ប្រវត្តិសង្ខេប លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) កើតនៅថ្ងៃទី13 ខែមីនា ឆ្នាំ1947 – (9 ខែកញ្ញា 2018) ជាជនជាតិ ស្វីស ។ គាត់ជាពេទ្យកុមារ, ជាអ្នកលេងសេឡូ, ជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅព្រះរាជាណាចក្រកម្ពុជា និងជានាយក នៃមន្ទីរពេទ្យ គន្ធបុប្ផា ផងដែរ ។

បន្ទាប់ពីទទួលបាន បរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ1973 លោកវិជ្ជបណ្ឌិត ប៊ីត រិចន័រ ធ្វើជាអ្នកឯកទេស ថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារ នៅស៊ូរិច ។ បន្ទាប់មក លោក រិចន័រ បានធ្វើការអោយ កាកបាទក្រហមស្វីស និងត្រូវបានបញ្ជូន មកប្រទេសកម្ពុជា ជាទីដែលលោកបាន ធ្វើការនៅមន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុងភ្នំពេញ ចន្លោះឆ្នាំ1974 និងឆ្នាំ1975 ។

មន្ទីរពេទ្យ គន្ធបុប្ផានេះ ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការចងចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះនាម នរោត្តម គន្ធបុប្ផា ដែលបានសោយទិវង្គត ក្នុងព្រះជន្ម នៅក្មេងវស្សានៅឡើយ (1948-1952) ។

នៅពេលខ្មែរក្រហម បានចូលកាន់កាប់ ប្រទេសកម្ពុជា លោក ប៊ីត រិចន័រ ត្រូវបានបង្ខំអោយ ចាកចេញទៅ ប្រទេសស្វីសវិញ ជាទីដែល លោកបានបន្ត ការងាររបស់លោក នៅទីក្រុងហ៉្សូរ៉ិច ។ ក្នុងដំណើរការ ស្វែងរកអាជីព វេជ្ជសាស្ត្ររបស់គាត់ និងចំណាប់អារម្មណ៍ ខាងតន្ត្រី និងការកម្សាន្ត វេជ្ជ. ប៊ីត រិចន័រ បានអភិវឌ្ឍ ចរិតលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡូ ។ ស្របគ្នាជាមួយ មុខនាទីនេះ លោក ប៊ីត រិចន័រ ក៏បានបោះពុម្ព សៀវភៅកុមារជាច្រើន ដែលផ្អែកលើ “Beatocello” ។

នៅខែធ្នូ ឆ្នាំ1991 ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជា និងបានឃើញ ការបំផ្លិចបំផ្លាញ ដែលបានកើតឡើង ជាបន្តបន្ទាប់ ពីការប៉ះទង្គិចគ្នា ដែលជាលទ្ធផល ជម្លោះរវាងខ្មែរក្រហម និងវៀតណាម ។ លោកត្រូវ បានសុំអោយបើក និងសាងសង់ មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ ដោយ រដ្ឋាភិបាលកម្ពុជា ។ ការបង្កើតមូលនិធិ គន្ធបុប្ផា នៅខែមីនា 1992 លោក ប៊ីត រិចន័រ បានត្រឡប់ មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការ សាងសង់មន្ទីរពេទ្យ គន្ធបុប្ផា ដែលត្រូវបានបើកទ្វារ នៅខែវិច្ឆិកា 1992 ។

មន្ទីរពេទ្យ គន្ធបុប្ផា មានសាខាចំនួន ៥ ដែលបានបង្កើតឡើង ដោយ លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលមន្ទីរពេទ្យនេះ ព្យាបាលអ្នកជម្ងឺ ដោយពុំមានការ គិតកម្រៃឡើយ ។ សាខាគន្ធបុប្ផាទី1 និងទី2 ស្ថិតនៅក្នុង រាជធានីភ្នំពេញ និងទី3 ស្ថិតនៅមន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី7 ខេត្តសៀមរាប ។ សាខាគន្ធបុប្ផាទី4 ត្រូវបានបើក ដំណើរការនៅខែធ្នូ ឆ្នាំ2005 នៅភ្នំពេញ ហើយបានរួម បញ្ចូលគ្នាជាមួយ មន្ទីរពេទ្យគន្ធបុប្ផាទី 5 ដែលត្រូវបាន ស្ថាបនា រូចរាល់ និងបើកឱ្យដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ2007 ។

រហូតមកដល់ឆ្នាំ 2015នេះ មន្ទីរពេទ្យ គន្ធបុប្ផា បានជួយព្យាបាល កូនចៅ ប្រជារាស្ត្រខ្មែរ ជាពិសេសអ្នកក្រីក្រ ដោយមិនគិតថ្លៃ បានប្រមាណជា ខ្ទង់លាន នាក់ហើយ… ហើយជនរួមជាតិខ្មែរ តែងតែបានផ្ដល់ការ គោរពស្រលាញ់ យ៉ាងជ្រាលជ្រៅបំផុត និងចាត់ទុកលោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ជាឪពុកធម៌ដ៍ល្អ របស់កូនចៅ ប្រជារាស្ត្រខ្មែរក្រីក្រ នៅទូទាំងប្រទេស ទៀតផង ៕

Advertisement