យូ ឌីស្កូ បញ្ជាក់ពីអាការ និងការចំណាយថ្លៃថ្នាំអស់មួយជិវិត

ក្រោយពេលធ្លាក់ខ្លួនធ្ងន់ធ្ងរ រហូតប្រកាសស្វែងរកជំនួយ ពីសប្បុរសជន ដើម្បីចេញទៅសង្គ្រោះជីវិត នៅក្រៅប្រទេស ដោយសារជំងឺក្រលៀន និងទឹកនោមប្រៃនោះ តារាសម្តែងលោក យូ ឌីស្កូ ទីបំផុតក៏ទទួលបានការជួយស្រោចស្រង់ជីវិត តាមរយៈការជួយឧបត្ថម្ភ ពីទស្សនិកជនទាំងក្នុង និងក្រៅក្រទេស។ ជាមួយគ្នានេះ លោក យូ ឌីស្កូ បានបង្ហើបឱ្យពីស្ថានភាពអាការនាពេលបច្ចុប្បន្ន និងការចំណាយលើសេវាព្យាបាលនៅក្នុងប្រទេសឥណ្ឌា ដែលក្នុងនោះគ្រូពេទ្យ ក៏តម្រូវឱ្យរូបលោក ត្រូវលេបថ្នាំអស់មួយជីវិតទៀតផង។

ជាក់ស្តែង ក្រោយពេលបានធូបន្តិចហើយ លោក យូ ឌីស្កូ កាលពីម្សិលមិញបានបង្ហាញមុខជាលើដំបូងក្នុងកិច្ចសំភាសន៍ជាមួយលោក ហេង ឡុង ដើម្បីប្រាប់នៅរឿងរ៉ាវនាៗទាក់ទងនឹងជីវិតរបស់លោក នៅពេលនេះ និងថ្ងៃអនាគត។ ក្នុងវីដេអូ លោក បានបញ្ជាក់ថា ពេលនេះគឺលោកមានអាការធូស្រាលហើយ ក្រោយការវះកាត់ប្តូក្រលៀនបានជោគជ័យ 100ភាគរយ នៅប្រទេសឥណ្ឌា។ យ៉ាងណាពេលនេះ ត្រូវសម្រាកនៅផ្ទះឱ្យបានច្រើន ទៅណាមកណាត្រូវពាក់ម៉ាស់ជាប់ ដើម្បីការពារការឆ្លងជំងឺពីអ្នកមនុស្សដទៃ និងតមអាហារ ហើយត្រូវលេបថ្នាំរហូតអស់រយៈមួយជីវិត។ ចំពោះថ្នាំសង្កូវត្រូវចំណាយយ៉ាងតិច 300 ដុល្លាក្នុងមួយខែ ហើយខណៈនេះគឺលោកអាចនឹងច្រៀងបាន ប៉ុន្តែមិនអាចដកម៉ាសបានឡើយ។

គួរបញ្ជាក់ដែរថា បើតាមការលើកឡើងរបស់សាមីខ្លួន លោកយូ ឌីស្កូ បានឱ្យដឹងថា ក្រោយពេលដែលទទួលបានការវះកាត់ ដោយជោគជ័យ ជីវិតរបស់លោកពេលនេះប្រៀបបាន នឹងមនុស្សដែលមានជីវិតពីរ ឬអាចនិយាយបានថា ជាការប្រទានជីវិតថ្មីអ៊ីចឹងដែរ។ លោក យូ ឌីស្កូ បានបញ្ជាក់ថា ចំពោះការចំណាយលើការព្យាបាល និងវះកាត់ប្តូរក្រលៀន នៅប្រទេសឥណ្ឌានេះ គឺត្រូវចំណាយថវិកាអស់រហូត5ម៉ឺនដុល្លារ ដែលថវិកាទាំងនេះ ជាលុយដែលបានមកពីការបរិច្ចាគ របស់សប្បុរសជននានា៕

Advertisement