អ្នកគាំទ្រទស្សទាយសមត្ថភាពកុមារា ទេព ពិសិដ្ឋ ជាអ្នកលើកពានកម្មវិធី The Voice Kids Cambodia រដូវកាលទី​2

កាន់តែកក្រើកនិងលេចធ្លោរនូវការបង្ហាញសមត្ថភាពច្រៀងរបស់ប្អូនប្រុស ទេព​ ពិសិដ្ឋ នារាត្រីថ្ងៃទី​20​ ខែ​តុលា​ ឆ្នាំ​2018 ក្នុងកម្មវិធី​ប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក​ The Voice Kids Cambodia រដូវកាលទី​2​ ក្នុងវគ្គ Live Show សប្ដាហ៍ទី 1 នេះ ។

មកដល់វគ្គនេះ​ គេកត់សម្គាល់ឃើញថា បេក្ខភាពដែលប្រកួតប្រជែងសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយបទចម្រៀងក្រោមការបង្ហាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹករៀងៗខ្លួន។ ដោយឡែកកុមារា ទេព​ ពិសិដ្ឋ បានឡើងមក​បញ្ចេញ​សមត្ថភាព​លើឆាក​ ក្នុង​វគ្គ​ Live Show បកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា «Sorry មួយ​លានដង» ដែលជាសំនៀងដើមរបស់កំពូលតារាចម្រៀង​ ខេមរៈ សិរីមន្ដ ធ្វើឱ្យអង្រួនអារម្មណ៍ទស្សនិកជន និងគណៈកម្មការស្លុងតាមបទចម្រៀងព្រោះតែសម្លេងដ៏ពិរោះរណ្ដំរបស់ក្មេងប្រុសម្នាក់នេះ។

កុមារមានវ័យ 14ឆ្នាំ រូបនេះ ត្រូវបានអ្នកគាំទ្រមើលឃើញពីសមត្ថភាពច្រៀងតុងខ្ពស់បានល្អ និងការរក្សាសំឡេងឱ្យនៅតែមានទឹកដមមិនប្រែប្រួល ទើបជាហេតុនាំឱ្យគ្រប់គ្នាទស្សទាយថា ក្មេងប្រុសរូបនេះ ច្បាស់ជាក្លាយជាអ្នកលើកពានរង្វាន់ The Voice Kids Cambodia រដូវកាលទី​2 ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា ទេព​ ពិសិដ្ឋ ជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា និងរំពឹងថា ប្អូនទទួលបានសារគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនគ្រប់រូប៕

Advertisement