ផលិតកររឿង « ព្រាយ » ក្តុកក្តួលស្រក់ទឹកភ្នែកចង់លើកស្ទួយក្បាច់គុនល្បុក្កតោ

ពិធីសម្ពោធភាយន្ដ « ព្រាយ » ដែលបានធ្វើឡើងក្រោមវត្តមានតារាសិល្បៈច្រើនដួងនៅថ្ងៃទី11 ខែធ្នូឆ្នាំ លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្តបានសម្រក់ទឹកភ្នែក និងរំពឹងពីការរីកចម្រើនវិស័យភាពយន្ដខ្មែរលាយបញ្ចូលវប្បធម៌ខ្មែរ ឆ្ពោះទៅមុខប្រកបដោយគុណភាព។

ជាក់ស្ដែង ផលិតកររូបនេះ បានបញ្ជាក់ទាំងទឹកភ្នែករលីងរលោងថា មនុស្សតិចណាស់ដែលចាប់អារម្មណ៍ថា លោកបានយំហូរទឹកភ្នែក ក្នុងពេលការសម្ដែងល្បុក្កតោត្រូវបានសម្ដែង ដោយលោកបានទាំងយកដៃជូតទឹកភ្នែកផង ដោយសារតែអាណិតអាសូរចំពោះកីឡាករកីឡាការិនីដែលប្រឹងសម្ដែងនោះពេល ដែលខ្លះទម្រាំតែចេះក្បាច់គុនដាវ និងក្បាច់ល្បុក្កតោបានប៉ុណ្ណឹង គឺត្រូវលះបង់យ៉ាងលំបាក ប៉ុន្តែសម្រាប់ការគាំទ្រវិញ គឺមិនសូវមាន។

លោកចាត់ទុកថា កីឡាករកីឡាការិនីល្បុក្កតោ ដែលប្រឹងសម្ដែងនៅថ្ងៃសម្ពោធភាពយន្តរបស់ខ្លួន ថាសុទ្ធតែបុគ្គលដែលមានឆន្ទៈ ដោយមិនខុសពីលោកដែលប្រឹងទាំងលំបាកដែលសុខចិត្តលះបង់លុយកាក់ និងពេលវេលាមកផលិតកុននោះទេ ទើបដល់ឈុតកីឡាករកីឡាការិនីកាន់ដាវកាប់គ្នាលើឆាក ធ្វើឱ្យលោកស្រក់ទឹកភ្នែកកណ្ដាលចំណោមមហាជន ព្រោះតែគិតដល់ការប្រឹងប្រែងរបស់ខ្លួន ដែលដូចគ្នានឹងការប្រឹងប្រែងរបស់កីឡាករល្បុក្កតោម្នាក់។

គួរបញ្ជាក់ផងដែរថា ភាពយន្ត« ព្រាយ » នឹងប្រកាសលក់សំបុត្រព្រមគ្នានៅថ្ងៃទី13 ធ្នូ នៅភ្នំពេញ និងសៀមរាប ព្រមទាំងតាមបណ្ដារោងផ្សេងៗ ដូចជា​បាត់ដំបង និងកំពង់ចាមជាដើម៕

Advertisement