អ្នកច្នៃសំលៀកបំពាក់បុរាណលោក នូ សុភេន គ្រោងនាំតារាកម្ពុជាចូលរួមព្រឹត្តិការណ៍បុណ្យដំរីក្នុងប្រទេសថៃ

លោក នូ សុភេន អ្នកច្នៃសំលៀកបំពាក់បុរាណ និងជាអនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា គ្រោងនឹងដឹកនាំតារាពីប្រទេសកម្ពុជាមួយក្រុមទៅចូលរួម និងសម្ដែងក្នុងព្រឹត្តិការណ៍បុណ្យដំរីប្រចាំឆ្នាំ ដែលប្រទេសថៃក្នុងខេត្តសុរិន្ទធ្វើជាម្ចាស់ផ្ទះ ហើយតម្រូវឱ្យបណ្ដាប្រទេសដែលមានចង្វាក់កន្ទ្រឹមដូចជាកម្ពុជា ថៃ និងឡាវ ចូលរួមដើម្បីអបអរ និងសម្ដែងសិល្ប:ផ្លាស់ប្ដូរវប្បធម៌រវាងគ្នា។

គួរបញ្ជាក់ផងដែរថា លោក នូ សុភេន ក៏ត្រូវបានអ្នករៀបចំព្រឹត្តិការណ៍បុណ្យដំរីប្រចាំប្រទេសថៃ ផ្គួបនឹងការប្រារព្ធពិធីកន្ទ្រឹមអាស៊ាននៅថ្ងៃទី16 ដល់ថ្ងៃទី18 ខែវិច្ឆិកា ខាងមុខនេះ ជាអ្នកដឹកនាំតារាតំណាងប្រទេសកម្ពុជា។ លោកថាព្រឹត្តិការណ៍ដែលមានលក្ខណ:ជាទ្រង់ទ្រាយអន្តរជាតិកម្រិតតំបន់មួយនេះ នឹងមានវេទិកាផ្សព្វផ្សាយចង្វាក់កន្ទ្រឹមជាអន្តរជាតិ ដើម្បីអភិរក្សាចង្វាក់បុរាណមួយនេះ ឱ្យនៅគង់វង្សនៅក្នុងតំបន់អាស៊ាន ក៏ដូចជាដើម្បីបង្ហាញពីភាពដូចគ្នា និងខុសគ្នានៃចង្វាក់កន្ទ្រឹមរបស់ប្រទេសទាំង3។ នៅក្នុងនោះក៏មានវត្តមានចូលរួមសម្ដែងពីសំណាក់តារាកម្ពុជា លោក ម៉េង ប៊ុនឡូ កញ្ញា វណ្ណា វត្តី និងកញ្ញា រំដួលលិចទឹក ដែលតំណាងឱ្យ«គ្រួសារតារាកម្ពុជា»ទាំងមូល ដោយតារាទាំងអស់ នឹងធ្វើសកម្មភាពផ្សព្វផ្សាយវប្បធម៌កម្ពុជា នៅក្នុងព្រឹត្តិការណ៍នោះ។

លោកបន្ដបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ទាំងមូលផ្ដោតលើពិធីបុណ្យដំរីច្រើនជាង ដោយក្នុងពិធីនោះ ក៏មានការដង្ហែរក្បួនដំរី និងមានការចូលរួមដង្ហែពីសិល្បករតំណាងប្រទេសនីមួយៗដែលចូលរួមផងដែរ។ លោកត្រូវបានគណកម្មការថៃអញ្ជើញឱ្យផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ថៃ ដែលធ្វើឱ្យគេបានឃើញអំពីសំឡេងភាសា ឧបករណ៍ភ្លេងខ្មែរ និងការបំផុសពីវប្បធម៍ខ្មែរ តាំងពីមុនព្រឹត្តិការណ៍ចាប់ផ្ដើម៕

Advertisement