លោកចា រិទ្ធី ចេញសារនិយាយរឿង ប៊ុត សីហា ខកខានមិនគោរពពេលវេលាឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍

ប៉ុន្មានថ្ងៃមុននេះ បានធ្លាយដំណឹងថា ប៊ុត សីហា ពិតជាមិនកែចរឹតធ្វើឱ្យអ្នកដឹកនាំកម្មវិធីប៉ុស្តិ៍អាស៊ីអាគ្នេយ៍គឺ លោកចា រិទ្ធី ហួសចិត្តយ៉ាងខ្លាំង ដោយសារតែតារាចម្រៀងរូបនេះ ដល់ម៉ោងឡើងច្រៀងហើយនៅតែបាត់ស្រមោល រហូតដល់លេចឮថា ជាមនុស្សមិនគោរពពេលវេលា ដូចកាលនៅហង្សមាសអ៊ីចឹងដែរ។ ដំណឹងទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងចំពោះលោក សីហា ។

តែយ៉ាងណាមិញ លោក ចា រិទ្ធី ផ្ទាល់ទើបតែបានឃើញនូវព័ត៌មានមួយនោះ ហើយបានសរសេរបកស្រាយ និងផ្ដាំទៅលោក ប៊ុត សីហា ថា « សួស្ដី​ប្អូន​ប្រុស​ប៊ុត​សីហា​ជា​ស្រលាញ់​ បងទើប​បាន​ឃើញ​តាម​រយៈ​បណ្ដាញ​សង្គម​Facebook គេ​ចុះ​ពី​បញ្ហា​ប្អួន​និង​បង​ ពេល​បងបាន​អាន​ហើយ​ បង​មាន​អារម្មណ៍​អាណិត​ប្អូន​ណាស់​ មិន​គួរ​ណា​រឿង​តូច​សោះ​បែរ​ក្លាយ​ទៅ​ជា​រឿង​ធំ​ ហើយ​ម្យ៉ាង​ទៀត​បង​ខ្លាច​ប្អូន​យល់​ច្រឡំ​ថា​រឿង​នេះ​ត្រូវ​បាន​ធ្លាយ​ចេញ​ពី​បង។ ​ បងសូម​ប្រាប់​ប្អូន​ថា​ រឿង​ប្អូន​មក​ច្រៀង​ ឬមិន​មក​ច្រៀង​វា​ជា​រឿង​តូច​ណាស់​សម្រាប់​រូប​បង​ ព្រោះ​កន្លង​មក​បងតែង​តែ​ជួប​រឿង​បែប​នេះ​ជា​រឿយៗ​ គឺ​មាន​តារា​ចម្រៀង​ខ្លះ​ដល់​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​តេ​មក​ប្រាប់​ថា​ឈឺ​មក​មិន​បាន​ អ្នក​ខ្លះ​ខល​មក​ថា​ជាប់​ចរាចរណ៍​ អ្នក​ខ្លះ​ថា​ធ្វើ​សក់​មិន​ទាន់​ អ្នក​ខ្លះ​មក​យឺត​ចង់​ហួស​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​មក​ដល់​»។

អ្នកដឹកនាំកម្មវិធីរូបនេះ បានបន្ដទៀតថា « បញ្ហា​ទាំង​អស់​នេះ​បងតែង​តែ​អធ្យាស្រ័យ​ហើយ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​ ហើយ​មិន​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ទេ​ រឿង​ដែល​កើត​ឡើង​កន្លង​មក​នេះ​មិន​មែន​បងតាំ​ងចិត្ត​ធ្វើ​ជា​មិន​ខឹង​នោះ​ទេ​ តែ​បង​ជា​មនុស្សអី​ចឹង​ ជួប​បញ្ហា​បងត្រូវ​តែ​ដោះស្រាយ​ បង​មិន​អង្គុយ​រអ៊ូ​ទេ​ ហើយ​ម្យ៉ាង​ទៀត​កន្លង​មក​បងតែង​តែ​ជួយ​បើ​កឱកាស​ឱ្យប្អូន​ៗ​ទាំង​អស់​គ្នា​​ គឺ​មិន​ដែល​បាន​បិទ​រឺ​បំផ្លាញ​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ឡើយ​។ តែ​ចំណែក​រឿង​របស់​ប្អូន​វិញ​សូម្បី​មួយ​ម៉ាត់​ក៏​បងមិន​បាន​និយាយហើយ​ទុក​ក្នុង​ចិត្ត​ដែរ​ តែ​បងមិន​ដឹង​ថា ​ហេតុ​អី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើងចំពោះ​ប្អូន​​ ឱ្យ​បង​សូមទោស​ហើយ​​ចូលរួម​សោកស្ដាយ​ផង​ ពី​បង​ចា​រិទ្ធី​ដែល​នៅ​តែ​អាណិត​និង​ស្រឡាញ់​ប្អួន​»៕

Advertisement