តោះស៊ែរផង!! « វង់​ភ្លេង​អារក្ស » ភ្លេងបុរាណខ្មែរដែលកំពុងជិតកប់បាត់ហើយ

« វង់​ភ្លេង​អារក្ស » ប្រជាជនខ្មែរ ប្រើសម្រាប់​បម្រើ​ឱ្យជំនឿ​ខាង​លទ្ធិ​ព្រលឹង ( ពិធី​លៀង​អារក្ស ឬ ពិធី​បញ្ជាន់​អារក្ស ) ត្រូវ​បាន​គេ​ប្រគំ​ឡើង​ តាម​បែប​ប្រពៃណី​ដើម្បី​អម​ជា​មួយ​ការ​បញ្ចូល ឬ បញ្ជាន់​អារក្ស ។ ដើម​កំណើត​របស់​ភ្លេង​អារក្ស មាន​កំ​ណើត​ប្រហែល​តាំង​ពី​បុរេ​ប្រវត្តិ​មក​ម្លេះ ដែល​ចាប់​ប្រភព​ចេញ​ពី​តំបន់​ទំ​​នាប​លេច​ទឹក​ខាង​ជើង​ទន្លេ​សាប ។ បច្ចុបន្បន្ននេះ វង់ភ្លេងប្រភេទនេះ កម្រឃើញមានអ្នកស្រុកអ្នកភូមិប្រគំទៀតណាស់ ដែលជាហេតុបណ្ដាលឱ្យភ្លេងបញ្ជាន់អារក្ស ស្ទើតែនឹងបាត់បង់ផងដែរ។

វង់​ភ្លេង​អារក្សមានឧបករណ៍ ខ្សែឌៀវ ប៉ីអរ ទ្រខ្មែរ ស្គរដៃ ចាប៉ីដងវែង ឈិង ទ្រអ៊ូ និង ប៉ីពក( សម្រាប់លេងបទជ្រង ដើម្បីអន្ទងព្រលឹង )។ នៅ​ពេល​ដែល​មាន​មនុស្ស​ឈឺ ឬ បញ្ហា​អាក្រក់​អ្វី​មួយ គេ​មាន​ជំនឿ​ថា​ កើត​ឡើង​ដោយ​សារ​ឧប​ទ្រុព​ចង្រៃ ដូច្នេះ​គេរៀប​ចំ​ពិធី បញ្ជាន់​អារក្ស​នេះ​ឡើង ដើម្បី​បណ្ដេញ​ឧប​ទ្រុព​ចង្រៃ នាំមក​នូវ​ភាព​សុខ​ក្សេម​ក្សាន្ត​ដល់​សហគមន៍ ។ ចង្វាក់​ភ្លេង ឬ សាច់​បទ​ភ្លេង​មាន​លក្ខណៈ ទៅ​តាម​ភាព​ឧបទ្រុព​ចង្រៃ​នោះ ។ ដូច្នេះ​គេ​ត្រូវ​លេង​រន្ថើន​ខ្លាំង ឬ កំសត់​ទៅ​តាម​ពេល​វេលា ដោយ​ប្រើ​ភាព ចាស់​បុរាណ ហើយ​បង្កើត​ជា​ចង្វាក់​ភ្លេង លឿន​យឺត តឹង​ទៅ​តាម​បរិយា​កាស ។ ភ្លេង​អារក្ស​ត្រូវ​ការ​អ្នក​ច្រៀង​ជា​ចាំ​បាច់ ដើម្បី​អន្ទង​ប្រលឹង​ដោយ​អម​ជា​មួយ​នឹង​ឧបករណ៍​ប៉ី​ពក ។

ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសបានបង្ហោះក្រុមព្រឹទ្ធាចារ្យមួយក្រុមបានសម្ដែង « វង់​ភ្លេង​អារក្ស » បែបបុរាណនេះ។ ដើម្បីចូលរួមថែរក្សាតម្លៃសិល្បៈវង់ភ្លេងបុរាណខ្មែរ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និងធ្វើការសែ៊ររំលែកបន្ដយ៉ាងភ្លូកទឹកភ្លូក។ ចង់ដឹងថា ភ្លេងបញ្ជាន់​អារក្សមានសំលេងរន្ថើន និងរំណ្ដំយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Advertisement