អ្នកនាង យក់ ថិតរដ្ឋា បន្ថែមជំនួញថ្មីមួយទៀត ក្រៅពីមុខ​ជំនួញ​រកស៊ីធំៗ

តារាសចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា ក្រៅពីអាជីពសិល្បៈ សព្វថ្ងៃ​នេះអ្នកនាង​មាន​ភាព​មមាញឹក​ច្រើន​ជាមួយមុខ​ជំនួញ​រកស៊ី​​ផ្ទាល់ ដោយ​បច្ចុប្បន្ន​កំពុង​ពង្រីក​បន្ថែម។ បើទោះបីជាមមាញឹកយ៉ាងណាក៏ដោយ អ្នកនាងក៏មិនបានដកឃ្លាពីសិល្បៈដែរ អ្នកនាង បានធ្វើ​ចម្រៀង​ថ្មីជាមួយខាងផលិតកម្មថោន ដែលត្រៀមចេញក្នុងពេលឆ្នាំថ្មីនេះ។

ជាការពិតណាស់ គេមើលឃើញថាជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលគ្រួសាររបស់អ្នកនាង យក់ ថិតរដ្ឋា គឺលោក ឃុំ ប៉ុណ្ណាដែត បាន​ទម្លាក់​ចោល​អាជីព​ជា​តារា​ចម្រៀង ទៅ​រក​ស៊ី​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង ដែល​ជា​មុខ​ជំនួញ​មួយ​ធ្វើ​ឱ្យសេដ្ឋកិច្ច​គ្រួសារ​​អ្នក​សិល្បៈមួយ​គូ​នេះ​​កាន់​តែ​មាន​ទ្រព្យ​​ច្រើន​ជាង​កាល​ប្រឡូក​សិល្បៈ​។ ទោះបីជា ស្វាមីអ្នកនាងទៅ​រក​ស៊ី​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង​ក៏​ពិត​មែន​ ប៉ុន្តែតារា​ចម្រៀង​រូប​នេះ​មិន​​ដែល​ធ្លាប់​ប្រាប់​ថា ក្រុមហ៊ុនរបស់ខ្លូន​មាន​ឈ្មោះ​​​អ្វី​នោះ​ឡើយ ហើយ​មាន​ភាគ​ហ៊ុន​បែប​ណា​ឡើយ។ ក្រៅពីជំនួញដីធ្លី តារាសិល្បៈស្រីរូបនេះ និងស្វាមី បាន​​​បើក​​​​ហាង​​បែប​ Pub ​មួយកន្លែងមានឈ្មោះ​ថា “វិចធើរីផាប” នៅ​ខាង​​កើត​​​​ស្ថានទូត​​រុស្សី ដោយ​គិត​មក​ដល់​ពេល​នេះ បាន​ដំណើរ​ការ​2ឆ្នាំជាងហើយ។

ជំនួញ​ទាំង​ពីរនេះ​លោក ឃុំ ប៉ុណ្ណាដែត គឺ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ទាំង​អស់ ចំណែក​ឯ ភរិយា អ្នក​នាង យក់ ថិតរដ្ឋា​វិញ ក៏​មិន​បណ្ដោយ​ឱ្យខ្លួន​ទំនេរ​ឡើយ ក្រៅ​ពី​ការងារ​សិល្បៈ​ដែល​នាង​មិន​ព្រម​ទម្លាក់​ចោល​នោះ គឺ​អ្នក​នាង​មាន​បើក​ហាង​​លក់​ផលិតផល​កែ​សម្ផស្ស​មួយ​ទៀត​ផង។ ហាង​លក់​ផលិតផល​កែសម្ផស្ស​មាន Brand ទទួល​បន្ត​ផ្ដាច់​មុខ​ពី​ប្រទេស​កូរ៉េ និង​ថៃ​ ចំណែក​ដើមទុន​ក្នុង​ការ​បើក ​អ្នកនាង​ថា​មិន​ច្បាស់ ព្រោះ​អ្វី​ៗ​ភាគច្រើន​សុទ្ធតែ​ស្វាមី​ជា​អ្នក​រ៉ាប់រង​ទាំងអស់។ រហូតមកដល់ពេលថ្មីៗនេះ ស្រាប់តែគេឃើញថា អ្នកនាង យក់ ថិតរដ្ឋា​ បន្ថែមអាជីពមួយផ្សេងទៀត គឺ «យក់ ថិតរដ្ឋា លក់ក្រណាត់ប៉ាក់ » អ្នកនាងថា បាននាំចូលក្រណាត់ប៉ាក់ស្អាតជាច្រើនដោយផ្ទាល់ពីរោងចក្រតែម្តង។

ចុងក្រោយមហាជនបានកត់សម្គាល់ថា តារាចម្រៀងស្រីល្បីឈ្មោះមួយរូបនេះ មានជំនួញក្ដោបនៅក្នុងដៃ ជាមួយនិងស្វាមីច្រើន មិនចាញ់សិល្បករមួយចំនួនឡើយ បើទោះបីជាស្វាមីបានផ្អាកពីសិល្បៈក្ដី តែអ្នកនាងនៅតែបន្ដបោះជំហ៊ានលើវិថីកម្សាន្ដមួយនេះដដែរ៕

Advertisement