អានហើយស្រក់ទឹកភ្នែក កញ្ញា ពៅ បញ្ញា​ពេជ្រ ទម្លាយអារម្មណ៍លំបាក និងអត់ទ្រាំចំពោះសភាពពិការភាព

ពីរូប​ថត​អង្គុយ​លើ​រទេះ​រុញ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមហាជនជាច្រើនបានដឹងរឿងរ៉ាវរបស់តារាចម្រៀងស្រី ត្រូវ​​ខ្មាន់​កាំ​ភ្លើង​បាញ់​ប្រហារ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ហើយធ្លាក់​ខ្លួន​ពិការ​ទាំង​បាត់​បង់​ឱកាស​ការងារ​សិល្បៈ​ជិត​មួយ​ទសវត្សរ៍​ ហើយ​ឃាតករ​ក៏មិន​ត្រូវ​បាន​វែកមុខ​ អតីត​តារា​ចម្រៀង​សំនៀង​ស្រទន់​ កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​សារក្នុងបណ្តា​ញសង្គម​​ភ្ជាប់​ជាមួយ​អារម្មណ៍​ដ៏​ក្តុក​ក្តួល ដែល​សូម្បី​ខ្លួន​នាង​ផ្ទាល់​ក៏មិន​នឹកដល់​ឡើយ​ថា ខ្លួន​នាង​ត្រូវរស់​ក្នុងស​ភាព​ពិការ​ ទាំង​រាង​កាយ​ស្បែក​សម្បុរ​នៅ​ស​ទ្រលុក​ទ្រលន់​ដូច្នេះ​សោះ។

អតីតតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ប្រចាំប្រទេសកម្ពុជារូបនេះ ត្រូវបានមហាជនមើលឃើញនាងរស់នៅយ៉ាងសប្បាយរីករាយជាមួយនឹងមនុស្សជុំវិញខ្លួន តែអ្វីដែលមិនរីករាយនោះ គឺរស់ក្នុងសភាពពិការ និងស្នាមញញឹមក្លែងក្លាយ ដោយព្រមទទួលយកទាំងទឹកភ្នែក ។ ពីមនុស្សម្នាក់ដែលធ្លាប់ដើរហើរបានដោយខ្លួនឯង មិនពឹងអ្នកណា​ឱ្យជួយ តែបែរត្រឡប់មកអង្គុយនៅលើរទេះរុញ ពេលទៅណាមកត្រូវមានមនុស្សជាច្រើន តាមមើលថែ ទៅណាមកណា ត្រូវមានអ្នកចាំត្រកងបី តើអ្នកណាខ្លះយល់អារម្មណ៍លំបាករបស់តារាចម្រៀងស្រីនេះ។

ថ្មីៗនេះ ពៅ បញ្ញា​ពេជ្រ បានបង្ហោះសារស្រងោះស្រងោចក្នុងចិត្តឱ្យមហាជនដឹងថា «ឱ ! ភាពពិការអើយ អ្នកនៅជាមួយខ្ញុំដល់ពេលណា ខ្ញុំពិតជាចង់គេចចេញឱ្យផុតពីអ្នកណាស់ »៕

Advertisement