តារាស្រី​ម្ចាស់សម្អាងការ លី ច័ន្ធសីហា ចូលរោងការថ្ងៃទី៥ ខែ៥ ឆ្នាំខាងមុខនេះ​ហើយ!

ភ្នំពេញៈ តារាសម្តែ​ង​ជា​​ថៅកែ​ស្រី​វ័យ​ក្មេង​សម្អាង​ការ កញ្ញា លី ច័ន្ទ​សីហា និង​​គូ​ដណ្តឹង​និស្សិត​យោធា​​​មាឌ​ធំ​​លោក​ ច័ន្ទ ថៃសេង ​​បាន​ដើរ​ចែក​ធៀប​ការ​ជា​បណ្តើរៗ​ហើយ ខណៈ​ពិធី​មង្គល​ការ​នឹង​ចូល​ក្រាប​ផ្ទឹម​នៅ​ក្នុង​​រោង​​​ជ័យ​ ​នៅ​ថ្ងៃ​សុក្រ​ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧​​ ខាង​មុខ​នេះ​ ក្រោយពី​​បានវេលា​​​ល្អ ​និង​កំណត់​យក​ជា​ផ្លូវ​ការ​ ដែល​បាន​ត្រៀម​រៀបចំ​ទទួល​​ភ្ញៀវ​ចំនួន​ ១២០តុ។​

ថ្លែង​ទាំង​​​រូប​នាង​កំពុង​តែជាប់​​ថត​​ឈុត​នៃ​កុន​ភាគ​រឿង​​ «វេទ​មន្ត​ស្នេហ៍» នៅ​ឯ​ខេត្ត​កំពង់ធំ​ តារា​ស្រី​ដែល​ម​មា​​ញឹក​​ទាំង​ការ​ងារ​​អាជីវ​កម្ម​ទើប​ពង្រីក​បន្ថែម​​​ហាង​ថ្មី​ និង​​សិល្បៈ​ ខណៈ​ថ្ងៃ​មង្គល​ការ​កាន់​តែ​ខិត​ជិត​​​មក​​ដល់​នោះ​ កញ្ញា លី ច័ន្ទសីហា បង្ហើប​ប្រាប់​ត្រួសៗ​ពី​គម្រោង​នៃ​ពិធី​មង្គល​ការ​ខ្លួន​ថា៖ «ចូល​រោង​ការ​​នៅ​​ថ្ងៃ​​សុក្រ​​​ទី​ ៥ ខែ​ ៥ ខាង​មុខ​នេះ ដោយ​នាង​ខ្ញុំ​​គ្រោង​រៀបចំ​ទទួល​ភ្ញៀវ​ចំនួន​ ១០០ តុ ហើយ​ក៏​មាន​ការ​​​ត្រៀម​​​ទុក​ប​ន្ថែម​​ចំនួន​ ២០ ​តុ ដែរ។ ​តែ​ទី​កន្លែង​ទទួល​ភ្ញៀវ​វិញគឺ​​ធ្វើ​នៅ​ឯ​មជ្ឈ​មណ្ឌល​ម៉ូដែន ២ នៅឯ​​ចាក់​អង្រែ ឯណោះ ដោយ​​មិន​បាន​រៀបចំ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​នោះ​ទេ​ក៏​​ព្រោះ​តែ​អស់​កន្លែង​ បើ​ទោះ​បី​ជា​​ខំ​រក​កក់​ទុក​​តាំង​ពី​ ៥ ឬ ៦ ខែ​មុន​យ៉ាង​ណា​​ក្តី»។​

តារា​​​​​សម្តែង​​ស្រី​​ជាប់​​ងារ​ជា​តារា​ស្រី​​ទឹក​ភ្នែក​ ដែល​​បាន​​​​សម្តែង​នៅ​ក្នុង​ភាព​យន្ត​រឿង «​​មរណ​មាតា»​ និង​​រឿង «​កូន​​ក​ត​ញ្ញូ» ​​​កញ្ញា លី ច័ន្ទ​សីហា​ ​ប្រាប់​ថា៖ «សម្រាប់​អ្នក​សិល្បៈ​នាង​ខ្ញុំ​បាន​អញ្ជើញពួកគាត់​ចោះៗ ​តែ​អ្នក​ស្គាល់​​​​ប៉ុណ្ណោះ​​​ខ្លាំង​ប៉ុណ្ណោះ​សរុប​ទៅ​មាន​ចំនួន​ទាំង​អស់​ប្រមាណជា​ ២៧ តុ​ ឬ​ ២៨ តុ​។ ក្រៅ​ពី​នេះ​ជា​ភ្ញៀវ​ខាង​សាច់​ញាតិ​ទាំង​សង​ខាង និង​ភ្ញៀវ​ខាង​ទំនាក់​ទំនង​រក​ស៊ី​»។​ ដោយ​សារ​តែ​តារា​ស្រី​រូប​ គឺ​ជា​ថៅ​កែ​​ផ្នែក​​សម្អាង​ការ​ស្រាប់​​នោះ មើល​ទៅ​អាច​មាន​ការ​​ធូរ​​ស្រាល​ទៅ​​លើ​ការ​​ចំណាយ​​ផ្នែក​មួយ​នេះ​មិន​ខាន​ឡើយ​ ខណៈ​ថ្លៃ​ជួល​ផ្នែក​សម្អាង​ការ​​សម្រាប់​ក្រុម​គ្រួសារ​អ្នក​មាន ឬ​ក្រុម​​តារា​ល្បី​ៗ​មាន​តម្លៃ​ពី​​រាប់​ពាន់​ដុល្លារ​ទៅ​ដល់​ម៉ឺន​ដុល្លារ​ឯណោះ។​​

តែ​តារា​សម្តែង​ស្រី​​ជាថៅ​​កែ​សម្អាង​ការ​វ័យ​ក្មេង​កញ្ញា លី ច័ន្ទសីហា ​ដែល​បាន​ភ្ជាប់​​​​​​ពាក្យ​​នឹង​គូ​ដណ្តឹង​លោក ច័ន្ទ ថៃសេង តាំង​កាលពី​ថ្ងៃទី ៤ ខែ កុម្ភៈ​ ឆ្នាំ២០១៦​កន្លងមក ហាក់ដូចជា​បាន​សម្តែង​អារម្មណ៍​ខុស​​ប្លែក​ពី​ក្តី​រំពឹង​ទុក​ថា​អាច​សម្រួល​ថត​លើ​​ការ​ចំណាយ​នេះ​ទៅ​វិញ ដោយ​កញ្ញា​​បាន​ពន្យល់​​​លម្អិត​ថា៖ «បើ​​​​តាម​ការ​​ពិត​ទៅ​នោះ​ ​​នាង​ខ្ញុំ​យល់​ថា​ ប្រសិន​បើ​ជា​នាង​ខ្ញុំ​ជួល​សម្អាង​ការ​គេ​វិញ​ ប្រហែល​ជា​អស់​តិច​ជាង​សម្អាង​​ការ​ខ្លួន​ឯង​។ ​ព្រោះ​តែ​រៀបការ​ខ្លួន​ឯង និង​ជា​ម្ចាស់​សម្អាង​ការ​ទៀត ទើប​តម្រូវ​ឲ្យ​នាង​ខ្ញុំ​មាន​​ការ​​គិត​​គូរ​ត្រូវ​ចំណាយ​​លើ​ការ​ទិញ​សម្លៀក​បំពាក់​គឺ​សុទ្ធ​តែ​​ថ្មីៗ​ទាំង​អស់​គ្រប់​គ្នា​ទាំង​កូន​ក្រមុំ កូន​កម្លោះ​​ និង​អ្ន​ក​កំដរ​​ រួម​ទាំង​​សម្ភារៈ​ផ្សេងៗ​ទៀត។ ដូច្នេះ​នាងខ្ញុំ​យល់​ថា មហាជន​​​ជា​អតិថិ​ជន​​ក៏​​​ចាំ​រំ​ពៃ​​​មើល​​ឈុត​រៀប​អាពាហ៍​ពិពា​ហ៍​​របស់​នាង​ខ្ញុំ​ផង​ដែរ​​ បើ​មិន​ស្អាត​ទេ គឺ​ពួកគាត់​​ក៏​នឹង​មិន​ចាប់​អារម្មណ៍​ជួល​សម្អាង​ការ​ខ្ញុំ​នោះ​ឡើយ»៕​

Advertisement