អ្នកនាង ចនច័ន្ទ លក្ខិណា និយាយចំៗក្រោយនាយទុយចេញវីដេអូបកស្រាយ

ក្រោយពីផ្ទុះការសង្ស័យថា តារាសម្ដែងនិងជាពិធីករល្បីឈ្មោះ លោក អ៊ឹង រដ្ឋា ហៅទុយ ប្រើប្រាស់គ្រឿងញៀន ខណៈកំពុងនិយាយក្នុងការ Live Video នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅពេលថ្មីៗកន្លងទៅនេះ ភ្លាមៗស្រាប់តែគេឃើញថា អ្នកនាង ចន ច័ន្ទល័ក្ខិណា ចេញសារបញ្ជាក់អំពីរឿងរបស់លោកផងដែរ។

អ្នកនាង ចនច័ន្ទ បានលើកឡើងថា « តាមរយះការបកស្រាយវិដេអូនេះហើយនៅមានការលើកមតិជាច្រើនដែលជាចំណុចអវិជ្ជមាន បើគាត់ហ៊ានពិនិត្យទឹកនោមដើម្បីបកស្រាយបញ្ជាក់ការពិតឱ្យបងប្អូនដែលចង់ដឹងរឿងរបស់គេអស់ចិត្តតើបងប្អូនមានអ្វីឱ្យគាត់វិញ ? ឱ្យលុយ​ឱ្យផ្ទះ ឱ្យការងារមានប្រាក់ខែដល់គាត់ឬ ? ខ្ញុំមិនកាន់ជើងនិងគាំទ្រលើកទឹកចិត្តអ្នកប្រើប្រាស់គ្រឿងញៀនទេ តែខ្ញុំនិយាយតាមការបកស្រាយរបស់គាត់គឺគាត់បាននិយាយហើយ តែមតិរបស់មនុស្សមួយចំនួនគឺចូលចិត្តដេញជើងនិងជាន់គេណាស់ »។

ប្រធានសមាគមសិល្បករខ្មែររូបនេះ បានបន្ដថា « តាមរយះរឿងរ៉ាវមួយចំនួនកន្លងមកគឺបើបុគ្គលណាធ្វើអ្វីមួយឆ្គាំឆ្គង ហើយបុគ្គលនោះបានបកស្រាយសុំទោសជាសាធារណះ នៅតែឃើញមានមតិជាច្រើនដែលមិនទទួលស្គាល់យល់ព្រមនូវការសុំទោសទាំងនោះ ។ បញ្ជាក់ថាប្រជាជនយើងមួយចំនួនគ្មានការអធ្យាស្រ័យជនមានកំហុសដែលដឹងខុសនោះទេ ។ សួរថាពួកអ្នកជាអ្វីបានជាត្រូវបញ្ជារឱ្យគេធ្វើតាមការចង់បានរបស់ខ្លួន ?ទំនេរណាស់មនុស្សមួយចំនួន សម្បូរពេលវិភាគរឿងគេណាស់ ហើយក៏ចូលចិត្តរុញមនុស្សឱ្យស្លាប់ដែរ »៕

 

Advertisement