វិរៈសិល្បការនីអ្នកគ្រូ ណារី ទទួលមរណភាពហើយ

វិរៈសិល្បការនីអ្នកគ្រូ គង់ ណារី ទទួលមរណភាពហើយនៅថ្ងៃទី20ខែមករាឆ្នាំ2019នេះ ដោយរោគាពាធ ។ អ្នកគ្រូមានជំងឺ ក្រិនថ្លើម និងទាចទឹកហើយធ្វើទុក្ខក្នុងដំណាក់កាលចុងក្រោយខ្លាំង និងញាំញីរាង្គកាយរបស់អ្នកគ្រូ។

គួររំឭកដែរថា អ្នកគ្រូចាប់ផ្ដើមចុកចាប់ពេញខ្លួន ពិបាកដកដង្ហើម និងមានសភាពស្គមស្គាំងមិនមានកម្លាំងសូម្បីតែក្រោកអង្គុយបានទេ ដោយសារតែសភាពពោះរបស់អ្នកស្រីរីកធំ ហើយមានទឹកក្នុងពោះធ្ងន់ ស្របគ្នាដែលអ្នកគ្រូក៏មានសភាពឈឺចាប់ដោយកន្លែង។ អ្វីដែលអ្នកគ្រូពិបាកទ្រាំទៅទៀតនោះ គឺអ្នកនាងគ្រូមានសភាពធ្លាក់ឈាម ដល់ថ្នាក់បណ្ដាលឱ្យរាងកាយចុះស្គម ហើយសម្រាកមិនបាន ទើបធ្វើឱ្យអ្នកគ្រូបញ្ជាក់យ៉ាងខ្លីថា ពិបាកទ្រាំខ្លាំងណាស់។ នេះហើយជាមូលហេតុមួយអ្នកគ្រូមិនតក់ស្លុតនឹងលទ្ធផលចុងក្រោយ តាមអ្វីដែលគ្រូពេទ្យបានទម្លាយ។ យ៉ាងណាមិញ អ្នកគ្រូបានបង្ហាញអារម្មណ៍ចង់ជា និងចង់រស់នៅឱ្យបានអាយុវែង ដោយអ្នកគ្រូប្រាប់ថា បើអ្នកគ្រូបានជានោះអ្នកគ្រូនឹងបំពេញតួនាទីក្នុងការលើកស្ទួយវិស័យសិល្បៈឱ្យបានកាន់តែច្រើនដើម្បីអ្នកសិល្បៈជំនាន់ក្រោយ។

បើតាមការបណ្ជាក់របស់ក្រុមព្រះសូរិយា សពអ្នកគ្រូគង់ណារីនិងយកទៅតម្កល់នៅវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អាស្រ័យហេតុនេះសូមបងប្អូនសិល្បករនិងអតីតសិស្សទាំងអស់មេត្តាជ្រាប និងចូលរួមពិធីបូជាសព និងគោរពវិញ្ញាណក្ខន្ធអ្នកគ្រូ។​ យើងខ្ញុំសូមឧទ្ទិសវិញ្ញាណក្ខន្ធអ្នកគ្រូសូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

Advertisement