កក្រើករោងភាពយន្ត ពេល ឱក​ សុគន្ធកញ្ញា ប៉ះកូនប្រុសទាំង2 របស់លោក ព្រាប សុវត្ថិ

កាលពីរាត្រីថ្ងៃម្សិលមិញ អ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកមកកាន់រោងភាពយន្ដ Major Cineplex by Smart នៅទីតាំងសែនសុខ ដើម្បីរង់ចាំទស្សនាការសម្ដែងដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក ពីសំណាក់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក​ សុគន្ធកញ្ញា ដែលត្រូវមកប៉ះគ្នាជាលើកដំបូងលើឆាកតន្ត្រីក្នុងរោងភាពយន្តជាមួយកូនប្រុសទាំង2 របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីវណ្ណ និង សុវត្ថិ សិរីវុឌ្ឍ  ដែលបង្កឱ្យអ្នកគាំទ្រពុះកញ្ជ្រោល ញាប់ញ័របេះដូង ស្រែកហ៊ោកញ្ច្រៀវស្ទើរតែបែករោងកុនទាំងមូល។

ឱក​ សុគន្ធកញ្ញា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នាងជាអ្នកគាំទ្រម្នាក់របស់រោងភាពយន្តដ៏ធំ និងទំនើបមួយនេះ តែអ្វីដែលកាន់តែរំភើបទៅទៀតនោះគឺ បុគ្គលិកក្នុងរោងកុនទាំងមូលបានប្រាប់នាងថា «ខ្ញុំក៏ជាហ្វ៊ែនរបស់បងកញ្ញាដែរ!» ដូច្នេះទើបគ្រប់គ្នាពុំបានចាត់ទុកនាងជាអតិថិជននោះទេ តែបែរជាយកចិត្តទុកដាក់ និងស្នើសុំឱ្យធ្វើជាភ្ញៀវពិសេសវិញ ពោលគឺ ជាអាយដលក្នុងដួងចិត្តរបស់ពួកគេ។ ឱក​ សុគន្ធកញ្ញា បានប្រាប់ទៀតថា នាងចូលចិត្តមើលកុនណាស់ រាល់ពេលដែលមានកុនចេញមកថ្មី និងចាក់បញ្ចាំង នាងមិនដែលរំលងឡើយ សូម្បីតែរឿងតុក្កតាក៏ដោយ។ 

កាន់តែពិសេសជាងនេះទៅទៀតនោះ តារាស្រីរូបនេះបានតុបតែងខ្លួនយ៉ាងប្លែកភ្នែក ដោយការបង្ហាញដើមទ្រូងដ៏មូលក្លំ ដែលធ្វើឱ្យមហាជនមើលនាងមិនដាក់ភ្នែកសោះ។ នៅក្នុងថ្ងៃសម្ពោធរោងកុនថ្មីសន្លាង និងមានផាសុកភាពមួយនេះ កំពូលតារាចម្រៀងស្រី ឱក​ សុគន្ធកញ្ញា និង លោក សុវត្ថិ មុន្នីវណ្ណ ព្រមទាំង សុវត្ថិ សិរីវុឌ្ឍ បានចូលរួមថតរូបជាមួយអ្នកគាំទ្រទាំងអស់ និងបង្កភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រយ៉ាងកក់ក្ដៅបំផុត រហូតដល់ម្នាក់ៗមិនចង់ត្រឡប់ទៅផ្ទះវិញឡើយ។ ចង់ដឹងថា តារាចម្រៀងទាំង3 មកពីទ្រនំរស្មីហង្សមាសបានបង្ហាញភាពអស្ចារ្យបែបណា សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ ៖

Advertisement