តារាសម្ដែង ចៅខ្មែរ រៀបការភេទដូចគ្នា កក្រើកពេញពិភពសិល្បៈ

មានគូស្នេហ៍ស្រឡាញ់ភេទដូចគ្នានៅក្នុងចង្កោមសិល្បៈ បានបង្ហាញមុខមាត់ជាបន្ដបន្ទាប់ដែលធ្វើឱ្យមហាជននឹកស្មានមិនដល់ ហើយខ្លះក៏មានអារម្មណ៍រំភើបជំនួសពួក ខណៈពួកគេបានដឹកដៃគ្នាចូលរោងការ។ ស្របជាមួយគ្នានោះដែរ តារាសម្ដែងប្រុស ដែលមហាជនជាច្រើនស្គាល់ថាជា ចៅខ្មែរ ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី នៅថ្ងៃទី 12 ខែវិច្ឆិកា នេះ។ បើទោះជាភេទដូចគ្នា តែអ្នកទាំងពីរបានប្រកាសឱ្យដឹងពីគម្រោងជីវិត ដើម្បីចងសម្ព័ន្ធប្ដីប្រពន្ធរបស់ខ្លួនឱ្យរឹងមាំ។

ជាមួយនឹងការតាំងចិត្ត លោកបានប្រកាសថានឹងធ្វើឱ្យសង្គមអ្នកសិល្បៈដឹងថាទោះជាគូស្នេហ៍ភេទដូចគ្នា តែក៏មិនឱ្យសង្គមគ្រួសារស្ដីថានោះដែរ។ លោក ចៅខ្មែរ និយាយថា ដ្បិតតែលោករៀបការភេទដូចគ្នា ដែលច្បាប់រដ្ឋមិនអនុញ្ញាតិ ប៉ុន្តែលោកបានធ្វើឡើងធំដុំ ដោយមានពិធីសូត្រមន្ត និងចងដៃមិនខុសពីមង្គលប្រុសស្រីទូទៅនោះទេ ដ្បិតថាពិធីខ្លះគ្រាន់តែធ្វើរបៀបឧបកិច្ចៗ។ ពិធីនោះ ក៍ភ្ជាប់នឹងពិធីឡើងផ្ទះ និងសម្ពោធហាងលក់ផលិតផល ដែលអ្នកទាំងពីរសន្សំលុយកាក់រួមគ្នាទិញបាន។

ក្នុងពិធីនោះ លោកត្រូវគេឃើញសាច់ញាតិ និងមេបាទាំងខាងកូនកំលោះ និងខាងចៅខ្មែរ ចូលរួមដោយទឹកមុខសប្បាយរីករាយ ដោយតំណាងគ្រួសារទាំងសងខាង សុទ្ធតែបញ្ជាក់ថា គ្មានអារម្មណ៍អាម៉ាស់នោះទេ ផ្ទុយទៅវិញគឺសប្បាយចិត្ត និងគាំទ្រដែលកូនប្រុសទាំងពីរក្លាហានបញ្ចេញអារម្មណ៍ពិត ហ៑ានរៀបការជាមួយគ្នា។ មង្គលការនេះ ត្រូវគេឃើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ដោយកាន់តែយប់ជ្រៅ កាន់តែសម្បូរតារាសិល្ប:ចូលរួម បើទោះជាពិធីធ្វើឡើងក្នុងបុរីវាលស្បូវ៕

Advertisement