ប្រញាប់ឡើង !!! សំបុត្រទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យទម្រង់ 100 ឆ្នាំ​រឿង ព្រះនាងវឌ្ឍនាទេវី ជិតអស់សំបុត្រហើយ

តាមការទម្លាយលើបណ្ដាញសង្គមបានឱ្យដឹងថា ការដាក់លក់សំបុត្រនៅលើប្រព័ន្ធអនឡាញន៍នៃការសម្ដែងល្ខោនព្រះរាជទ្រព្យ​នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តែងរឿង​ “ព្រះនាងវឌ្ឍនាទេវី” ដែលជាស្នាព្រះហស្ថតម្លើងថ្មីដោយ​ សម្តេចរាជបុត្រី​ ព្រះរៀមនរោត្តមបុប្ផាទេវី ដែលនាដកា (អ្នករបាំ) ទាំងអស់សម្តែងជាទម្រង់នាដកាហ្លួងព្រះស៊ីសុវត្តិកាលពី100 ឆ្នាំមុន​ ខណៈនេះមានការគាំទ្រហួសពីការស្មាន រហូតជិតអស់កន្លែងអង្គុយហើយ។

សូមជម្រាបថា ល្ខោនព្រះរាជទ្រព្យឬល្ខោនក្បាច់បុរាណខ្មែរ​រឿង​ “ព្រះនាងវឌ្ឍនាទេវី​ “គឺជាស្នាព្រះហស្ថដំឡើងថ្មីដោយ​ សម្តេចរាជបុត្រី​ ព្រះរៀមនរោត្តមបុប្ផាទេវី​ និងជារឿងយកលំនាំតាមរឿងក្រិកបុរាណ​ “​Cupid and Psyche”​ ។

នៅនគរមួយមានព្រះមហាក្សត្រមួយអង្គ​ មានបុត្រីស្រស់ស្អាតចំនួនបីអង្គ​ បុត្រីដែលស្អាតដាច់គេគឺបុត្រីពៅ​ដែលមានឈ្មោះថា​វឌ្ឍនាទេវី​។ សម្រស់ដ៏ល្អឯករបស់ព្រះនាង​ ល្បីខ្ទរខ្ទា​រដែលធ្វើឱ្យរាជនីសម្រស់ឈ្មោះរាគីនៅឋានសួគ៌មានចិត្តច្រណែន។ ព្រះនាងរាគីក៏បញ្ជាឱ្យបុត្រារបស់ខ្លួនឈ្មោះសមិទ្ធា (ទេវបុត្រកាមទេព)​ បាញ់ព្រួញស្នេហាធ្វើឱ្យវឌ្ឍនាទេវីបានជាគូនឹងសត្វគ្រុឌ។ ទទួលបញ្ជាព្រះមាតាភ្លាម​នារាត្រីស្ងាត់​ ទេវបុ្រតបានលួចបន្តក់ទឹកមន្តល្វីងលើព្រះនាង​ ចាប់ពីពេលនោះមកបើទោះជានាងមានសម្រស់ស្រស់ស្អាតយ៉ាងណា​ ក៏គ្មានក្សត្រាអង្គណាមួយចង់រៀបអភិសេកនឹងព្រះនាងឡើយ​។ ជឿតាមក្បួនហោរា​ ព្រះបិតាព្រះនាងក៏សម្រេចព្រះទ័យយកវឌ្ឍនាទេវីទៅបោះបង់ចោលលើកំពូលភ្នំដើម្បីជាគូនឹងសត្វគ្រុឌ។ ​ ទេវបុ្រតកាមទេព​ កាលបើបានឱកាសល្អ​ ទ្រង់ក៏យិតព្រួញកាមទេពសម្តៅលើវឌ្ឍនាទេវីនិងគ្រុឌ​ លុះពេលឃើញព្រះភក្រ្តព្រះនាង​ ទេវបុ្រតក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយយកព្រួញកាមទេពបាញ់ខ្លួនឯង​ រួចទ្រង់ក៏ក្រឡាខ្លួនជាមនុស្សមាសដើម្បីជួយព្រះនាង។ ក្រោយពីបានរួចខ្លួនពីកណ្តាប់ដៃគ្រុឌ​ វឌ្ឍនាទេវីក៏បានទៅដល់វិមានមួយដែលអ្វីៗសុទ្ធតែប្រណិត​។ ទេវបុ្រតកាមទេពនិងវឌ្ឍនាទេវីបានលួងលោមស្នេហានៅវិមាននោះ​ ប៉ុន្តែមានខសន្យាថា​ ដាច់ខាតព្រះនាងហាមលួចមើលព្រះភក្រ្តទេវបុ្រត ពុំនោះទេទេវបុ្រតនឹងចាកចេញភ្លាម។ ពេលវេលាកន្លងផុតទៅ​ ដោយក្តីនឹករឭក​ ព្រះនាងក៏សុំជួបបងស្រីទាំងពីរ​។

កាលបើបានមកដល់វិមានល្អក្រៃ​ បងស្រីទាំងពីរមានចិត្តច្រណែននឹងប្អូនពៅជាខ្លាំងក៏អុចអាលឲ្យប្អូនពៅសម្លាប់ប្តីដោយចោទថាប្តីនោះជាបិសាច​ ព្រោះមានតែបិសាចនិងមនុស្សអាក្រក់ទេដែលត្រូវរស់ដោយលាក់មុខ។ ជឿជាក់លើបងៗ​ វឌ្ឍនាទេវីក៏សម្រេចចិត្តលួចសម្លាប់ប្តី។ បេសកកម្មបរាជ័យ​ ទេវបុ្រតកាមទេពខកចិត្តយ៉ាងខ្លាំងហើយក៏ចាកចេញទៅ។ ដោយដឹងកំហុស​ វឌ្ឍទេវីក៏រត់តាមរកប្តីគ្រប់ច្រកល្ហក​។ ព្រះនាងរាគីយល់ហេតុការណ៍ក៏តាមធ្វើបាបព្រះនាង​ ដោយដាក់ប្រស្នាឲ្យវឌ្ឍនាទេវីធ្វើសព្វគ្រប់បើនាងចង់ជួបប្តី​។ ទីបំផុត​ ទេវបុ្រតកាមទេព​ និងវឌ្ឍនាទេវីបានរៀបអភិសេកនឹងគ្នា។

សូមចូលទៅកាន់ ៖ https://hello.last2ticket.com/event/1157/ ដើម្បីធ្វើការទិញសំបុត្រទស្សនា៕


 

Advertisement