តួម៉ែទាំងពីរត្អូញត្អែថា សម្ដែងជា 20​ឆ្នាំ​ បានតែប្រាក់សម្រាប់បង់ថ្លៃឈ្នួលបន្ទប់

តារាជើងចាស់ពីរដួង សម្ដែងតែតួម៉ែអះអាងថា ការសម្ដែងភាពយន្តរបស់ខ្លួន ក្នុងរយ:ពេលជាង20ឆ្នាំកន្លងមក គឺសម្រាប់តែបង់ថ្លៃឈ្នួលបន្ទប់ ដែលជួលរស់នៅមិនចង់គ្រប់នោះផង កុំថាឡើយបានសល់មានបាន។ នោះគឺដោយសារតែអ្នកទាំងពីរ មានសកម្មភាពសម្ដែងច្រើន ប៉ុន្តែចំណូលទាបហើយការចំណាយគឺខ្ពស់។

អ្នកស្រី ញឹម សុខា បានថ្លែងការសម្ដែងភាពកន្លងទៅ អ្នកស្រីទទួលបានតម្លៃខ្លួនទាបៗ ខ្លាំងណាស់ ដោយកាលពីមុនផលិតករហ៊ានឱ្យតែមួយថ្ងៃ10ដុល្លារ ឬយ៉ាងច្រើន20ដុល្លារប៉ុណ្ណោះ ទើបអ្នកស្រីថតរឿងច្រើនឆ្នាំ កាន់ខែកាន់វស្សា ប៉ុន្តែលុយសល់ គឺមិនមាន ហើយរកតែលុយបង់ថ្លៃឈ្នួលផ្ទះ យ៉ាងលំបាកមិនគ្រប់។ អ្នកស្រីថា ផលិតករភាគច្រើនមិនសូវហ៊ានឱ្យតម្លៃខ្លួនខ្ពស់ ដល់តួចាស់ៗនោះទេ ហើយបើហ៊ានតែសុំ តវ៉ាគឺមិនយកថតតែម្ដង ដោយអះអាងថា យកតួថ្មីៗ មកតែងធ្វើចាស់ ក៏អាចថតបាន។ អ្នកស្រីបន្តថា ខ្លួនទើបតែមានសំណាងថត បានក្នុងមួយរឿង ចន្លោះពី500ទៅ1ពាន់ដុល្លារ នៅប៉ុស្ដិ៍លេខ5 ក្នុងប៉ុន្មានរឿងចុងក្រោយប៉ុណ្ណោះ ខណ:ដែលតម្លៃដែលទទួលបានចុងក្រោយនេះ ក៏ត្រូវប្រើពេលពី3ខែទៅ4ខែទើបចប់។

អ្នកស្រីនិយាយថា «តួចាស់ៗ ដូចខ្ញុំថតច្រើនរឿងមែន ប៉ុន្តែតម្លៃខ្លួនគឺគេឱ្យថោកៗណាស់ មិនមែនដូចតួក្មេងៗ អ្នកខ្លះទើបថតសោះបានដល់ មួយថ្ងៃដល់រយ និងខ្លះដល់ពាន់នោះទេ តម្លៃប៉ុណ្ណឹងហើយ ឱ្យតែគេហៅថតឱ្យច្រើន គឺវាអត់ទៅទៀត អ៊ីចឹងហើយទើបតួចាស់ៗ ដូចខ្ញុំអត់មានសល់អី ហើយតើធ្លាក់ខ្លួនឈឺគឺអត់លុយ!»។ អ្នកស្រីថា ខ្លួនត្រូវបង្ខំចិត្តទទួលថតទាំងឈឺទាំងជា ដោយសាររាល់ថ្ងៃត្រូវរកលុយសម្រាប់បង់ថ្លៃ បន្ទប់ជួលតម្លៃ70ដុល្លារ នៅម្ដុំបឹងសាឡាង និងត្រូវចិញ្ចឹមកូន និងចៅៗពីរបីនាក់ក្នុងបន្ទុក។

ចំណែកអ្នកស្រី អ៊ឹម ផល្លារ ក៏បានលើកឡើងថា សម្ដែងភាពយន្តប្រមាណជាង20ឆ្នាំដែរ បានត្អូញត្អែរថា នៅពីក្រោយការសម្ដែង អ្នកស្រីស្ទើរមិនមានលទ្ធភាព រកលុយមកបង់ថ្លៃបន្ទប់ជួលតម្លៃ50ដុល្លារ នៅជាន់ខាងលើ នៅម្ដុំផ្សារតាប៉ាងតែម្ដង ជាពិសេសនៅក្នុងកាល:ទេស: ដែលខាងផលិតករមិនសូវហៅអ្នកស្រី ឱ្យសម្ដែងនាងពេលចុងក្រោយ។ អ្នកស្រីថាខ្លួនសម្ដែងជាង20ឆ្នាំមែន ប៉ុន្តែឲ្យតែហ៊ានសុំមួយថ្ងៃ35 ឬ40ដុល្លារ គឺអត់មានអ្នកហៅថតតែម្ដង ខណ:ការសម្ដែងមិនតិចរឿង តែរកតែលុយទិញខោអាវជជុះស្លៀកអត់ចង់បាន។

អ្នកស្រីថាខ្លួនទើបតែត្រូវផលិតករ នៅប៉ុស្ដិ៍លេខ5ហៅសម្ដែង ក្នុងប៉ុន្មានរឿងចុងក្រោយ ហើយហ៊ានឱ្យមួយថ្ងៃ ដល់50ដុល្លារប៉ុណ្ណោះ ប៉ុន្តែក៏ទើបតែបាន និងមិនសូវជាបានច្រើនថ្ងៃក្នុងមួយរឿងនោះដែរ ទើបអ្នកស្រីទទូចឱ្យប៉ុស្ដិ៍លេខ5 ជួយផ្ដល់ឱកាសឲ្យអ្នកស្រីបានថតឲ្យញឹកញាប់ថែមទៀត ដើម្បីបន្តលទ្ធភាពក្នុងការរស់នៅ។ ជាមួយនឹងការបង្ហើបឱ្យដឹងនេះ ពីស្ថានភាពនៅក្រោយខ្នងនេះ ទើបគេកត់សម្គាល់ថា តារាសម្ដែងចាស់ៗ រមែងជួបបញ្ហាជីវភាព នៅក្រោយពេលធ្លាក់ខ្លួនឈឺ ហើយសម្ដែងលែងកើត៕

Advertisement