ភិន សុ​ដា​លី​ស ទោះ​ជោគជ័យ​លើ​មុខ​ជំនួញ ក៏​មិន​ចោល​ការងារ​សិល្បៈ

កាលពីពេល​កន្លងទៅនេះ តារា​សម្ដែង​វ័យក្មេង​ដែល​កំពុង​រងឈ្មោះ​ជា​អ្នក​មេម៉ាយ​ចាយរាង​កូន​មួយ​ឈ្ងុយ​ដូច​ដូង​ដុត អ្នកនាង ភិន សុ​ដា​លី​សបាន​បើ​កសម្ពោធ​អាជីវកម្ម​របស់ខ្លួន​ដល់​ទៅ2កន្លែង​ក្នុងពេល​តែមួយ ដែល​បង្ហាញ​យ៉ាងច្បាស់​ថា នាង​កំពុង​ក្លាយជា​តារា​មួយរូប ដែល​ជោគជ័យ​ក្នុង​មាគ៌ា​មុខ​ជំនួញ ខណៈដែល​អាជីព​ជា​តារា​សម្ដែង​ក៏មាន​ភាព​មមាញឹក​ខ្លាំង។

ការបើក​សម្ពោធ​ហាង​ខាងលើនេះ មិនមែនជា​ហាង​ទី1 ឬ​ទី2 របស់​នាង​នោះទេ ដោយសារតែ​ពេលកន្លងមក អ្នកនាង ភិន សុ​ដា​លី​ស ក៏​ធ្លាប់​បង្ហាញឱ្យឃើញ​នូវមុខ​ជំនួញ​ជាច្រើន​ទ្រង់ទ្រាយធំៗកាលពី​ឆ្នាំ2017 បន្ទាប់ពី​អ្នកនាង​ចាប់ផ្ដើម​អាជីវកម្ម​អន​ឡាញ​លើកដំបូង​កាលពី​ឆ្នាំ2012។ នាង​បានធ្វើឱ្យ​មហាជន​ជាច្រើន​នាក់​មាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែល​ខ្លួន​ជា​តារា​សម្ដែង និង​ជា​កូនស្រី​សំណព្វ​របស់​អ្នកជំនួញ​ធំ ដែលជា​ផលិតករ​មួយរូប​ផងដែរ​នោះ ប្រែក្លាយ​ទៅជា​ម្ចាស់​អាជីវកម្ម​ផ្នែក​ផលិតផល​រោមភ្នែក និង​កញ្ចក់ភ្នែក​យ៉ាង​ពេញនិយម ដោយបាន​ចរាចរណ៍​ក្នុង​ហាង Katy Korner ដែល​អ្នកនាង​បាន​នាំចូល​ផ្ដាច់មុខ។ ជាមួយនឹង​ជោគជ័យ​នេះ ភិន សុ​ដា​លី​សក៏បាន​សម្រេចចិត្ត​បើកហាង​មួយកន្លែង​ទៀត​ដែលមាន​ឈ្មោះថា “ចង់​ស្អាត Jong Sa Art” ដែលជា​ប្រភេទ​អាជីវកម្ម​លក់ដូរ​គ្រឿង​សម្អាង។ តារា​សម្ដែង​មេម៉ាយ​កូន​មួយ​រូបនេះ​បាន​បង្ហើប​ថា គ្រឿងសម្អាង​ច្រើន​ប្រភេទ​ត្រូវបាន​នាំចូល គឺ​សុទ្ធតែ​មានការ​ចុះបញ្ជី​ការត្រឹមត្រូវ ដោយ​ផលិតផល​នាំចូល​មួយចំនួន​ក៏​មានការ​ផ្ដាច់មុខ​ផងដែរក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នាំចូល​ផលិតផល អិន អេ ព្រី​មិច (N.A Brimex) ដែល​ភាគច្រើន​ជា​ទំនិញ​មកពី​ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី ទ្វី​បអី​ុ​រ៉ុ​ប និង​ប្រទេស​ជាច្រើន​ទៀត។

ភិន សុ​ដា​លី​ស បាន​និយាយថា នាង​សម្រេចចិត្ត​បើក​សាខា​ថ្មី និង​ហាង​ថ្មី​មួយ​បន្ថែមទៀត គឺ​ដោយសារតែ​អ្នកនាង​សិក្សា​ទីផ្សារ​ច្បាស់លាស់ និង​មាន​ក្រុមការងារ​ធ្វើឱ្យ​មុខ​ជំនួញ​របស់ខ្លួន​ទទួលជោគជ័យ ដោយ​មិនមែន​ជាការ​បោះទុន​ប្រថុយប្រថាន​នោះឡើយ។ ជាមួយគ្នានេះ នាង​ក៏មាន​គម្រោង​ពង្រីក​សាខា​របស់ខ្លួន​ឱ្យបាន​គ្រប់25ខេត្ត-ក្រុង ទូទាំងប្រទេស ស្របពេល​ដែល​នាង​មាន​ទំនុកចិត្ត​ខ្ពស់​លើ​ផលិតផល​របស់ខ្លួនជាពិសេស​ផលិតផល​កញ្ចក់ភ្នែក រោមភ្នែក និងគ្រឿងសម្អាង​ដែល​ខ្លួន​នាំចូល​ផ្ដាច់មុខ​តែម្ដង។ បើទោះជា​យ៉ាងណាក៏ដោយ ភិន សុ​ដា​លី​ស ក៏បាន​បញ្ជាក់​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ផងដែរ​ថា ទោះជា​មុខ​ជំនួញ​មាន​ភាពជោគជ័យ​គួរឱ្យកត់សម្គាល់ដែល​អាច​ទទួលបាន​ចំណូល​ច្រើន​ក៏ពិតមែន ប៉ុន្តែ​នាង​បាន​តាំងចិត្ត​យ៉ាងច្បាស់​ថា នាង​នៅតែ​សន្សំ​ចិត្ត​នៅ​ជាមួយនឹង​អាជីព​សម្ដែង​ដដែល ពោលគឺ​មិន​បោះបង់​អាជីព​បង្អួត​សម្រស់​នៅមុខ​កាមេរ៉ា​ចោល​នោះឡើយ ព្រោះ​ការងារ​មួយ​នេះ​គឺជា​ចំណូលចិត្ត​របស់​នាង​តាំងពី​តូច​មកម៉្លេះរហូត​អូសទាញ​ចិត្ត​ឪពុក​របស់ខ្លួន​បង្កើត​ជា​ផលិតកម្ម​ផលិត​ខ្សែភាពយន្ត​យ៉ាង​ជោគជ័យ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ៕

Advertisement