នាដកល្ខោនខោល ហង់ ភូមិរ៉ា អំពាវនាវឱ្យយុវជនខ្មែរទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ

តាមរយៈវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាដកល្ខោនខោល លោកគ្រូ  ហង់ ភូមិរ៉ា បានអំពាវនាវឱ្យយុវជនទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ ជាមួយនឹងក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី។

នាដករូបនេះបានលើកឡើងថា «ការបើកបង្រៀននេះគឺជាលើកទី6 ហើយ ដោយទទួលគ្រប់សិស្សដែលស្រឡាញ់សិល្បៈលោ្ខនខោល គ្រប់មជ្ឈដ្ឋានដោយពុំគិតប្រាក់ឡើយ។ ហើយក្នុងនោះផងដែរ គឺរៀនត្រឹមតែថ្ងៃចុងសប្តាហ៍ គឺថ្ងៃអាទិត្យតែប៉ុណ្ណោះ»។ យ៉ាងណាមិញ គេមើលឃើញថា នេះគឺជាឱកាសមួយដែលកូនខ្មែរអាចចូលរួមចំណែកលើកស្ទួយ អភិរក្ស និងថែរក្សាផងដែរ។

គួររំឭកផងដែរថា នាដករូបនេះធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការ​បង្កើត​ក្រុម​នេះឡើងគឺ​ក្នុង​គោល​បំណង​បង្រៀន​ដល់​កូន​ខ្មែរ​ដែល​ចង់​រៀនរាំ​របាំ​បុរាណ។ ការ​បង្រៀន​នេះ ​ផ្ដោត​សំខាន់​លើ​ល្ខោន​ខោល តែ​បើ​មាន​ក្មេង​ស្រី​ចង់​រៀនរាំ​របាំ​បុរាណ​ ក៏​លោកមាន​បង្រៀន​ដែរ។ លោក​បញ្ជាក់​ថា ​ការ​បង្រៀន​នេះ​គឺមិន​យក​ថវិកា​ឡើយ ព្រោះ​លោក​យល់​ឃើញ​ថា​មាន​កូន​ខ្មែរ​ជា​ច្រើន​មក​ពី​តាម​ខេត្ត​ដែល​ចង់​រៀន​ តែ​មិន​មាន​ប្រាក់​បង់ថ្លៃសាលា ដូច្នេះ​ឱ្យ​តែ​កូន​ខ្មែរ​ណា​ចង់​រៀន​ អាច​មក​រៀន​បាន​នៅ​បរិវេណ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ។ ហើយថ្មីៗនេះ ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ក៏ទើបតែទទួលបានទីតាំងថ្មីក្នុងការហាត់រៀនផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Advertisement