លោក ខាំ ភូរិ សម្ដែងក្ដីបារម្ភចំពោះរឿងភាគទូរទស្សន៍ខ្មែរ អាចឈានទៅរកការដួលរលំម្តងទៀត

ខណៈបច្ចុប្បន្នវិស័យខ្សែភាពយន្តខ្មែរ កំពុងតែមានការអភិវឌ្ឍបន្តិចម្តងៗក្តី តែបើក្រឡេកទៅមើលពីបណ្តាអ្នកទស្សនាវិញ ហាក់បីដូចជាមិនសូវជួយជ្រោមជ្រែង និងគាំទ្រស្នាដៃភាពយន្តខ្មែរនោះទេ។

ស្របគ្នានេះដែរ គេសង្កេតឃើញថា បងប្អូនខ្មែរភាគច្រើននិយមតែតាមដានរឿងភាគថៃ ដល់ថ្នាក់តាមបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកស្ទើរគ្រប់ប៉ុស្តិ៍ចាក់តែរឿងថៃទៅហើយ។ នៅក្នុងនោះ លោក ខាំ ភូរិ ដែលជាផលិតករភាពយន្តមួយរូប បានសម្ដែងក្ដីព្រួយបារម្ភ និងបង្ហាញពីឆន្ទៈផលិតខ្សែភាពយន្ដដែលផ្តោតលើគុណភាព ទោះជាមានការគាំទ្រតិចតួចក៏ដោយនោះ បានអះអាងថា «មិនឈប់ទេ ទោះក្នុងរោងភាពយន្តមានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍បើកចោលគ្មានអ្នកអង្គុយពីមុខក៏ដោយ ព្រោះវិស័យនេះវាបានផ្សាយពីមុខមាត់ជាតិយើងឱ្យគេស្គាល់»។

លោក ខាំ ភូរិ បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីក្ដីបារម្ភ និងកង្វល់យ៉ាងច្រើនចំពោះរឿងភាគខ្មែរថា  «ស្ថានីយទូរទស្សន៍ស្ទើរតែទាំងអស់ចាប់ផ្តើមចាក់ផ្សាយរឿងភាគថៃឡើងវិញហើយ ឆន្ទៈមិនអាចប្រៀបសេដ្ឋកិច្ចបានទេ។​ ចុះរឿងខ្មែរអាចឈានទៅរកការដួលរលំម្តងទៀតហើយមែនទេ? នៅទេ! គ្មានកំហុសអ្នកណាទេ ព្រោះអ្នកមើលទទួលយកបែបនេះ បែបនេះមានន័យថា គាត់មិនខ្វល់រឿងអ្វីក្រៅពីការកម្សាន្តអារម្មណ៍ មានតណ្ហាលើអ្វីដែលចូលចិត្ត។ ទាំងសមត្ថភាពផលិត ធនធានមនុស្ស និងហិរញ្ញវត្ថុ យើងមិនអាចប្រៀបជាមួយគេទេ នោះមិននិយាយដល់ពីការជ្រោមជ្រែងរបស់ផ្នែករដ្ឋផង​»។

លោកបន្ដថា «បើមិនចាក់រឿងថៃ គ្មានរឿងបរទេសផ្សេងចាក់មែនទេ? មានតែមនុស្សខ្មែរភាគច្រើនចូលចិត្តមើល​។ ចុះរឿងខ្មែរ? រឿងខ្លះមានគុណភាព រឿងខ្លះគ្មានគុណភាព ផលិតករខ្លះ 6ខែផលិត 3រឿង ក្នុងពេលតែមួយ។ ហេតុអី? សេដ្ឋកិច្ច ចង់ចំណេញ។ គ្មានឆន្ទៈទេ? មានតែឆន្ទៈស៊ីអីកើត។ ចុះក្មេងៗបច្ចុប្បន្នអត់សមត្ថភាពផលិត? មាន ធ្វើល្អ ពេលខ្លះហ៊ាននិយាយថា អាចល្អជាងបរទេសទៀត បើបរិយាកាសសេដ្ឋកិច្ចផ្តល់ឱ្យគ្រប់គ្រាន់ ជាឧទាហរណ៍មានស្រាប់ហើយកាលពីកន្លងមកនោះ​។ គួរឈប់ផលិតទេ បើគ្មានអ្នកមើល? មិនឈប់ទេ ទោះក្នុងរោងភាពយន្តមានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍បើកចោលគ្មានមនុស្សអង្គុយពីមុខ ព្រោះវិស័យនេះវាបានផ្សាយពីមុខមាត់ជាតិឱ្យគេស្គាល់ យ៉ាងហោចណាស់យកផុសក្នុងបណ្តាញសង្គមក្រែងមានអ្នក Like បួនដប់នាក់ដែរ​»៕

Advertisement