កុំឱ្យរំលង !! ព្រឹត្តិការណ៍កម្ពុជា-ជប៉ុន ឆ្នាំនេះប្រកាសរំលេចសិល្បៈបុរាណខ្មែរ 3 ទម្រង់ធំៗ

តាមរយៈបណ្ដាញសង្គមគេមើលឃើញថា ព្រឹត្តិការណ៍ Cosplay គ្រោងប្រកាសធ្វើនៅថ្ងៃទី28 តុលា ឆ្នាំនេះ នឹងរំលេចទម្រង់បុរាណខ្មែរដល់ទៅ 3ទម្រង់ព្រមគ្នា ដើម្បីបង្អួតភ្នែកបរទេស ជាពិសេសគឺជប៉ុន នៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរទម្រង់វប្បធម៍រវាងកម្ពុជា និងជប៉ុនឆ្នាំនេះ។ កាន់តែពិសេសជាងនេះទៅទៀត សំបុត្រចូលរួមការទស្សនានឹងបានចូលរួមចំណែកសប្បុរសធម៌ជួយដល់ក្មេងៗនៅក្នុងតំបន់សំរាមស្ទឹងមានជ័យ។

ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានអញ្ជើញចូលរួមពីសិល្បការិនីល្បីឈ្មោះមួយរូបមកពីប្រទេសជប៉ុនផងដែរ បន្ថែមពីលើការសម្ដែងទម្រង់សិល្បៈរបស់ជប៉ុនជាមួយនឹងទម្រង់ខ្មែរ។ អ្នករៀបចំកម្មវិធីបានបង្ហើបថា 4ឆ្នាំកន្លងមកហើយ ដែលកម្មវិធីមួយនេះទទួលបានជោគជ័យ ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករតាមរយៈការលក់សំបុត្រ ទើបធ្វើអោយកម្មវិធីក្រៅពីមានកម្លាំងចិត្តធ្វើឡើងឱ្យបានរាល់ឆ្នាំ ក៏ទទួលបានថវិកាមួយចំនួន យកទៅបែងចែកក្នុងសកម្មភាពសប្បុរសធម៌។ សម្រាប់ឆ្នាំនេះ កម្មវិធីនឹងយកថវិកាពីការលក់សំបុត្រក្នុងតម្លៃ4ដុល្លារ យកទៅជួយដល់ក្មេងៗរស់ក្នុងសហគមន៍សំរាមស្ទឹងមានជ័យ ដោយលោករំពឹងថានឹងមានអ្នកទស្សនាកុះករច្រើនឆ្នាំមុនដោយសារតែបានរំលេចទម្រង់សិល្បៈបុរាណខ្មែរ 3ប្រភេទគឺ ទម្រង់ល្ខោនខោល ល្ខោនស្បែក និងល្បុក្កតោ ដែលជាសិល្បៈចំណាស់ និងកំពុងទទួលបានការចាប់អារម្មណ៍ ពីស្រទាប់មហាជនស្រាប់។ ក្នុងនោះ ការសម្ដែងរបស់សិល្បករជប៉ុន អមដោយវត្តមានតារាល្បីល្បាញមួយរូបមកពីប្រទេសជប៉ុន ក៏នឹងជួយឱ្យកម្មវិធីកាន់តែមានការចាប់អារម្មណ៍ប្លែកភ្នែកជាងកាលពី4ឆ្នាំកន្លងទៅផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ធ្វើឡើងចាប់ពីម៉ោង12 ថ្ងៃត្រង់តទៅ ដោយបញ្ចប់នៅវេលាម៉ោង 5ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាដល់ខ្ទង់ពាន់នាក់៕

Advertisement