តារាសម្ដែងស្រី វ៉ាង ស្រីណូ ប្រគេនបច្ច័យ 10000 ដុល្លារសាងសង់សាលាឆាន់

នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាសម្ដែងស្រី វ៉ាង ស្រីណូ បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងការធ្វើបុណ្យសាងកុសលនាឱកាសបុណ្យភ្ជុំបិណ្ឌ។ បើទោះជាមួយរយៈក្រោយនេះ តារាសម្ដែងស្រីសិចស៊ីរូបនេះ ហាក់ស្ងាត់ពីការងារសិល្បៈយូរយ៉ាងណាក្តី ប៉ុន្តែកញ្ញា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដដែល ព្រោះតែការថែរក្សាសម្រស់ក្មេងជាងវ័យ និងសម្ញែងជីវភាពហ៊ឺហា បង្ហាញរថយន្ដប្រណិតៗជាច្រើនគ្រឿង។

ថ្មីៗនេះ នាងនិងប្អូនប្រុស បានយកថវិកាផ្ទាល់ខ្លួនចំនួន 5០០០ដុល្លា និងថវិការបស់ឪពុកម្ដាយចំនួន 5០០០ដុល្លា សរុបទាំងអស់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមកសាងសាលាឆាន់។ នាងបានរៀបរាប់បញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា« បច្ច័យចូលរួមកសាងសាលាឆាន់ 10000$ ( ១ម៉ឺនដុល្លារ )ម្ចាស់ដើមបុណ្យ : ប៉ា និង ម៉ាក់ : 5000$ ម្ចាស់ដើមបុណ្យ : កញ្ញា វ៉ាង ស្រីណូ និងប្អូនប្រុសជុង 5000$ ចូលរួមក៏សាង បល័ង្គព្រះ ( ទាំងមូល ) ព្រៈអង្គសំរិតអង្គធំ ( កណ្ដាលវត្ត ) សសរធំកណ្តាលវិហារ៤ដើម សង្ឃឹមថាមិត្តទាំងអស់នឹងគាំទ្ររអំពើល្អ និង ការកសាងវិស័យសាសនា »។

គួរបញ្ជាក់ផងដែរថា អ្វីដែលកាន់តែធ្វើឱ្យមហាជន មានការកោតសរសើរមិនដាច់ពីមាត់ជាងនេះទៅទៀតនោះ គឺថា ជារឿយៗ តារាស្រីរូបស្រស់មួយដួងនេះ តែងតែបានបង្ហាញនូវសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើន មិនថាជាមួយនឹងលោកតាលោកយាយចាស់ៗ ឫក៏ជនក្រីក្រដែលកំពុងខ្វះខាតខ្លាំង ដែលជាចំណែកមួយនេះនៃការចូលរួមកិច្ចការងារសង្គម និងសកម្មភាពសប្បុរសធម៌៕

Advertisement