ភាពយន្ដ «ព្រាយ» បង្ហាញប្លង់ភ័យរន្ធត់សាហាវខ្លាំងពេក រហូតដល់ជាប់បម្រាមក្រសួង

យោងតាមការបង្ហោះរបស់ផេចបដិហារ្យភាពយន្ត បានសរសេរថា នាយកដ្ឋានភាពយន្ត មិនអនុញ្ញាតឱ្យក្មេងអាយុក្រោម15ឆ្នាំ ចូលទស្សនាភាពយន្តរឿង«ព្រាយ»នោះទេ ដោយនាយកដ្ឋានក៏មិនឱ្យអ្នកមានជំងឺបេះដូងចូលទស្សនាដូចគ្នាផងដែរ ព្រោះតែអះអាងថាភាពយន្តនេះមានឈុតឆាកច្រើនបង្ហាញពីភាពរន្ធត់ខ្លាំង ហើយអាចបណ្ដាលឱ្យអ្នកមានជំងឺបេះដូងមានបញ្ហាជាយថាហេតុតនៅក្នុងរោងកុន។

លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យបានអះអាងថា អ្វីដែលខាងនាយកដ្ឋានភាពយន្តដាក់បម្រាម រូបលោកមិនមានប្រតិកម្មនោះទេ ផ្ទុយទៅវិញលោកក៏គាំទ្រមិនឱ្យក្មេងក្រោម15ឆ្នាំ និងអ្នកមានបញ្ហាបេះដូងចូលទស្សនានោះដែរ ដោយលោកបញ្ជាក់ថា មិនអាចគ្រាន់តែចង់បានផលចំណេញហើយមិនគិតពីផលប៉ះពាល់។ លោកអះអាងថា ក្នុងភាពយន្តរឿង«ព្រាយ»នេះត្រូវបានសម្រិតសម្រាំង និងផលិតឡើងដោយយកចិត្តទុកដាក់លើគុណភាពរឿងយ៉ាងខ្លាំង ទើបលោកនៅតែរំពឹងថានឹងមានអ្នកទស្សនាចាប់អារម្មណ៍ ព្រោះតែភាពយន្តទាំងមូល គឺផ្ដោតលើគុណភាព ស្ដង់ដារ និងពោរពេញដោយឈុតភ័យរន្ធត់។

យ៉ាងណាមិញបើដឹងថាខ្លួនមានបញ្ហាបេះដូង ហើយចង់ទស្សនាក៏ទាមទារឱ្យមានមនុស្សពីរនាក់នៅទស្សនាជាមួយផងដែរ ដើម្បីការពារកុំឱ្យមានរឿងកើតឡើង។ ជាមួយនឹងបកស្រាយ ភាពយន្តមួយនេះ ពិតជាពោរពេញដោយប្លង់សាហាវៗ និងគួរឱ្យភ័យរន្ធត់ប្រាកដមែន ប៉ុន្តែគេនៅតែរំពឹងថាការដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី13 ខែធ្នូ ខាងមុខនេះ នឹងកញ្ជ្រោលអ្នកចូលចិត្តភាពយន្តរន្ធត់ៗ ឱ្យសម្រុកទៅទស្សនាស្របគ្នានឹងឱកាសជិតដាច់ឆ្នាំ គឺមានមនុស្សចូលចិត្តលម្ហែកាយច្រើនជាពិសេសអ្នកចូលចិត្តមើលកុនខ្មែរ៕

Advertisement