រឿង «ធ្មប់» ទទួលជោគជ័យ និងកំពុងដាក់បញ្ចាំងនៅលើទឹកដីសហរដ្ឋអាមេរិកហើយ!

ថ្មីៗនេះ បងប្អូនខ្មែរដែលរស់នៅទីក្រុង ឡុងប៊ិច សហរដ្ឋអាមេរិក បានរៀបចំកម្មវិធីមហោស្រពភាពយន្ដកម្ពុជា ឬ Cambodia Town Film Festival 2018 ដែលមានការចាក់បញ្ចាំងជូនទស្សនានូវភាពយន្ដខ្មែរល្បីៗជាច្រើនរឿងព្រមគ្នា ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាសម្ដែងស្រី Angelina Jolie បវរកញ្ញាចក្រវាល កញ្ញា យស់ ប៉ូលីណា និងតារាសម្ដែងពីប្រទេសកម្ពុជា អ្នកស្រី សរ កេសារា កញ្ញា ហ៊ិន ចាន់និរ័ត្ន លោក ហ៊ុយ យ៉ាឡេង ជាដើម។

នៅកម្មវិធីមហោស្រពនោះ ក៏មានចាក់បញ្ចាំងរឿង «ធ្មប់» ជារឿងដែលទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក និងឥឡូវនេះបានទៅបង្ហាញជូនទស្សនានៅលើទឹកដីសហរដ្ឋអាមេរិកហើយ។ តាមការបញ្ជាក់របស់លោក ហ៊ុយ យ៉ាឡេង ផលិតករ និងជាអ្នកដឹកនាំរឿង​ «ធ្មប់» បានប្រាប់ឱ្យដឹងថា «កម្មវិធីមហោស្រពភាពយន្តCambodia Town Film Festival បានបញ្ចប់ទៅដោយក្ដីមោទនភាពជាតិខ្មែរ នាទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ភាពយន្តបុរាណខ្មែររឿង «ធ្មប់» បានទទួលពានរង្វាន់ OfficialSelection និងទទួលបានប័ណ្ណសរសើរពីចៅហ្វាយក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ទៀតផង។

ម្ចាស់ផលិតកម្ម មាតុចក្រ រូបនេះ បានបន្ដថា «ហើយមិនតែប៉ុណ្ណោះ កម្មវិធីឆ្នាំនេះក៏បានទទួលការផ្តល់កិត្តិយស បើកកម្មវិធីពីតារាហូលីវូដ គឺអ្នកស្រី អេនជើលីណា ចូលី ផងដែរ។ កម្មវិធីរយៈពេល 4ថ្ងៃនេះ បានបញ្ចប់ដោយក្តីរីករាយពីបណ្តាភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមយ៉ាងច្រើនកុះករ ពិសេសកូនខ្មែរដែលកើតនៅអាមេរិកមានក្ដីរំភើបចិត្ត និងរីករាយឥតឧបមាដែលបានទស្សនាខ្សែភាពយន្តខ្មែរ និងសូមអរគុណអ៊ុំ ពូ មីងជាអាណិកជនខ្មែរនៅអាមេរិកដែលបានផ្តល់ភាពកក់ក្តៅ ទទួលស្វាគមន៍គាំទ្រពួកយើងខ្ញុំបាទដោយក្តីរីករាយគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះយើងខ្ញុំបាទ ពិតជារីករាយដែលបានឃើញកូនខ្មែរនៅអាមេរិកបានបម្រើការងារខាងផ្នែកភាពយន្តនៅហូលីវូដ និងខ្លះកំពុងទទួលបានពានរង្វាន់ពិភពលោកទៀតផង ពិតជាគួរឱ្យរំភើបមែន ហើយយើងខ្ញុំបាទនឹងសុំរៀនសូត្រតាមដើម្បីយកទៅអភិវឌ្ឈន៍វិស័យនេះនៅស្រុកខ្មែរយើងផងដែរ»។

ជាចុងក្រោយ លោក ហ៊ុយ យ៉ាឡេង បានសម្ដែងការអរគុណចំពោះអ្នករៀបចំកម្មវិធីនេះថា «ចុងបញ្ចប់នេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់បង ប្រាជ្ញ លី និងបង កាលី សូ ដែលជាកូនខ្មែរ ជាអ្នកដឹកនាំកម្មវិធីមហោស្រព និងក្រុមការងារដែលសុទ្ធតែជាកូនខ្មែរដែលបានរួមគ្នាបង្កើតកម្មវិធីនេះឡើង និងសូមអរគុណដល់អ្នកមីងកេសារា ដែលជាតារាភាពយន្តជើងចាស់ខ្មែរនៅអាមេរិកដែលស្រឡាញ់វិស័យភាពយន្តខ្មែរ និងបានជួយត្រួសត្រាយផ្លូវឱ្យខ្សែភាពយន្តរឿង «ធ្មប់» នេះបានចូលរួមក្នុងមហោស្រពភាពយន្ត និងសូមអរគុណដល់បង ណានស៊ី លី ដែលជាស្រ្តីខ្មែរម្នាក់តែងតែជួយការងារសង្គមខ្មែរ ហើយបាន​ជួយជ្រោមជ្រែងការងារមហោស្រពនេះ និងបានទទួលយើងខ្ញុំឱ្យស្នាក់នៅផ្ទះរបស់គាត់បានយ៉ាងកក់ក្តៅ និងលោកគ្រូសារី ហូចាន់ដែលបានជួយជូនយើងខ្ញុំដើរលេងកម្សាន្តនៅទីក្រុងឡុងប៊ិចផងដែរ »៕

Advertisement