ទេព ពិសិដ្ឋ លើកពានធ្វើឱ្យគ្រូបង្វឹក ឱក សុគន្ធកញ្ញា ញញឹមបិទមាត់មិនជិត

November 11, 2018​ ម៉ោង 9:43 am

ការប្រកួត The Voice Kids Cambodia ក្នុងរដូវកាលទី2នេះ គេមើលឃើញថាកូនក្រុមតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា មានសមាសភាពសមនឹងទទួលពានជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រច្រើនភាគរយជាងកូនក្រុមរបស់តារាចម្រៀងផ្សេង ខណៈដែលទីបំផុតកូនក្រុមរបស់នាងពិតជាបានក្លាយជាម្ចាស់ពានពិតមែន។ ដ្បិតតែមិនមែនបានទៅកុមារា រ៉េត រ៉ែន ដែលគេជឿថាមានភាគច្រើនខ្ពស់ តែបានទៅលើកុមារា ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់នាងផងដែរ។ យ៉ាងណាមិញ កុមារារូបនេះ ត្រូវបានគេស្គាល់ថាបានប្រឡូកអាជីពចម្រៀងជាយូរមកហើយ ដោយប្អូនក៏មានបទបង្ហោះជាហូរហែរតាំងពីមុនប្រលងនោះផង។

គួរបញ្ជាក់ដែរថា ប្អូនប្រុស ទេព ពិសិដ្ឋ បានក្លាយជាម្ចាស់ពាន ដោយត្រូវហង្សមាស ប្រកាសថាមានអ្នកបោះឆ្នោតឱ្យច្រើនជាងគេ ថ្វីដ្បិតថាដ្យាក្រាមនៃការបោះឆ្នោត មិនត្រូវបានកម្មវិធីបង្ហាញដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត។ កុមារា ទេព ពិសិដ្ឋ ទទួលបានទឹកប្រាក់100លានរៀល ទទួលបានអាហារូបករណ៍នៅក្នុងសាលាអន្តរជាតិធំមួយ និងទទួលបានរង្វាន់ជាច្រើនទៀត ក្នុងពេលដែលប្អូនក៏ត្រូវបានហង្សមាសកុងត្រាឱ្យច្រៀងរយៈពេលមួយឆ្នាំ ដែលម្នាក់ៗរំពឹងថានឹងល្បីដោយមិនពិបាក។

ស្របជាមួយគ្នាគេមើលឃើញគ្រូបង្វឹក កញ្ញា ឱក សុគន្ធកញ្ញា ញញឹមបិទមាត់មិនជិតនោះទេ បន្ទាប់ពីកូនក្រុមរបស់នាង បានក្លាយជាម្ចាស់ពាន ដែលនេះក៏មានន័យថានាងមានសមត្ថភាពខ្ពស់តាំងពីការជ្រើសរើសដណ្ដើមកូនក្រុមយកមកធ្វើជាកូនក្រុមរបស់ខ្លួន និងមានសមត្ថភាពខ្ពស់ក្នុងការបង្វឹក ទើបធ្វើឱ្យកូនក្រុមរបស់នាងបានក្លាយជាម្ចាស់ពានតាមការគ្រោងទុក។ នាងត្រូវគេឃើញសប្បាយ និងសើចទះដៃដល់ថ្នាក់ហូរទឹកភ្នែក ដែលមានន័យថា រំភើបចង់ជាងសាមីខ្លួនទៅទៀត ព្រោះតែអរនឹងកូនក្រុមរបស់ខ្លួនកាន់ពាន៕