តួស្រីល្បីឈ្មោះក្នុងរឿង « ស្ដេចស្វាទិនហ្វី » ទទួលមរណភាពដោយសារជំងឺបាក់ទឹកចិត្ត

តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយមុននេះបន្ដិចឱ្យដឹងថា តារាសម្ដែងស្រីចិនហុងកុងអ្នកនាង Lam Yammie ល្បីឈ្មោះខ្លាំងក្នុងរឿង «ស្ដេចស្វាទិនហ្វីវគ្គ2» បានទទួលមរណភាពក្នុងវ័យ55 ឆ្នាំ ដោយសារជំងឺបាក់ទឹកចិត្ត នៅក្នុងបន្ទប់ជួល។ អ្នកជួលបន្ទប់ជិតខាង បានប្រាប់សមត្តិកិច្ចថា ពួកគេបានធំក្លិនអសោចន៍ចេញពីក្នុងបន្ទប់របស់នាង ហើយខណៈពេលដែលគោះទ្វារបន្ទប់នាងនោះ គឺគ្មានសំឡេងឆ្លើយតបអ្វីឡើយ។

សមត្តិកិច្ច បានធ្វើកោសល្យវិច័យលើសាកសពតារាស្រីរូបនេះ បានរកឃើញថា អ្នកនាងបានដេកស្លាប់នៅក្នុងបន្ទប់ ដោយមានជំងឺបាក់ទឹកចិត្ត និងបានដឹងពីអត្តសញ្ញាណថា អ្នកនាងជាតារាសម្ដែងស្រីរបស់ហុងកុង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ តែបានចាកចេញពីក្រុមគ្រួសារ និងបាត់ដំណឹងសូន្យឈឹងតែម្ដង។

ក្រុមគ្រួសាររបស់តារាស្រី Lam Yammie បានបញ្ជាក់ដែរថា នៅអំឡុងឆ្នាំ1995-1996 អ្នកនាងមានបញ្ហាផ្លូវចិត្តរហូតសឹងក្លាយជាមនុស្សវិកលទៅហើយ មិនយូរប៉ុន្មានផង អ្នកនាងក៏បានបាត់បង់ឪពុកម្ដាយនៅក្នុងអំឡុងប្រកៀកប្រកិតគ្នា ដែលបណ្ដាលឱ្យជីវិតអ្នកនាងជួបតែបញ្ហាសោកសៅក្នុងខណៈនោះមិនចេះចប់មិនចេះហើយ។ រឿងរ៉ាវទាំងអស់នោះ មិនទាន់កន្លងផុតបានប៉ុន្មានផង មុខជំនួញរបស់តារាស្រីរូបនេះ ក៏ត្រូវរលំរលាយនៅអំឡុងឆ្នាំ 2006 ហើយចូលដល់ឆ្នាំ 2013 ក៏ធ្លាយព័ត៌មានថា អ្នកនាងត្រូវតារាសម្ដែងប្រុស 2 នាក់រំលោភបំពានផ្លូវភេទខណៈដែលអ្នកនាងទៅបំពេញកិច្ចការនៅក្នុងប្រទេសសិង្ហបុរីថែមទៀតផង កាលអ្នកនាងនៅវ័យជំទង់។

អ្នកនាង Lam Yammie ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា អ្នកនាងមិនចង់ប្ដឹងផ្ដល់អ្វីទាំងអស់ ព្រោះអ្នកនាងចង់រត់គេចពីបញ្ហាដែលបានកើតឡើងទាំងអស់នោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងវីដេអូសម្ភាសន៍តារាស្រីរូបនេះបានបញ្ជាក់ឈ្មោះតារាសម្ដែងទាំងពីររូបនោះ តែជាអកុសលពួកគេបានស្លាប់បាត់បង់ជីវិតទៅហើយ៕

Advertisement