ស្អាតប៉ុណ្ណឹងហើយ ដេននី ក្វាន់ ទម្លាយគម្រោងវះកាត់កែសម្ផស្សផ្ទៃមុខបន្ថែមទៀត

ពិតជាភ្ជាក់ផ្អើលមែនទែន ខណៈដែលរាជនីចិត្តធម៌ ដេននី ក្វាន់ បានបង្ហើបដំណឹងថា នាងគ្រោងនឹងកែសម្ផស្សបន្ថែមទៀត បើទោះបីជានៅពេលនេះ មានរូបសម្រស់ស្រស់ស្អាតហើយក្ដី ។ ម្ដងនេះ នាងនៅមិនទាន់បានបង្ហាញប្រាប់ថា នាងមានគម្រោងទៅកែសម្ផស្សនៅក្នុងប្រទេសណានៅឡើយទេ ។

តារាស្រីរូបនេះបានទម្លាយនៅលើហ្វេសប៊ុក​នាងថា នាងមានគម្រោងធ្វើការវះកាត់ជាច្រើនផ្នែកនៃផ្ទៃមុខដូចជា វះកាត់ច្រមុះ កាត់ស្លាប់ច្រមុះ វះកាត់បបូរមាត់ វះកាត់ចង្ការ និងវះកាត់ត្របកភ្នែកជាដើម។ នាងថាបានត្រៀមខ្លួនឈឺជាស្រេច ដែលធ្វើឱ្យនាងខកខានក្នុងការផ្សាយផ្ទាល់លក់ទំនិញតាមOnline មិនតិចជាង 2សប្តាហ៍ទេ ប៉ុន្តែទោះជាយ៉ាងណានាងត្រូវតែទ្រាំព្រោះចង់ស្អាត។ នាងបន្ដថា​ ខ្ញុំកែលើកនេះគឺកែតែចំណុចខ្វះខាតទេ។

បើទោះជាតារាស្រីរូបនេះ បានបង្ហើបពីដំណឹងវះកាត់កែសម្ផស្សយ៉ាងណាក៏ដោយ ក៏នៅតែរងនូវពាក្យរិះគន់របស់មហាជនដដែរ។ តែកន្លងមកនាងធ្លាប់បានបញ្ជាក់ថា នាងមិនបានខ្វល់នឹងពាក្យរិះគន់ថានាងឆ្កួតនឹងសម្រស់ខ្លួនឯងទេ សំខាន់នាងពេញចិត្តនិងរូបសម្រស់នេះបើទោះបីជាកើតចេញពីចុងកាំបិទរបស់អ្នកជំនាញកែសម្ផស្សក្តី ហើយនឹងបន្តបំពេញ និងកែកុននូវចំណុចខ្វះខាតជាច្រើនផ្នែកទៀត។

គួររំឭកផងដែរថា តារាស្រីរូបនេះ មានបំណងកែសម្ផស្សឱ្យដូចតារាស្រីថៃ Kwan Usamanee។ មូលហេតុពិតដែលធ្វើឱ្យ ដេននី ក្វាន់ ចង់បានមុខមាត់ដូចតារាថៃម្នាក់នោះ គឺដោយសារតែការស្រឡាញ់ចូលចិត្តតាំងពីដើមមក និងណាមួយនាងក៏មានមុខមាត់ស្រដៀងតារាថៃម្នាក់នោះដែរតាំងពីដើម ដូច្នេះគ្រាន់តែកែកុនបន្តិចបន្តួច គឺដូចហើយមិនចាំបាច់ធ្វើអ្វីច្រើនទេ៕

Advertisement