ម៉ារ៉ា ប៊ុណ្ណា បង្ហាញអារម្មណ៍ពិតក្រោយខ្ទេចរថយន្ដទីកូ

October 5, 2018​ ម៉ោង 8:58 am
0

ប្រហែលជាគ្មានអ្នកដឹងនោះទេ ថាក្រោយពីខ្ទេចរថយន្តក្នុងគ្រោះថ្នាក់ចរាចរ និងក្រោយព្យាបាលជំងឺបូសអន្ទង់ តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា ប្រឈមនឹងការពិបាកកម្រិតណាលើផ្នែកជីវភាព បើទោះជាមហាជនភាគច្រើនបានឃើញតែលោកហ៊ឺហារក្នុងពេលបង្ហាញខ្លួន។ លោកបានថ្លែងឱ្យដឹងពីស្ថានភាពរបស់ខ្លួនគួរឱ្យសង្វេគ នៅរាត្រីថ្ងៃទី3 ខែ តុលា ក្នុងពេលស្ម័គ្រចិត្តច្រៀងក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ខណៈដែលក្នុងថ្ងៃនោះ គេឃើញលោកធ្វើដំណើរមកកាន់កម្មវិធីដោយជិះតុកតុក ផ្ទុយពីអ្វីដែលមហាជនគិតថា លោកជាតារាដែលមិនអន់។

លោក ម៉ារ៉ា ប៊ុណ្ណា បានថ្លែងគួរឱ្យអាសូរថា ចាប់តាំងពីការងារសិល្បៈធ្លាក់ចុះ លោកមិនមានលទ្ធភាពដូចគ្នានឹងតារាមួយចំនួននោះទេ ដោយសន្សំបានថវិកាទិញរថយន្តទីកូដែលរងការខូចខាតមុននោះ បានទាំងលំបាក។ លោកថា រថយន្តទីកូដែលអ្នកណាក៏បង្អាប់ថា មិនសមនឹងជិះសម្រាប់រូបលោកដែលជាអ្នកសិល្បៈនោះ លោកទើបតែសន្សំលុយបានកែកុនប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានជិះស្រួលបួលផង ហើយក៏មិនទាន់ទាំងបានចេញថត MV ដូចការគ្រោងផង ក៏ស្រាប់តែលោកក៏ជួបគ្រោះថ្នាក់ ក្នុងពេលដែលលោកធ្វើដំណើរពីខេត្ត ហើយងងុយដេកងក់មួយភ្លាំង ព្រោះតែអស់កម្លាំងនឹងការហែរបក្សតែម្ដង។ លោកថា គ្រោះថ្នាក់នៅក្នុងពេលនោះ បើលោកស្រវឹងដូចគេបានចោទមែន ប្រហែលជាស្លាប់បានត់ហើយ អ៊ីចឹងហើយទើបលោកកាន់តែសម្ដែងការអន់ចិត្ត នៅពេលរថយន្តដែលមានតម្លៃថោកតែថ្លៃសម្រាប់លោកត្រូវខ្ទេចមិនខុសពីសល់តែខ្មោចឡានទៅហើយ ប៉ុន្តែមិនមានមិត្តភ័ក្រ្ត និងក្រុមកាងារហែរបក្សណាម្នាក់យកចិត្តទុកដាក់ចំពោះរូបលោកទាល់តែសោះ ក្នុងពេលដែលគ្រោះថ្នាក់នោះ គឺបានកើតឡើងដោយសារតែលោកអត់ងងុយ ហើយធ្វើដំណើរទាំងយប់ ក្រោយបញ្ចប់ការហែរបក្សបីថ្ងៃជាប់គ្នានៅខេត្ត។ លោកថ្លែងដោយតូចចិត្តថា បើក្នុងពេលនោះ លោកមិនទៅត្រាំត្រែងហែរបក្សនៅខេត្តច្រើនថ្ងៃ ហើយមិនសូវបានសម្រាកគ្រប់គ្រាន់ ក៏មិនមានរឿងគ្រោះថ្នាក់មួយនោះកើតឡើងនោះដែរ ហើយលោកក៏សរសើរខ្លួនឯងដែរ ដែលដឹងខ្លួនក្រោយពេលភ្លឹកមួយភ្លាំងមកវិញ ហើយអាចវេរចង្កួតធ្វើឱ្យខ្លួនមិនមានរបួសធ្ងន់បាន។

លោកនិយាយថា«ខ្ញុំរាល់ថ្ងៃមិនលាក់ទេ គឺអស់រថយន្តទីកូនឹងមួយ គឺអស់ម៉្មង ដោយសារតែឡានហ្នឹងខ្ញុំទិញយកមកទុកជិះផង និងទុកថតMV ផង ប៉ុន្តែមិនទាន់បានថតផង ក៏មានគ្រោះថ្នាក់ក្រោយពេលត្រលប់ពីហែរបក្ស ហើយអ្វីដែលខ្ញុំអន់ចិត្ត គឺអត់មានខាងណាជួយឈឺឆ្អាលខ្ញុំទេ សូម្បីតែមិត្តភ័ក្រ្តដែលគេឱ្យខ្ញុំទៅជួយហែរបក្សគគ្រឹកគគ្រេងនឹងក៏អត់មានទូរស័ព្ទអីមោសួរដែរ ដល់ចឹងមានអារម្មណ៍ថា តូចចិត្តនិយាយមិនចេញ!»។ លោកថាខ្លួនមិនមែនជាអ្នកសិល្បៈមានបានទេ ហើយបើលោកគ្រោះថ្នាក់ក្នុងពេលច្រៀងរាំ ឬចេញពីផឹកស៊ី មិនមែនជាការហែរបក្ស ក៏លោកមិនតូចចិត្តដែរ ប៉ុន្តែគ្រោះថ្នាក់នៅក្នុងយប់នោះ គឺកើតឡើងពីការត្រលប់មកពីហែរបក្សវិញ ហើយមិនមានអ្នកណាឈឺឆ្អាលសូម្បីតែមានព័ត៌មានផ្សាយពីគ្រោះថ្នាក់ព្រោងព្រាត ទើបលោកនឹកឃើញអន់ចិត្ត ជាពិសេសក្នុងពេលអ្នកផ្ទះស្ដីបន្ទោសឱ្យដោយមិនសំចៃមាត់នោះ។

លោក ម៉ារ៉ា ប៊ុណ្ណា បានអះអាងថា រាល់ថ្ងៃរូបលោកមិនខុសពីអ្នកសិល្បៈកម្សត់នោះទេ ដោយសារតែទៅណាមកណាត្រូវពឹងមិត្តភក្រ្ត ត្រូវជិះ PassApp ហើយការងារក៏កាន់តែធ្លាក់នៅពេលដែលគេជួលលោកហើយឃើញលោកពិបាកដល់ម្លឹង ក៏អស់អារម្មណ៍ចង់យក។ លោក ម៉ារ៉ា ប៊ុណ្ណា បន្តថ្លែងទាំងតូចចិត្តថា គឺជារឿងលំបាកយ៉ាងណាស់ ដែលលោកសឹងតែមិនមានទីផ្សារសិល្បៈក្នុងពេលចុងក្រោយ ហើយទើបតែសន្សំលុយ និងខ្ចីលុយបង្គ្រប់ទិញបានទីកូមួយគ្រឿងទុកគ្រាន់ជិះសោះស្រាប់តែត្រូវខ្ទេចអស់ នៅសងបំណុលគេមិនទាន់រួចបែបនេះ។ យ៉ាងណាមិញ លោកក៏សម្ដែងការដឹងគុណដល់គ្រូពេទ្យធីតានៅមន្ទីរពេទ្យរុស្ស៊ី ដែលបានព្យាបាលឱ្យលោកដោយឥតគិតថ្លៃ ក្រោយពេលលោកគ្រោះថ្នាក់ ហើយត្រូវវះបូសអន្ទង់នោះដែរ បើមិនដូច្នោះទេ គឺលោកពិតជាក្រជាន់ក្រ៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម