អបអរសាទរ! កម្ពុជាបានបំបែកកំណត់ត្រាឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោក

សាទរប្រទេសកម្ពុជាបានបំបែកកំណត់ត្រាពិភពលោកទូកងវែងជាងគេលើពិភពលោក ដែលខណៈមុននេះបន្ដិចគណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង 87.3 ម៉ែត្រ”។

លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «​ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង 87.3 ម៉ែត្រ ត្រូវបាន​បំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»។ ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុស កញ្ញា ឱក សុគន្ធកញ្ញា និងតារាកិត្តិយសជាច្រើនរូប ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

សូមជម្រាបដែរថា ទូកនេះ មានប្រវែងរហូតដល់87.3 ម៉ែត្រ, ទទឹង1.94ម៉ែត្រ និងជម្រៅ 0.8ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់ 179នាក់ឯណោះ ដោយ100 នាក់មកពីទាហានជើងទឹក និង79នាក់ មកពីនគរបាលជើងទឹក៕

Advertisement