ដេននី ក្វាន់ សម្ញែងភាពស្រស់ស្អាតនៅប្រទេសថៃទៀតហើយ

ដូចប្រិយមិត្តបានជ្រាបដឹងកន្លងមកហើយថា អ្នកនាង ដេននី ក្វាន់ មិនត្រឹមតែមានអាជីពជាតារាសម្ដែងប៉ុណ្ណោះទេ នាងថែមទាំងមានជំនួញផ្ទាល់ខ្លួនកំពុងកាក់កបខ្លាំងទៀតផង ។ ក្រៅពីការងារសិល្បៈ អ្នកជំនួញស្រីរូបនេះតែងចេញចូលក្រៅប្រទេសជាញឹកញាប់ ពិសេសគឺប្រទេសថៃតែម្ដង ហើយពេលឡើងព្រលានយន្ដម្ដងៗកញ្ញាតែងតែតុបតែងខ្លួនយ៉ាងស្អាតឥតខ្ចោះ ។

ខណៈនេះនាងត្រូវបានរួចផុត ពីបម្រាមសិល្បៈហើយ តារាស្រីរូបនេះអាចមានលទ្ធភាពបង្ហាញវត្តមាន តាមរយៈការថតសម្តែងដូចដើមឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ពិតមែន តែអំឡុងពេលនេះ កញ្ញា ដេននី ក្វាន់ ហាក់ពុំសូវខ្វាយខ្វល់ រឿងសិល្បៈដូចមុនទៀតឡើយ នាងផ្ដោតសំខាន់ជាងគេទៅលើការលក់ផលិតផលរក្សាសម្រស់ និងការងារសប្បុរសធម៌ជួយសង្គមច្រើនជាង។ ស្រពពេលអាជីពរកស៊ីកាន់ តែកាក់កប និងទទួលបានការគាំទ្រ ពីអតិថិជនអាចរកចំណូល ក្នុងមួយថ្ងៃៗបានរហូតខ្ទង់រាប់ពាន់ដុល្លារនោះ នៅពេលថ្មីៗនេះ នាងកាន់តែបញ្ចេញភាពហ៊ឺហារ សម្ញែងភ្នែកមហាជនឱ្យបានឃើញ ដោយការប្រើប្រាស់សម្ភារៈនិយមទំនើបៗ និងមានតម្លៃថ្លៃផងដែរ។ មិនតែប៉ុណ្ណោះ ជារឿយៗស្រីស្រស់ ដេននី ក្វាន់ ក៏បានចំណាយលុយខ្ទង់រាប់ពាន់ដុល្លារ ដើម្បីចេញទៅដើរកមន្សាន្ត និងទិញរបស់មានតម្លៃថ្លៃ ពីក្រៅប្រទេសប្រើប្រាស់ទៀតផង។

តារាស្រីស្អាតរូបនេះ តែងតែមានការចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាងគ្រប់ពេលវេលា ដែលមហាជនភាគច្រើនទទួលស្គាល់ចំពោះភាពជោគជ័យ លើមុខជំនួញរកស៊ីក្រៅអាជីពសិល្បៈ៕

Advertisement