កំពូល​តារា​សម្ដែង​ថៃ នាង Vicki បង្ហាញខ្លួន​នៅ​កម្ពុជា

គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​កំពូល​តារា​សម្ដែង​ថៃ​ល្បីល្បាញ​អ្នកនាង Vicki Sunisa Jett ដែល​គេ​បាន​ស្គាល់​ច្រើន​ក្នុង​ភាពយន្ត​ភាគ​ថៃ ជាពិសេស​ក្នុង​រឿង «យ៉ា​នី​កំពូល​ស្នេហ៍» បានប្រកាស​ជំហរ​គួរអោយភ្ញាក់ផ្អើល ដើម្បី​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងពេលដែល​អ្នកនាង​បង្ហាញមុខ​ក្នុង​ពិធី​ប្រកាស​ដំណើរការ​គ្លីនិក​វះកាត់​សម្ផស្ស​អ៊ី​វ៉ូ​ល ដែលជា​គ្លីនិក​ធំ​មួយ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី11 មករា នៅ​ណាហ្គា​វើ​ល។

អ្នកនាង​ត្រូវគេ​ឃើញ​ចុះហត្ថលេខា ព្រមជាមួយ​ពិធី​ចុះ​ផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផល​ល្បីល្បាញ​របស់​អ្នកនាង​ជាមួយនឹង​តំណាង​នៅ​កម្ពុជា អមដោយ​ការតាំង​ចិត្ត​ថា នឹង​លុកលុយ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​អោយបាន​ខ្លាំងក្លា​នៅ​កម្ពុជា បន្ថែម​ពីលើ​អាជីព​សម្ដែង ដែល​ជោគជ័យ។

តារា​សម្ដែង​ថៃ អ្នកនាង Vicki Sunisa Jett បាន​ថ្លែង​ក្នុង​វេទិកា​សិ​ន្និ​សីទ​នា​ថ្ងៃនោះ​ថា អ្នកនាង​បង្ហាញខ្លួន​នាពេលនោះ មិន​មែ​ជា​លើក​ទី1នោះទេ ហើយក៍​មិនមែន​គ្រាន់តែ​បង្ហាញខ្លួន​ក្នុងនាម​ជា​តំណាង​ផ្សព្វផ្សាយ​របស់​គ្លីនិក​អ៊ី​វ៉ូ​ល​នោះដែរ ពោល​គឺជា​លើក​ទី2នៅ​កម្ពុជា ហើយ​អ្នកនាង​មកកាន់​វេទ​កា​ទាំងមូល ក៍​ព្រោះ​អ្នកនាង​សម្រេចចិត្ត​ចាប់ដៃ​វិនិយោគ​នៅ​កម្ពុជា។

នៅក្នុង​ប្រទេស​ថៃ អ្នកនាង​ថា​ខ្លួន​គឺជា​អ្នកបង្កើត​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Liv White Diamond ដែល​រួមមាន ផលិតផល​ឡេ និង​ផលិតផល​ថែរក្សា​ស្បែក​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ ហើយ​មាន​ទីផ្សារ​ពេញនិយម​ប្រមាណ​ជាង3ឆ្នាំ​មកហើយ ទើប​ក្រោយពី​មានការ​សហការ អ្នកនាង​ក៍​សម្រេចចិត្ត​ប្រគល់​សិទ្ធិ​ចែកចាយ​ផលិតផល​របស់ខ្លួន​ទៅអោយ​កញ្ញា គង់ កែវ​មរកត ហៅ​ហ្វា​ង​កែវ នាយក​ប្រតិបត្តិ​គ្លីនិក​អ៊ី​វ៉ូ​ល មាន​សិទ្ធិ​ចែកចាយ​ផលិត​ម៉ាក​ល្បី​នេះ។

អ្នកនាង​ថា​ខ្លួន​ប្រឡូក​ការសម្ដែង​ភាពយន្ត​នៅក្នុង​ប្រទេស​ថៃ​ជាង20ឆ្នាំ​មកហើយ ដោយ​ភាពយន្ត​ដែល​អ្នកនាង​សម្ដែង​ជា​តួឯក​រាប់​ក៍មាន​មិន​អស់​ផងដែរ ដែល​ត្រូវបាន​ជនជាតិខ្មែរ ដែល​និយម​ភាពយន្ត​ថៃ​ទទួលស្គាល់។ អ្នកនាង​រំពឹង​យ៉ាងខ្លាំង​ថា កញ្ញា ហ្វា​ង​កែវ ដែល​បាន​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​នឹងធ្វើ​អោយ​ផលិតផល​របស់​អ្នកនាង​ជោគជ័យ​មិន​ចាញ់​នៅ​ទីផ្សារ​ប្រទេស​ថៃ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែល​ជនជាតិខ្មែរ​កាន់តែ​ចាប់អារម្មណ៍​ផលិតផល​ម៉ាកល្បីៗដើម្បី​សម្រស់​នាពេលនេះ។

អ្នកនាង​ព្រលយ​ថា​ស្ថិតក្នុង​វ័យ37ឆ្នាំ អ្នកនាង​នៅតែមាន​ទីផ្សារ​សម្ដែង​តួឯក ប៉ុន្តែ​បណ្ដាលមកពី​អ្នកនាង​ទើបតែ​សម្រាលកូន​ប្រុស​បាន​ជាង2ខែ ស្របគ្នា​ដែល​អ្នកនាង​មិនទាន់រួច​ដៃ​រឿង​មុខ​ជំនួញ​ផង ទើប​អ្នកនាង​ផ្អាក​ទទួល​មួយរយៈ។

គួរ​កត់​ស​ម្កាល់​ផងដែរ​ថា ជាមួយនឹង​វត្តមាន​របស់​កំពូល​តា​រា​សម្ដែង​ថៃ​ល្បីឈ្មោះ​ជា20ឆ្នាំ ខាងលើនេះ កញ្ញា គង់ កែវ​មរកត ដែលជា​នារី​មាន​សម្រស់​ស្រស់ស្អាត និង​មាន​ឥទ្ធិពល​ក្នុងការ​ទាក់ទាញ​អតិថិជន​នោះបាន​ក្លាយជា​នាយិកា​ប្រតិបត្តិ​គ្លីនិក ក្នុងនាម​ជា​ដៃគូ​ភាគហ៊ុន​ជាមួយ​អ្នកនាង Vicki Sunisa Jett រួមជាមួយ​លោក​វេជ្ជបណ្ឌិត ធឿ​ង សុំ​ពិសិដ្ឋ ដែលជា​ម្ចាស់​គ្លីនិក​ផ្ទាល់ ទើប​នាំឱ្យ​កើតមាន​ពិធី​កាត់​ខ្សែបូរ​ណ៌​ទាំង3ភាគី  និង​ប្រកាស​បើក​ដំណើរ​ជា​ផ្លូវការ​តែម្ដង ៕

Advertisement