ណុប បាយ៉ារិទ្ធ ត្រូវបានជនខិលខូចយកឈ្មោះនិងរូបភាពបន្លំដាក់លក់ដីឡូត៍

ខណៈមើលឃើញកំពូលតារាចម្រៀងល្បីៗ បានបើកជំនួញពុះដីឡូត៍គគ្រឹកគគ្រេងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ និងមើលឃើញថា តារាចម្រៀង ណុប បាយ៉ារិទ្ធ មានឈ្មោះល្បី និងជាតារាជើងចាស់មួយរូប ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនទៀតសោត ស្រាប់តែថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើឈ្មោះ និងរូបភាពតារាចម្រៀង ណុប បាយ៉ារិទ្ធ ពុះដីឡូត៍បង្ហោះលក់នៅលើហ្វេសប៊ុក។

ក្រោយពេលទទួលបានដំណឹងភ្លាមៗ តារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះ ហាក់បីដូចជាក្ដៅស្លឹកត្រចៀក ហើយមិនបណ្ដែតបណ្ដោយយូរ ក៏សរសេរថាបង្ហោះបញ្ជាក់ប៉ុន្មានឃ្លាថា «អាខោននេះ​មិនមែនជាអាខោនពិតរបស់ខ្ញុំទេ! ដូច្នេះសូមបងប្អូន​កុំមានការយល់​ច្រឡំ ខ្ញុំអត់មានទំនាក់ទំនងអីនឹងអាខោនមួយនេះ ឬម្ចាស់មុខរបរនេះទេ មុនសម្រេចចិត្តធ្វើអ្វីមួយសូមធ្វើការពិចារណា»៕

Advertisement