អតីតសិចស៊ី វ៉ាង ស្រីណូ ជូនកាដូរអ្នកមានគុណ រថយន្ដប្រណិត Lexus ថ្មីសន្លាង​មួយគ្រឿង

ជាក់ស្ដែងអតីតកំពូលតារាសម្ដែងស្រីសិចស៊ី វ៉ាង ស្រីណូ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលខណៈថ្មីៗ នេះ នាងបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍គ្រប់ៗគ្នា ដោយស្រីស្រស់រូបនេះ បានទិញរថយន្ត Lexus មួយគ្រឿង ធ្វើជាកាដូរ ជូនដល់អ្នកមានគុណ ជាទីស្រឡាញ់ទាំងពីរ ដែលនាងបានលើកឡើងថា ជារបស់ដែលលោកចង់បានជាយូរមកហើយ។

អតីតតារាស្រីជាទីចាប់អារម្មណ៍របស់មហាជនរូបនេះបានបង្ហោះសារថា «ជូនកាដូរឡានថ្មីដល់អ្នកមានគុណ ធ្វើបុណ្យទាន់ខែភ្លឺ អ្នកមានគុណស្រឡាញ់អី បើកូនមានសមត្ថភាព បំពេញបំណងលោកបាន កូននឹងធ្វើវាដើម្បីឲ្យលោក ទាំងពីររីករាយភ្លាម។ អ្នកមានគុណ គាត់មានប្រសាសន៍ថា គាត់ស្រឡាញ់ឡាន Lexus ហ្នឹង គាត់មិនចង់បានឡាន អីផ្សេងទេ ទោះឲ្យថ្លៃជាងហ្នឹងក៏គាត់មិនយកដែរ។ អ៊ីចឹងមានតែតម្រូវតាមចិត្តគាត់ កូនស្រឡាញ់លោកទាំងពីរ»។

តារាសម្ដែង ត្រូវបានមហាជនស្គាល់គ្រប់ទិសទី និងមានឈ្មោះជាអ្នកមានចិត្តបុណ្យ ជួយដល់អ្នកខ្វះខាតពេលជួបគ្រោះភ័យម្ដងៗ គឺកញ្ញា វ៉ាង ស្រីណូ ហាក់កំពុងតែលាក់ខ្លួនពួនអាត្មា ដាច់ឆ្ងាយពីវិស័យសិល្បៈ ស្ទើរតែទាំងស្រុងទៅហើយ។ ខណៈដែលថ្មីៗនេះ វ៉ាង ស្រីណូ បានដល់ត្រើយសុខសាន្ដត្រាណហើយ ព្រោះមានទ្រព្យដូចសេដ្ឋិនី ហើយនាងគ្មានគម្រោងវិលត្រឡប់ មករកអាជីពចាស់វិញនោះទេ។ កញ្ញា វ៉ាង ស្រីណូ ដែលបោះបង់អាជីពភាពយន្ដជាច្រើនឆ្នាំមកហើយ ពោលគឺរស់នៅសម្ងំសោយសុខលើគំនរទ្រព្យ និងតែងតែបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដទំនើបៗ ហើយនាងពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗ មិនចាញ់ជំទាវៗមួយចំនួនឡើយ៕

Advertisement