គ្រួសារតារាកម្ពុជា ពង្រឹងចំណងមិត្តភាពសិល្បៈជាមួយបងប្អូនខ្មែរ សុរិន្ទ

នៅព្រឹកថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ 2018 ប្រតិភូ និងសិល្បករកម្ពុជា បានបញ្ចប់ដំណើរចេញសម្ដែង និងទស្សនកិច្ចយ៉ាងជោគជ័យ ក្នុងព្រឹត្តិការណ៍កន្រ្ទឹមអាស៑ាន ដែលរៀបចំដោយក្រុមកន្រ្ទឹមប្រចាំខេត្តសុរិន្ទ ប្រទេសថៃ។ តំណាងសិល្បករកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងព្រឹត្តិការណ៍ ខណៈដែលតារាកម្ពុជា ក៍បានដើរតួផ្សព្វផ្សាយពីវប្បធម៌ និងអរិយធ៌របស់ខ្លួន បង្អួតភ្នែកជនជាតិថៃ និងភ្ញៀវអន្តរជាតិ ធ្វើឱ្យមានការចាប់អារម្មណ៍ពីកម្ពុជាយ៉ាងខ្លាំង។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំបែងចែកជាពីរដោយថ្ងៃទី16 ខែវិច្ឆិកា រៀបចំនៅខេត្តសៀមរាបប្រទេសកម្ពុជា ដោយធ្វើពិធីសែនគ្រូ និង សម្ពោធផ្ទះកន្រ្ទឹមអាស៑ានទី1 ដើម្បីផ្សព្វផ្សាយថាកន្រ្ទឹមជាសិល្បៈដើមរបស់ខ្មែរ និងដើម្បីឱ្យខ្មែរនៅគ្រប់ទិសទី និងជាតិសាសន៍ដទៃ ដែលចង់អភិរក្សកន្រ្ទឹម មកសិក្សាស្វែងយល់សិល្បៈកន្រ្ទឹមនៅផ្ទះកន្រ្ទឹមនៅសៀមរាប ដោយបើកចំហរ។ មួយថ្ងៃបន្ទាប់ នៅក្នុងប្រទេសថៃ ក៍ការរៀបចំការបង្ហាញម៉ូដ ច្រៀងរាំទ្រង់ទ្រាយធំ និងផ្សព្វផ្សាយពីកន្រ្ទឹម ដោយមានតារាខ្មែរ និងសិល្បករកន្រ្ទឹមល្បីៗនៅគ្រប់ទិសទីនៅក្នុងទូរទាំងខេត្តសុរិន្ទ និងប្រទេសថៃបង្ហាញខ្លួន។

លោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា និង លោក ផាត់ តារារដ្ឋ ស្ថាបនិក”គ្រួសារតារាកម្ពុជា” គឺជាអ្នកនាំតារាខ្មែរ និងរៀបចំទម្រង់សិល្បៈទៅផ្សព្វផ្សាយនៅទីនោះ ខណៈដែលតារានីមួយ ត្រូវបានជនជាតិថៃចាប់អារម្មណ៍ និង កោតសរសើរយ៉ាងខ្លាំង ជាពិសេសកញ្ញា រំដួលលិចទឹក និង កញ្ញា វណ្ណា វត្តី ដែលបានគ្រងឈុតតំណាងខ្មែរចូលរួមក្នុងព្រឹត្តិការណ៍នោះ។ តារាពីកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីគណកម្មការរៀបចំ និងថ្នាក់ដឹកនាំប្រចាំខេត្តសុរិន្ទ ដោយក្រៅពីការសម្ដែង ក៏មានការក៏រៀបចំពិធីជប់លៀងទទួលតារាខ្មែរ ការអញ្ជើញជាកិត្តិយសឱ្យតំណាងប្រទេស ក្នុងពិធីបុណ្យដំរីទ្រង់ទ្រាយធំ ដែលមានអ្នកទស្សនាខ្ទង់ម៉ឺននាក់ និងជូនដើរទស្សនកិច្ចក្នុងតំបន់ប្រាសាទបុរាណ កន្លែងតម្បាញសូត្រល្បីល្បាញរបស់ថៃ ទស្សនកិច្ចសារមន្ទីរអភិរក្សសិល្បៈកន្រ្ទឹម និងកន្លែងធ្វើគ្រឿងអលង្ការពីប្រាក់ និងត្បូងប្រចាំខេត្តជាដើម។

គួរបញ្ជាក់ផងដែរថា បងប្អូនខ្មែរនៅសុរិន្ទ ដែលជាម្ចាស់ដើមរបស់កន្រ្ទឹម បានប្រកាសយ៉ាងក្ដែងៗថា កន្រ្ទឹមគឺជារបស់ខ្មែរ នឹងបានកោតសរសើរពីការចូលរួមរបស់តារា និងប្រតិភូពីកម្ពុជាយ៉ាងខ្លាំង ដោយតាមគម្រោងព្រឹត្តិការណ៍នឹងធ្វើកាន់តឬធំជាងនេះទៅទៀតនៅឆ្នាំក្រោយ។ បងប្អូនខ្មែរសុរិន្ទ បញ្ជាក់នៅក្នុងព្រឹត្តិការណ៍នោះថា ខ្លួននឹងស្វាគមន៍រាល់បងប្អូនខ្មែរកណ្ដាល ខ្មែរក្រោម និងជាតិសាសន៍ទាំងឡាយដែលចង់រៀនកន្រ្ទឹម ដោយឥតគិតថ្លៃ ដើម្បីឱ្យសិល្បៈរបស់ដូនតាខ្មែរមួយនេះ ត្រូវបានអភិរក្ស។ ក្នុងការស្វាគមន៍នោះ ក៍មានពិធីបួងសួង សកម្មភាពរាំលេងបង្កើនមិត្តភាពរវាងសុរិន្ទ និងកម្ពុជា និងពិធីគួចដៃដល់តារាខ្មែរឱ្យមានសិរីសួស្ដីដែលជាប្រពៃណីរបស់ជនជាតិខ្មែរសុរិន្ទដល់តារាខ្មែរ មុនពេលចាកចេញមកកម្ពុជា យ៉ាងកក់ក្ដៅផងដែរ៕

Advertisement