មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​2 ប្រកាសបើកភាពយន្ដខ្នាតខ្លីចំនួន6រឿង

ភាពយន្ដខ្នាតខ្លីចំនួន6រឿង នឹងត្រូវជ្រើសរើសយកទៅ​វគ្គ​ផ្តាច់​ព្រ័​ត្ត ​នៅ​ថ្ងៃ​បើក​ការប្រកួត​ស្តីពី​ការរៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​2 នៅ​សាល​មហោស្រព​ភាពយន្ត​ចតុមុខ ដែលរៀបចំឡើងនៅ​ថ្ងៃទី10ខែវិច្ឆិកា ឆ្នាំ2018 មានភ្ញៀវកិត្តិយស និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម​​។ នៅក្នុងពិធីនេះ គេឃើញមានភាពយន្តខ្នាតខ្លីដែលជាស្នាដៃរបស់ផលិតករវ័យក្មេងច្រើននាក់ចូលរួមប្រកួតប្រជែងគ្នា ដោយស្នាដៃទាំងនេះ ក៏ត្រូវគេអះអាងថាគឺ ជាជំហាននៃការឈានទៅប្រកួតប្រជែងនៃភាពយន្តខ្នាតវែង។

ក្នុងនោះភាពយន្តដែលប្រកួតប្រជែង ដែលបានចាក់បង្ហាញខ្លីនៅលើអេក្រង់ ក៏សុទ្ធតែជាស្នាដៃល្អៗដែលមានកម្រិតត្រូវបានគណកម្មការកោតសរសើរផងដែរ ជាពិសេសគឺពន្លឺ សំឡេង និងសាច់រឿងតែម្ដង ដោយស្ទើរមិនជឿថានោះជាស្នាដៃរបស់ផលិតករក្មេងៗ ដែលបានផលិតឡើងដើម្បីប្រកួតប្រជែងគ្នាឡើយ គឺសមតែជាស្នាដៃរបស់អ្នកអាជីពយូរឆ្នាំច្រើនជាង។ យ៉ាងណាមិញ នៅមិនទាន់ដឹងថាស្នាដៃរបស់ផលិតករវ័យក្មេងរូបណា នឹងទទួលបានជ័យលាភីពីការប្រកួតប្រជែងនេះទេ ខណៈដែលម្ចាស់ស្នាដៃនឹងមានកិត្តិយស ហើយក្លាយជាផលិតករល្បីឈ្មោះ បើអាចគ្រងតំណែងម្ចាស់ពាន ក្រោយគណកម្មការផ្ដល់ពិន្ទុឱ្យ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ថា វត្តមានមហោស្រពភាពយន្តខ្នាតខ្លី នឹងជំរុញឱ្យផលិតករក្មេងៗច្រើនឡើងបញ្ចេញស្នាដៃ ហើយមិនយូរនោះទេ ធនធានទាំងនោះនឹងបង្កើតស្នាដៃកាន់តែល្អក្នុងការផលិតភាពយន្តវែងៗ ដែលជាភាពយន្តស្ដង់ដារសម្រាប់តម្រូវការអ្នកទស្សនា។ លោកស្រីក៏លើកទឹកចិត្តឱ្យមានការផលិតស្នាដៃចូលរួមឱ្យបានកាន់តែច្រើនដើម្បីជាប្រយោជន៍ក្នុងវិស័យភាពយន្តខ្មែរ និងដើម្បីឱ្យអ្នកមានទេពកោសល្យបានក្លាយជាអ្នកអាជីព តាមរយៈការប្រកួតប្រជែងភាពយន្តខ្នាតខ្លីដែលក្រសួងនឹងធ្វើជារៀងរាល់មួយឆ្នាំម្ដងនេះ៕

Advertisement