ភ្ញាក់ផ្អើល !! ក្រុមចម្រៀង BTS ធ្វើឱ្យកក្រើកឆាកកម្មវិធី America’s Got Talent

តាមរយៈសារព័ត៌មាន Koreaboo នៅពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមចម្រៀងបុរសសង្ហារបស់កូរ៉េដែលកំពុងតែកាន់កាប់តំណែងជាក្រុមចម្រៀងកូរ៉េដែលមានប្រជាប្រិយភាពបំផុតនៅទឹកដីសហរដ្ឋអាមេរិក និងពិភពលោកមួយហើយ ក្រុមនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រកម្មវិធី America’s Got Talent មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីពួកគេបានបង្ហាញវត្តមាននៅលើឆាកកម្មវិធីប្រកួតប្រជែងសមត្ថភាពដ៏ល្បីមួយរបស់អាមេរិក ជាមួយនឹងការច្រៀងផង រាំផង ឡើងផ្អើលឆាកតែម្ដង ។

វត្តមានរបស់ពួកគេបានធ្វើឱ្យប្រិយមិត្តដែលបានទៅទស្សនាកម្មវិធី AGT ជាពិសេសប្រិយមិត្តនារីៗដែលជាអ្នកគាំទ្រ BTS មានក្ដីរំភើបជាខ្លាំង រហូតដល់មានអ្នកខ្លះរំភើបស្ទើរតែស្រក់ទឹកភ្នែកទៀតផង ។សម្រាប់ការសម្ដែងនៅពេលនោះ BTS បានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា «Idol» ដែលជាបទល្បីមួយរបស់ពួកគេ ហើយការសម្ដែងពេលនោះពិតជាអស្ចារ្យខ្លាំងណាស់ ពួកគេរាំផង ច្រៀងផង ធ្វើឱ្យឆាកកម្មវិធីទាំងមូលកក្រើក ស្រែកហូរកញ្ជ្រៀវយ៉ាងខ្លាំង ក្នុងនោះការចូលរួមរាំពីសំណាក់ក្រុមរាំចម្រុះជាតិសាស្ត្រដ៏ច្រើន នៅពីក្រោយខ្នងពួកគេ ហើយបានធ្វើឱ្យការសម្ដែងនោះក្លាយជាការសម្ដែងដ៏អស្ចារ្យមួយដែលគ្រប់គ្នាកម្របានឃើញ ។

គួរបញ្ជាក់ផងដែរថា Judges មួយរូបនៃកម្មវិធី America’s Got Talent គឺអ្នកនាង Heidi Klum ក៏រំភើបជាមួយនឹងវត្តមានរបស់ BTS នេះដែរ ដោយនាងបានបង្ហោះនូវវីដេអូមួយនៅលើគណនី Twitter ដែលអ្នកនាងបានថតជាមួយនឹង BTS មុនកម្មវិធី America’s Got Talent ចាប់ផ្ដើម ៕

Advertisement