ម៉ៃ សុគន្ធ ចេញមុខគាំទ្រកូនស្រីលោក ថៃ នរៈសត្យា ថា «ចង់ឱ្យគាត់ចងក្បិនស្លៀកសារុងមុជទឹកសមុទ្រមែន?»

គ្រប់គ្នាស្រាប់តែភ្ញាក់ព្រើត ខណៈដែលតារាប្រុសលោក ម៉ៃ សុគន្ធ ចេញមុខគាំទ្រកូនស្រីលោក ថៃ នរៈសត្យា គឺកញ្ញា ថៃ នារីសុជាតា ក្រោយពេលមានការចែករំលែកនូវរូបភាពសិចស៊ីព្រមជាមួយការបញ្ចេញសាររិះគន់លើនាងថា ឪពុកចេញលិខិតព្រមានគេមិនទាន់បានប៉ុន្មានផង បែរជាកូនស្រីខ្លួនឯងហ៊ានសិចស៊ីជ្រុលបែបនេះ។

ជាការពិតណាស់ តារាចម្រៀងពូកែទើស លោក ម៉ៃ សុគន្ធ ម្តងនេះបែរជាបង្ហាញអារម្មណ៍ប្រឆាំងនឹងការរិះគន់ដោយគាំទ្រកញ្ញា ថៃ នារីសុជាតា ថានេះជាសិទ្ធឯកជនរបស់បុគ្គល ហើយពុំមែនជាការសម្តែង ឬច្រៀងបង្ហាញលើឆាកនោះទេ។

លោក ម៉ៃ សុគន្ធ បាននិយាយថា «មិនកាន់ជើងទេ តែលោកអ្នករិះគន់ទាំងឡាយដូចលើសពេកហើយ រួមទាំងអ្នកសិល្បៈខ្លះដែលរិះគន់កូនស្រីលោក ថៃ នរៈសត្យា សួរថា​ កូនស្រីគាត់ជាអ្នកសិល្បៈមែន? ហើយគាត់ស្លៀកឈុតហែលទឹកហ្នឹងនៅលើឆាកតន្រ្តីមែន? ហើយចង់ឱ្យគាត់ចងក្បិនស្លៀកសារុងមុជទឹកសមុទ្រមែន»។

ម្ចាស់បទ «មហាទើស» រូបនេះ បានបន្ដទៀតថា «អ្វីដែលបានឃើញ ខ្ញុំទទួលស្គាល់ថា គាត់ថតសិចស៊ីមែន តែនេះជារូបភាពអំឡុងពេលទៅកម្សាន្តនៅសមុទ្រ ឬកន្លែងលេងទឹក! ចង់សួរថាពេលដែលដើរលេងសមុទ្រហ្នឹងចង់ឱ្យគាត់ស្លៀកពាក់ក្បិន ឬចងសារុងចុះងូតទឹកសមុទ្រមែនទេ? ម្យ៉ាងទៀតបើចង់រិះគន់កូនគាត់ថា សិចស៊ីដូចជាលើសពេកហើយ ព្រោះបើសិនជាសិចស៊ីលើឆាកតន្រ្តីទើបជាការខុស តែនេះដើរលេងសមុទ្រតើ ហេតុអ្វីចាំបាច់លើកមករិះគន់»៕

Advertisement