អ្នកនាង សុគន្ធ នីសា បង្ហាញអារម្មណ៍សង្វេគចំពោះកម្មករចុះកាយសំរាមក្នុងលូទឹកស្អុយ

September 12, 2018​ ម៉ោង 9:43 am

ថ្មីៗនេះ តារាចម្រៀងស្រីស្រគត់ស្រគំប្រចាំទ្រនំរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានបង្ហាញអារម្មណ៍សង្វេគរបស់ក្រុមកម្មករ ចុះកាយសំរាមក្នុងលូទឹកស្អុយ ដែលមានការកកស្ទះ ដោយមហាជនជាច្រើនខ្ទើមរអើម និងមិនឱ្យតម្លៃការងារនោះ។ អ្នកនាងបានសរសេរយ៉ាងអន្លាយប្រកបដោយអត្ថន័យជ្រាលជ្រៅនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានទស្សនាវីដេអូបទយការណ៍ពី ក្រុមកម្មករស្អាតលួទឹកស្អុយ ហើយជាមួយគ្នានេះមានទស្សនិកជនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងបញ្ចេញមតិបំផុសដូចគ្នា នឹង សុគន្ធ នីសា ផងដែរ។

អ្នកនាង សុគន្ធ នីសា បានរៀបរាប់ថា «មើលវីដេអូនេះហើយមានអារម្មណ៍ថា អាណិតពួកគាត់ ជីវិតពួកគាត់ពិតជាអស្ចារ្យណាស់ ការងារដែលគ្រប់គ្នាខ្ពើមរអើម តែពួកគាត់ធ្វើជិត៣០ឆ្នាំហើយ។ តាមពិតទៅយើងគ្រាន់តែកាន់សំរាមមួយកញ្ចប់ ឬថង់មួយទៅដាក់ក្នុងធុងសំរាមក៏មិនជារឿងពិបាកដែរ»។

តារាស្រីរម្យទំរូបនេះ បានបន្តថា «ពួកយើងទាំងអស់គ្នា មានការងារធ្វើ និងរស់នៅក្នុងបរិស្ថានដ៏ល្អណាស់ យើងក៏អាចចាប់ផ្តើមពីខ្លួនយើង ជួយថែរក្សាឬសម្អាតបរិស្ថានជុំវិញខ្លួន ក៏ដូចជាជួយពួកគាត់ដែរ ព្រោះការងារពួកគាត់ គឺជាជីវិតមួយបែប ដែលយើងមិនធ្លាប់គិតដល់ ហើយជីវិតបែបនេះ នឹងមិនសូវជាពិបាកប៉ុន្មានទេ ប្រសិនបើយើងគ្រប់គ្នាចូលរួមចំណែកប្រព្រឹត្ត និងទទួលខុសត្រូវរៀងៗខ្លួនចំពោះសំរាម និងកាកសំណល់ផ្សេងៗ ឲ្យមានរបៀបត្រឹមត្រូវ»។

អ្នកចម្រៀងសំឡេងមនោសញ្ចេតនារូបនេះនិយាយថា «បើសិនអាចបែបនេះ គឺនឹងជួយសម្រាលដល់ការងារគាត់ ហើយបានបរិស្ថានស្អាតទាំងអស់គ្នា។សង្ឃឹមថា មើលរូបភាពមួយនេះហើយ យើងទាំងអស់គ្នានឹងបង្អង់គិតមុននឹងចោលសំរាមថា សំរាមវាត្រូវតែនៅកន្លែងសម្រាប់ដាក់សំរាម ប្រសិនបើយើងខ្លួនឯង មិនបានដាក់វាឲ្យត្រូវកន្លែងទេ នោះប្រាកដជាតម្រូវឲ្យអ្នកផ្សេង ទៅតាមរើសសំរាមរបស់យើង ដែលធ្លាក់ប៉ើងគ្រប់កន្លែងនោះ ដល់ក្នុងលូឲ្យយើងហើយ»។

តារាចម្រៀងមុខស្រទន់ ដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពលើទីផ្សាចម្រៀង មានរយៈពេលជាច្រើនហើយនោះ អ្នកនាង សុគន្ធ នីសា បញ្ជាក់បន្ថែមថា «សន្យាចូលរួមទាំងអស់គ្នាណា នាងខ្ញុំក៏សន្យាដែរថា នឹងថែរក្សាសណ្តាប់ធ្នាប់ កុំចោលសំរាមផ្តេសផ្តាស ដើម្បីមនុស្សគ្រប់គ្នា ក្នុងសង្គមយើង»៕