នាយ គ្រឿន ធ្វើឱ្យ​កក្រើក​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «ជួប​ស៊យ»​

នេះ​គឺជា​លើកដំបូង​ហើយ ដែល​កំពូល​តារា​កំប្លែង​មាន​ប្រជាប្រិយភាព​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ​បាន​បញ្ចេញស្នាដៃ​ក្នុងការ​តែង​និពន្ធ​សាច់រឿង និង​ចូលរួម​ដឹកនាំ​ការសម្ដែង​ខ្សែភាពយន្ត​ខ្នាត​ធំ រឿង «ជួប​ស៊យ» ក្រោម​ការផ្តល់​សិទ្ធិ និង​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture ខណៈដែល​តារា​កំប្លែង​រូបនេះ​ក៏​ជា​តួអង្គ​សំខាន់​ម្នាក់​សម្ដែង​នៅក្នុង​រឿង​មួយ​នេះ​ផងដែរ ។

ជាមួយនឹង​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែល​ពោរពេញ​ទៅដោយ​ឈុត​ឆាក​កំប្លុកកំប្លែង ដែល​ចំណាយ​លើ​ការផលិត​រហូតដល់​ជិត 5 ម៉ឺន​ដុល្លារ មួយ​នេះ នាយ​គ្រឿង បាន​អះអាងថា ខ្សែភាពយន្ត​ដែល​ស្នាដៃ​លើកដំបូង​របស់លោក​មួ​យ​នេះ​គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង ខណៈដែល​ផ្ទៃ​សាច់រឿង​ទាំងមូល​សុទ្ធតែ​អាចធ្វើឱ្យ​អ្នកទស្សនា​ផ្ទុះសំណើច សើច​ស្ទើរ​ចុកពោះ​តាំងពីដើម​រហូតដល់​ចប់ ហើយ​ក៏មាន​បញ្ចូល​ឈុត​បែប​កម្សត់​ផងដែរ ។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ថ្ងៃ​សម្ពោធ​ចាក់​បញ្ចាំង​នៅ​រោងកុន LEGEN ផ្សារ​ស្ទឹងមានជ័យ​ថ្មី​កាលពី​ល្ងាច​ថ្ងៃទី10 ខែមេសា ម្សិលមិញ​នេះ នាយ​គ្រឿន​បាន​បញ្ជាក់ថា ៖ «តាម​ការពិតទៅ​វា​ក៏​ជាការ​ងារ​លំបាក​សម្រាប់​ខ្ញុំ​ដែរ ព្រោះ​ទី1វា​ជា​ស្នាដៃ​លើកដំបូង​របស់ខ្ញុំ ហើយ​ទី2 ពិបាក​ក្នុងការ​ប្រាប់​តួ​សម្ដែង ប៉ុន្តែ​ក៏បាន​ការជួយ​ណែនាំ​ពី​បង​ចាងហ្វាង លីដា ច្រើន ។ ខ្ញុំ​មិនអាច​និយាយបានថា ស្នាដៃ​របស់ខ្ញុំ​មួយ​នេះ​វា​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់ថា ខ្ញុំ​បាន​ប្រឹងប្រែង និង​ព្យាយាម​អស់​លទ្ធភាព​របស់ខ្ញុំ​ហើយ ហើយក៏​គិត​ខ្លួនឯង​ថា វា​នឹង​ល្អប្រសើរ​បាន​ច្រើនជាង » ។

ជាមួយនឹង​ការបញ្ជាក់​ពី​ភាពលំបាក​ក្នុង​ការសរសេរ​សាច់រឿង និង​ដឹកនាំ​សម្ដែង ខណៈដែល​ខ្លួនឯង​ផ្ទាល់​ក៏​ជា​តួអង្គ​សំខាន់ ដែលមាន​ឈ្មោះថា នាយ ស៊យ នោះ នាយ គ្រឿន ក៏បាន​បង្ហើប​ប្រាប់​ពី​សាច់រឿងត្រួសៗផងដែរ​ថា ចំពោះ​ខ្សែភាពយន្ត​ខ្នាត​ធំ បែប​កំប្លែង និង​កម្សត់​មួយ​នេះ គឺ​គ្រប់​មនុស្ស​ទាំងអស់ ដែល​បាន​ជួប​ជាមួយ​នាយ ស៊យ ដែល​សម្ដែង​ដោយ​រូបខ្ញុំ​នេះ គឺ​ត្រូវតែ​ស៊យ​ជួប​រឿង​មិនល្អ ឬ​មាន​គ្រោះថ្នាក់​ជាដើម ដែល​ភាព​ចង្រៃ ភាព​ស៊យ​នេះ​មាន​តាំងពី​ជំនាន់​ឪពុក​រហូត​បន្ត​ដល់​កូន​ជំនាន់​ក្រោយ ។ ដោយឡែក​មាន​តួអង្គ​ម្នាក់ទៀត គឺ​ឈ្មោះ នាយ ហេង ខណៈដែល​គ្រប់​មនុស្ស​ទាំងអស់​ដែល​បាន​ជួប​ជាមួយ​នាយ ហេង គឺមាន​សំណាង​តែម្ដង ។ ក៏ប៉ុន្តែ បើទោះជា​សាច់រឿង​នេះ​ភាគច្រើន​មាន​ឈុត​ឆាក​កំប្លុកកំប្លែង ផ្ទុះសំណើច​ក៏ដោយ តែ​នៅ​ចុងបញ្ចប់​នៃ​សាច់រឿង គឺមាន​ឈុត​បែប​កម្សត់​ខណៈដែល​តួឯក​ត្រូវបាន​ស្លាប់​ដោយ​ជំងឺមហារីក​ខួរក្បាល ដែល​សម្ដែង​ដោយ លោក ជា សុវណ្ណ​ន​រា​ហ៍ ។

សូមបញ្ជាក់​ផងដែរ​ថា ជាមួយ​ផ្ទាំងទស្សនីយភាព​ដ៏​កក្រើក ដែល​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី13 ខែមេសា ខាងមុខនេះ មាន​វត្តមាន​របស់​តារា​សម្ដែង និង​តារា​កំប្លែងល្បីៗជាច្រើន ដូចជា លោក ទេព រិន្ទ​ដា​រ៉ូ, អ្នកស្រី ប៉ែន សុផាន់​នី , នាយ គ្រឿន , នាយ ពាក់​មី , អ្នកនាង ខ្ញុង , លោក ជា​សុវណ្ណ​ន​រា​ហ៍ , លោក ងួន សុបិន , កញ្ញា គៀត សុ​វណ្ណា​ឡាង , កញ្ញា សាឡាត ស្រី​នាង , នាយ ក្រឹប , ឌី​ជេ BIG , ឌី​ជេ KAKA រួម​នឹង​តារា​កិត្តិយស​ជាច្រើន​នាក់​ទៀត៕

Advertisement