អស្ចារ្យ!! សោភា ទេពី បញ្ចេញសមត្ថភាពថ្មីធ្វើឱ្យមហាជនចំហមាត់គ្រប់គ្នា

ថ្មីៗនេះគេសម្គាល់ឃើញ អតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី3 កញ្ញា សោភា ទេពី ហាក់បីដូចជាបោះជំហាននៅក្នុងវិថីសិល្បៈកាន់តែវែងឆ្ងាយទៅហើយ ពោលគឺនាងកំពុងតែមានសម្ទុះទីផ្សារសិល្បៈខ្លាំងជាងតារារួមជំនាន់ និងអតីតមិត្តរួមការប្រឡងក្នុងកម្មវិធីកំពូលនោះជាមួយគ្នា។ តារាស្រីរូបនេះបានព្យាយាមរិះរកអ្វីដែលថ្មីប្លែកសម្រាប់ចាប់យកអារម្មណ៍មហាជនឱ្យកាន់តែស្គាល់រូបនាងខ្លាំងឡើងៗ ទាំងការតុបតែងខ្លួន និងប្ដូរស្តាយល៍ច្រៀងបែបយុវវ័យ ជាពិសេស គឺស្តាយល៍រ៉េប ដែលនាងមិនធ្លាប់បានបង្ហាញពីមុនមក។

ភាពភ្ញាក់ផ្អើលដែលអ្នកគាំទ្រកំពុងបានឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបនោះ គឺបទចម្រៀង «I Know Who I Am» ដែលជាស្តាយល៍រ៉េបដ៏ថ្មីសន្លាងរបស់នាង ដែលធ្វើឱ្យមហាជនមិននឹកសរសើរពីស្តាយល៍បញ្ចេញតុងសំឡេងច្រៀងជាភាសាអង់គ្លេស ចំពោះទឹកដមសំឡេង និងបច្ចេកទេសរ៉េបរបស់នាងក្នុងបទចម្រៀងទាំងមូលមិនបាន។ តាមរយៈបទចម្រៀងប្លែកត្រចៀកមួយនេះ សោភា ទេពី ទទួលបានការចាប់អារម្មណ៍មិនធម្មតាឡើយ ដោយសារតែមានអ្នកចូលទៅស្ដាប់បទចម្រៀងរបស់នាង និងចែកចាយបន្តក្រោយការបង្ហោះភ្លាមៗ។

សោភា ទេពី រំពឹងទុកយ៉ាងខ្លាំងថា បទរ៉េប «I Know Who I Am» នេះនឹងជួយឱ្យនាងកាន់តែឈានឡើងក្នុងវិស័យសិល្បៈចម្រៀង ខណៈដែលនាងបានត្រៀមបញ្ចេញក្បាច់រាំប្លែកៗជាមួយក្រុមរាំ នៅពេលឡើងឆាកដោយផ្ទាល់ទៀតផង។ នាងបានបង្ហើបថា បើនិយាយពីផលិតកម្មចង់បាននាងឱ្យស៊ីញ៉េកុងត្រាជាមួយនោះមានច្រើនណាស់ ប៉ុន្តែមកពីនាងមិនចង់ហក់ចូលក្នុងផលិតកម្មណាដែលនាងយល់ថាពិបាកជួយឱ្យនាងល្បីល្បាញ និងពិបាករំពឹងពីទីផ្សារ ទើបនាងសម្រេចចិត្តនៅជាតារាឯករាជ្យសិន ហើយផលិតបទចម្រៀងល្អៗដោយខ្លួនឯងវិញ ដើម្បីចៀសពីការស៊ីញ៉េកុងត្រារួចហើយ ស្រាប់តែកប់ឈ្មោះបាត់ឈឹង៕

Advertisement