ម៉ានិត គ្រោងបញ្ចេញអាល់ប៊ុមចម្រៀងទោលទី2 ឈ្មោះ «សមុទ្រ»

បន្ទាប់ពីបានប្រកាសចេញពីផលិតកម្មរស្មីហង្សមាស តារាចម្រៀងប្រុស ម៉ុង ម៉ានិត បានស្ងប់ស្ងាត់ក្នុងការចេញបទចម្រៀងអស់មួយរយៈ និងបានងាកមកបង្កើតស្នាដៃនិពន្ធសៀវភៅប្រលោមលោក ដែលកំពុងតែទទួលបានជោគជ័យខ្លាំង ដូចជាសៀវភៅរឿង «បេសកម្មមួយ» «ផ្ទះកណ្តាលបឹង » និង« ស្ដេចម៉ែស្ដេចកូន» ជាដើម ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ។

ប្រមាណជាង 3ខែមកនេះ អ្នកគាំទ្រជាច្រើនខានបានស្ដាប់បទចម្រៀងថ្មីៗរបស់លោក តែការគាំទ្របទចម្រៀងចាស់​ៗរបស់ម្ចាស់បទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» នៅតែមានសម្ទុះខ្លាំងនៅលើបណ្ដាញសង្គមយូធូបដដែល។ កាន់តែពិសេសជាងនេះទៅទៀត លោក ម៉ានិត បានពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួនជាថ្មីម្ដងទៀត ដោយការចេញអាល់ប៊ុមចម្រៀងទោលថ្មីមួយ មានឈ្មោះថា «សមុទ្រ​» ដែលបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅតាមរយៈរូបភាពនៅលើCover’s Album ។​

តារាចម្រៀងវ័យ 28​ឆ្នាំរូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា «វ៉ាវ!!! រំភើបអ្វីម៉្លេះទេ? យើងខ្ញុំសូមប្រកាសជាផ្លូវការនូវការត្រឡប់មកវិញរបស់លោក ម៉ានិត ជាមួយនឹងអាល់ប៊ុមទោលទីពីរ មានឈ្មោះថា “សមុទ្រ” បន្ទាប់ពីសម្រាកអស់រយ:ពេលបីឆ្នាំ។ តើ “សមុទ្រ” ចង់សំដៅទៅលើអ្វី? តើអ្នកនឹងឮអ្វីពិសេសនៅក្នុងអាល់ប៊ុមចម្រៀងមួយនេះ? សូមត្រៀមខ្លួនក្នុងការកក់ CD Original ប្រភេទដ៏ពិសេសគឺ Premium Edition។ លោកអ្នកមិនត្រឹមតែទទួលបាន CD original របស់លោកម៉ានិតនោះទេ ថែមទាំងទទួលបានសម្ភារពិសេសៗថែមជូនដូចជា Poster មានហត្ថលេខា កងដៃ សៀវភៅសមុទ្រ និងLyric ព្រមជាមួយនឹងសំបុត្រចូលទស្សនាការប្រគំតន្ត្រីសម្ពោធអាល់ប៊ុម “សមុទ្រ” ដោយឥតគិតថ្លៃ នាពេលឆាប់ៗខាងមុខនេះទៀតផង។ ត្រៀមៗណាកនយើង ម៉ានិតលេងមែនទែនហើយលើកនេះ…កុំភ្លេចប្រាប់ដំណឹងនេះឱ្យមិត្តអ្នកបានដឹងផង។ #ចាក់ដោត #dramaking »។

គួររំឭកផងដែរថា តារាប្រុសរូបនេះបានចាកចេញពីផលិតកម្មរស្មីហង្សមាសនៅអំឡុងខែឧសភា ឆ្នាំ2018 នេះ ហើយក៏បានក្លាយជាតារាចម្រៀងឯករាជ្យ និងនិពន្ធបទថ្មីៗជាស្នាដៃរបស់ខ្លួនផ្ទាល់តែម្ដង៕

Advertisement