ថោនបើកភ្លើងខៀវឱ្យម្ចាស់បទ «មេម៉ាយសប្បាយចិត្ត» ហើយ??

ថ្មីៗនេះ មានការសង្ស័យពីបណ្ដាអ្នកគាំទ្រថា ផលិតកម្មថោន កំពុងតែបើកភ្លើងខៀវឱ្យតារាចម្រៀងស្រី រ័ត្ន រចនា ក្រោយ​ពី​ល្បី​បទ​ «មេម៉ាយសប្បាយចិត្ត» ។ តារាចម្រៀងស្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅពេលថ្មីៗនេះ ចម្រៀងតែមួយបទទេ បានធ្វើឱ្យជីវិតរបស់អ្នកនាងផ្លាស់ប្ដូរសឹងតែ 360 ដឺក្រេតែម្ដង ពោលគឺឡើងកូដ មានកម្មវិធីអញ្ជើញពេញៗថ្ងៃ សឹងតែរកពេលសម្រាកមិនបាន រហូតដល់ត្រូវបានអញ្ជើញទៅសម្ដែងទៅប្រទេសក្រៅចំនួន 3 ប្រទេសបន្តបន្ទាប់គ្នាថែមទៀតផងដែរ។

ស្របជាមួយដំណឹងហក់ចូលទ្រនំនេះដែរ អ្នកចម្រៀងមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ បានទម្លាយព័ត៌មានទៀតថា អ្នកនាងគ្រោងត្រៀម​ចេញ​ Original Song ផ្ទាល់​ខ្លួន​ ក្រោមទឹកដៃអ្នក​និពន្ធ​​​​ម្នាក់​ដែល​​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ថោន​គឺ​លោក យឹម តាស្រង់ ។ រ័ត្ន រចនា ថា ដោយ​សារ​តែ​មហាជន​មួយ​ចំនួន​ចង់​ឃើញ​នាង មាន​​ចម្រៀង​ផ្ទាល់​ខ្លួន​ច្រៀង​ទើបសម្រេច​ចិត្ត​​ធ្វើ​បទ​ Original song បំពេញចិត្តមហាជន​តែ​ម្ដង​ទៅ។ ការ​ចេញ​ចម្រៀង​ថ្មី​លើក​ដំបូង​នេះ​នាង សង្ឃឹម​ថា​​​នឹង​ទទួល​បាន​ការ​​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​​ផង​ដែរ។

សូមជម្រាបចំពោះ​ Original song ជា​ប្រភេទ​បទ​អ្វី​ រ័ត្ន រចនា សុំ​លាក់​សិន​​ព្រោះ​ចង់​​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​បទ​ថ្មី​​មួយ​នេះ​បង្ហោះ​នៅ​លើ​Youtube ឬ Face book ក្នុង​ពេល​ឆាប់​ៗ​នេះ៕

Advertisement