ម្ចាស់បទ «ស៊ីបានចេះតែស៊ីទៅ» លោក កែវ វាសនា ជប់លៀងឡើងផ្ទះថ្មីតម្លៃជាង ១០ ម៉ឺន ដុល្លារហៅភ្ញៀវអ្នកសិល្បៈ ២០តុ

ភ្នំពេញៈ ​ក្រោយ​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​​ ទើប​គេ​ឃើញ​​តារា​​​ចម្រៀង​ប្រុស​ល្បី​បែប​យុវវ័យ​ជ្រក​ទ្រនំ​ផលិត​កម្ម​ថោន​លោក កែវ វាសនា​ អញ្ជើញ​ភ្ញៀវ​ប្រមាណ ២០​តុ​ ដែល​​ភាគ​ច្រើនគឺ​​ជាក្រុម​​អ្នក​​សិល្បៈ​ចូល​រួម​ពិធី​​ឡើង​គេហ​ដ្ឋាន​ថ្មី​ ដែល​មាន​​តម្លៃ​ជាង ​១០ ម៉ឺនដុល្លារ​​ ស្ថិត​​​នៅឯ​​​បុរី​ប៉េងហួត​​បឹង​ស្នោ ក្បែរ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​នេះ​ឯង។

ពិធី​ជប់​លៀង​ឡើង​ផ្ទះ​របស់​តារា​ចម្រៀង​ប្រុស ​មាន​អាជីព​ច្រៀង​ដំបូង​ជ្រក​នៅ​លើ​ទ្រនំ​សាន់ដេ កែវ វាសនា ដែល​បច្ចុប្បន្ន​​នៅ​ទ្រនំ​ថ្មី​ផលិតកម្ម​ថោន ​គឺ​ប្រហែល​ប៉ុន​ទៅ​នឹង​ពិធី​មង្គល​ការ​សម្រាប់​អ្នក​មា​ន​ជីវ​​ភាព​​មធ្យម​​មួយ​ទៅ​ហើយ ខណៈ​គេ​ឃើញ​វត្ត​មាន​សុទ្ធ​តែ​ជា​​ក្រុម​តារាចម្រៀង​ សម្តែង​​ប្រុស​ស្រី​ជា​ច្រើន​ពិសេស​​សម្បូរ​​ក្រុម​តារា​ចម្រៀង​មក​ពី​ផលិត​កម្ម​ថោន​តែម្តង​ ដោយ​គេ​ឃើញ​វត្ត​​​មាន​​​កញ្ញា មាស សុខសោភា លោក ករុណា ពេជ្រ លោក សុគន្ធ​ថេរ៉ាយុ លោក ម៉ៅ ហាជី តារាសម្តែង​ស្រី​​កញ្ញា នី មុនី​នាថ និង​ក្រុម​តារា​ចម្រៀង​នានា​ទៀត​​មក​ពី​ផលិត​កម្ម​សាន់​ដេ​ រួម​មាន​ដូចជា​កញ្ញា អ៊ីវ៉ា និង​លោក ខាន់ ជេមស៍​ ជាដើម​។

តែ​តារា​ចម្រៀង​ប្រុស​​​មក​ពី​ខេត្ត​កំពង់​ឆ្នាំ​ង និង​​មាន​ភរិយា ​ជា​អ្នក​ជំនួញ​ទំនង​ជា​កូន​ចៅ​កាត់​​​​ជាប់​សែ​ស្រឡាយ​​​ចិន​ហើយ​ដែល​មាន​រូប​ឆោម​ល្អ​ សាច់​​សខ្ចី​ ភ្នែក​លិប​ៗ ជា​ថៅ​កែ​ស្រី​លក់​ផលិត​ផល​​ថែ​រ​ក្សា​សម្រស់​​​មក​ពី​ខេត្ត​​បន្ទាយ​​មានជ័យ​​ ដែល​ទើប​បង្កើត​បាន​កូន​ប្រុស​មួយ​ជា​ចំណង​ស្នេហ៍​នោះ​ បាន​​ឲ្យ​​ដឹង​​ថា៖ «​មិន​ធំ​ដុំ​ទេ​បង!​ នេះ​គ្រាន់​ជា​ការ​រៀបចំ​​​តូច​តាច​​ប៉ុណ្ណោះ​ គឺ​បាន​អញ្ជើញ​ភ្ញៀវ​ជា​អ្នក​សិល្បៈ​​ភាគ​​ដើម្បី​​​​ចូល​រួម​មាន​ចំនួន​សរុប​ ២០​ តុ ហើយ​មាន​មុខ​ម្ហូប​ទទួល​ចំនួន​ ៨​ មុខ​»។​

លោក កែវ វាសនា​ ដែល​កាល​ពី​ប៉ុន្មាន​ខែ​មុននេះ​​ ត្រូវ​ព្រនង់​ពាក្យ​​​រិះ​គន់​យ៉ាង​ដំណំ​ពី​មតិ​មហា​ជន និង​បណ្តា​​​អ្នក​លេង​​​ហ្វេសប៊ុក និង​ត្រូវ​ក្រសួង​ព័ត៌មាន​ ​ចេញ​សេចក្តី​ប្រកាស​ហាម​ចាក់​ផ្សាយ​ តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍ និង​វិទ្យុ​នានា​ចំពោះ​ប​ទ​ចម្រៀងថ្មី​ពីរ ដែលមាន​ចំណងជើង​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​ មិន​សម​រម្យ​​គឺ​​​បទ «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ» និង​បទ «ទា​ល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» តែ​យ៉ាង​ណា​តារា​ចម្រៀង​រូប​នេះ​ក៏​មាន​ទី​ផ្សារ​លើ​វិថី​សិល្បៈ​មិនដាច់​ឡើយ​ទាំង​នៅ​ទ្រនំ​ផលិត​កម្ម​ថោន និង​សម្តែង​សិល្បៈ​រាយ​រង។

​យ៉ាង​ណាមហា​ជន​​នៅ​តែ​​ងឿង​​ឆ្ងល់​ថា ​​ប្រសិន​បើ​គ្រាន់​តែ​​ជា​តារា​ចម្រៀង​ប្រុស​មួយ​រូប​មិន​សូវ​ល្បី​​​ខ្លាំង​ផង​នោះ តើ​លទ្ធ​ភាព​រក​ប្រាក់​ទិញ​ផ្ទះ​​ជាង​ ១០ ម៉ឺន​ ដុល្លារ ហើយ​ប្រើ​សម្ភារៈ​ទំនើបៗ​ទៀត​បាន​តាម​វិធី​ណា​​? លោក កែវ វាសនា ធ្លាប់​ប្រាប់​ថា៖ «ដោយសារ​​ផ្ទះ​ចាស់​យើង​មានគ្នា​ច្រើន ហើយក៏​ចង់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន សម្រាប់​​ការ​រស់នៅ​ជា​ក្រុម​គ្រួសារ និង​កូនប្រុស​ដំបូង​ឈ្មោះ ហ្វីគូ ដែល​ទើបតែ​សម្រាល​បាន​ប៉ុន្មាន​ខែ​ និង​​ជា​ប្រាក់​បាន​មកពី​ការ​សន្សំ​រវាង​យើង​ទាំងពីរ​នាក់»៕​

Advertisement