស្រឡាញ់អូនមិនបាន» គឺលោក ចាន់ សម័យ ជាតារាចម្រៀង ដ៏ល្បីល្បាញបំផុតក្នុងអំឡុងឆ្នាំ2000 ហើយបទចម្រៀងដែលធ្វើឱ្យលោកល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យ និងគ្រប់បណ្ដាវ័យមិនថា ចាស់ឬក្មេង និងដែលបទចម្រៀងទាំងនោះនៅតែស្ថិតក្នុងបេះដូងទស្សនិកជនរហូតមកដល់បច្ចុប្បន្ននេះ មានដូចជា បទ (មិនស្រឡាញ់អូនមិនបាន) (មិនអាចគ្មានអូន) (ស្នេហ៍ក្រោមពន្លឺកាំជ្រួច) និងបទចម្រៀងជាច្រើនទៀត ដែលទាំង 3បទនេះ ស្ថិតនៅក្នុងផលិតកម្ម ព្រះវិហារ ដែលបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តភាគដ៏ល្បីល្បាញ របស់ចិនតៃវ៉ាន់គឺរឿង (F4) នៅក្នុងឆ្នាំ2001 និង2002។

ដោយឡែកកាលពីពេលថ្មីៗនេះ លោក ចាន់ សម័យ ក្រៅពីមមាញឹកនឹងការងារសិល្បៈហើយ លោកបានបន្ថែមមុខរបរមួយទៀតដើម្បីបង្កើនចំណូលចិញ្ចឹមគ្រួសារ គឺរបរលក់សម្លៀកបំពាក់កីឡាសម្រាប់បំពេញតម្រូវការរបស់អ្នកដែលស្រឡាញ់ និងចូលចិត្តលេងកីឡានាៗ។ គួរបញ្ជាក់ដែរថា ក្រោយពីបានឃើញការខិតខំប្រឹងប្រែងរបស់លោក មហាជនបានលាន់មាត់សរសើរពីការតស៊ូមិនរាថយរបស់តារាចម្រៀង ចាន់ សម័យ ដើម្បីប្រពន្ធ និងជាពិសេសកូនៗទាំង 5នាក់របស់លោក៕

Advertisement