ណុប បាយ៉ារិទ្ធ ក្ដុកក្ដួលអារម្មណ៍ ពោលអាណិតក្មេងស្រីបីប្អូនចូលរៀន

នៅពេលថ្មីៗនេះ គេមើលឃើញក្នុងហ្វេសប៊ុករបស់អ្នកគ្រូម្នាក់បានបង្ហោះសារ និងរូបប៉ុន្មានសន្លឹក ដោយគ្រាន់តែឃើញភ្លាមធ្វើឱ្យអ្នកលេងហ្វេសប៊ុកនាំគ្នាចែករំលែកជាង 2 ម៉ឺននាក់ទៅហើយ បើទល់ពេលនេះម៉ោងនេះ ព្រោះរឿងមួយនេះពិតជាជាក់ដោតអារម្មណ៍ខ្លាំងណាស់។

អ្នកគ្រូម្នាក់នេះឈ្មោះ Povthavy Ung ក៏បានសរសេររៀបរាប់ពីសិស្សម្នាក់នេះថា « រំជួលចិត្ត​ណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ​ ៖ អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូនមករៀនជាមួយដែរ គ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅស៊ីឈ្នួលគេនៅឆ្ងាយ​ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង​ 8៖30 គាត់មកយកប្អូនពីខ្ញុំវិញហើយ​ ប្អូនប្រុសខ្ញុំអាយុ 5ខែ »។ ក្រោយពេលបង្ហោះហើយ អ្នកលេងបណ្ដាញសង្គមពោលពាក្យអាណិតអាសូរគ្រប់គ្នា រួមទាំងតារាសម្ដែង និងចម្រៀងផងដែរ។

មើលឃើញតែទទួលដំណឹងមួយនេះ បានធ្វើឱ្យកំពូលតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសគឺលោក ណុប បាយ៉ារិទ្ធ​ មានអារម្មណ៍ក្តុកក្តួលជាខ្លាំង ដោយលោកអត់ទ្រាំមិនបានក៏បង្ហោះសារមួយចេញពីចិត្តលោកថា «រំជួលចិត្តណាស់ ជីវិតគឺបែបហ្នឹង តស៊ូ ព្យាយាម ជូនពរឱ្យក្មួយមានអនាគតល្អទៅថ្ងៃខាងមុខ»៕

Advertisement