មិនធម្មតា ព្រាប សុវត្ថិ ទៅច្រៀងផង ផ្សព្វផ្សាយអចលនទ្រព្យផង នៅក្នុងប្រទេសកូរ៉េ

យោងតាមការបញ្ជាក់របស់លោក ព្រាប សុវត្ថិ នៅមុនចេញដំណើរនៅយប់ថ្ងៃ22 ខែកញ្ញា នេះ លោកបានបញ្ជាក់ថា គម្រោងដែលលោកបានចេញទៅកាន់ប្រទេសកូរ៉េ គឺមិនមែនគ្រាន់តែទៅដើម្បីសម្ដែងលើឆាកឱ្យបងប្អូនខ្មែរបានសប្បាយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺលោកនឹងទៅឧទ្ទេសនាមពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលករខ្មែរនៅទីនោះ។ យ៉ាងណាមិញ លោកថាខ្លួនមិនខ្វល់រឿងបានផល ឬទាក់ទាញការចាប់អារម្មណ៍ពីពលករខ្មែរនៅទីនោះ ប៉ុន្មានភាគរយនោះទេ ដោយលោកបង្ហើបថាខ្លួនគ្រាន់តែឧទេ្ទសនាម ប៉ុន្តែបើគ្មានការចាប់អារម្មណ៍ក៏មិនថ្វី។

លោកព្រាប សុវត្ថិ និយាយថា លោកចាកចេញទៅកាន់ប្រទេសកូរ៉េ ជាលើកដំបូងនេះ មិនមែនគ្រាន់តែទៅសម្ដែងការបប្រគំតន្ត្រីនៅអំឡុងរដូវក្ដៅនៅក្នុងប្រទេសនោះ នៅក្រុងស៊េអូល និងក្រុងក្វាងជូ នៅថ្ងៃទី24 និង25 ខែកញ្ញានេះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺលោកនឹងដើរតួយ៉ាងសំខាន់ជាមួយដៃគូគឺលោក ឡេង ណាវ៉ាត្រា ធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ក្នុងការទិញដីទុកចំណេញ ដើម្បីឱ្យពលករខ្មែរធ្វើការនៅទីនោះ មានទ្រព្យប្រចាំខ្លួនក្រោយពេលត្រលប់មកវិញ។ លោកថា បងប្អូនខ្មែរភាគច្រើនដែលបម្រើនៅទីនោះមួយចំនួន ចង់យកប្រាក់ដែលខ្លួនសន្សំបានទុកធ្វើអ្វីមួយដើម្បីជាផលប្រយោជន៍ទៅថ្ងៃក្រោយណាស់ ប៉ុន្តែអាចថាមិនទុកចិត្តសាច់ញាតិ ឬមិនទុកចិត្តគម្រោងលក់ដីផ្សេងៗ ទើបមិនហ៊ានបោះទុន។ អ៊ីចឹងហើយទើបលោកយល់ថា បើលោកក្នុងនាមតារាចម្រៀង ដែលមានគម្រោងលក់ដីស្រាប់ទៅផ្សព្វផ្សាយ គឺអាចនឹងធ្វើឱ្យមានទំនុកចិត្តខ្ពស់ ហើយក៏មានន័យថាបានជួយឱ្យបងប្អូនពលករខ្មែរនៅទីនោះ បានទិញដីទុកជាប្រយោជន៍ក្រោយពេលត្រលប់មកវិញផងដែរ។ លោកថា ខ្លួនគឺជាតារាម្នាក់ មិនលក់ឈ្មោះ មិនលក់តម្លៃព្រោះតែលក់ដីមិនប្រាកដប្រជានោះទេ ដោយលោករំពឹងថានឹងអាចមានពលករខ្មែរច្រើន ហ៊ានបោះទុនទិញលើគម្រោងរបស់លោក និងលោក ឡេង ណាវ៉ាត្រា ដោយសារតែការវិនិយោគលើគម្រោងដីឡូតិ៍ គឺមិនភ័យរឿងខាត ហើយក៏មិនភ័យរឿងបាត់លុយដុំ នៅពេលចង់លក់។ យ៉ាងណាមិញ លោកថា បើលោកពន្យល់ពីការវិនិយោគលើគម្រោងដីធ្លីនៅក្នុងប្រទេសកម្ពុជាសព្វគ្រប់អស់ហើយ នៅតែមានបងប្អូនជាពលកររស់នៅទីនោះ មិនចាប់អារម្មណ៍ ក៏លោកអត់មានបញ្ហានោះដែរ ដោយសារតែគម្រោងដីឡូតិ៍របស់លោក ក៏មានសន្ទុះគ្រប់គ្រាន់ចាប់តាំងពីបានបើកលក់នៅម្ដុំផ្សារព្រៃទទឹង នៅតាមផ្លូវជាតិលេខ៣។ លោកបានទាំំងយល់ថាការផ្សព្វផ្សាយពីបញ្ហាដីធ្លីរបស់ខ្លួន គឺជារួមចំណែកជួយឱ្យក្រុមពលករកូរ៉េនឹងមានជីវភាពប្រសើរឡើង ក្រោយពេលបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េនោះផង។

បន្ថែមពីគម្រោងផ្សព្វផ្សាយពីបញ្ហាដីធ្លី លោកព្រាប សុវត្ថិ ក៏ប្រកាសសម្ដែងជាមួយកូនប្រុសទាំង៣ នៅក្នុងប្រទេសកូរ៉េ ដោយគ្រោងនឹងច្រើនទាំងបទល្បីពីជំនាន់ដើម និងបទសម័យពីរោះៗឱ្យកក្រើកផងដែរ ដោយសារតែការចេញសម្ដែងលើកនេះ គឺលោកបាននាំក្រុមរាំរហូតដល់៧នាក់ ទៅរាំអម ដែលធ្វើអោយការសម្ដែងរបស់លោកពិតជាមានការចាប់អារម្មណ៍។ លោកថា ខ្លួននឹងច្រើនបទ ហើយអាចសម្ដែងជាមួយកូនប្រុសច្រើនបទ ប៉ុន្តែត្រង់ថាការសម្ដែងនោះនឹងកំណត់ប៉ុន្មានបទគឺអាស្រ័យលើភាពជាក់ស្ដែង។ លោក ឡេង ណាវ៉ាត្រា ដែលជាអ្នកធានាចេញ និងជាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយនេះ រំពឹងយ៉ាងខ្លាំងថាវត្តមានលោកព្រាប សុវត្ថិ និងកូនប្រុស ព្រមទាំងតារាចម្រៀង តារាកំប្លែង និងពិធីករល្បីៗដែលបានរួមដំណើរ នឹងធ្វើឱ្យកក្រើកនៅក្នុងប្រទេសកូរ៉េ ខណៈដែលគម្រោងធ្វើបទឧទ្ទេសនាមរបស់លោកជុំវិញបញ្ហាដីធ្លី ក៏មានលោកព្រាប សុវត្ថិ ដែលមានបទពិសោធន៍លើជំនួញនេះ ក៏ចូលរួមធ្វើបទឧទ្ទេសនាមជាមួយដែរ៕

Advertisement