លោក អ៊ឹម ជីវ៉ា ប្រកាន់ជំហរមិនចោលទេបុណ្យសពតារាសិល្បៈ

ខុសពីតារាសិល្បៈភាគច្រើនដែលមានទំនោរប្រកាន់មិនចូលរួមពិធីបុណ្យសព គេកត់សម្គាល់ថាតារាសម្ដែងលោក អ៊ឹម ជីវ៉ា បែរជាមានវត្តមានមុនគេស្ទើរតែគ្រប់ពិធីបុណ្យសព ជាពិសេសពិធីបុណ្យសពតារាសិល្បៈ ដោយលោកបានទាំងចាត់ទុកថាការបង្ហាញវត្តមានចូលរួមបុណ្យសពមិនមែនជារឿងឡាក់ឆុង ឬនាំស៊យនោះទេ ផ្ទុយទៅវិញគឺជារឿងបានបុណ្យដែលលោកប្រកាសថាត្រូវតែទៅឱ្យបានឆាប់បំផុត ដើម្បីលើកទឹកចិត្តដល់គ្រួសារសព។

ជាក់ស្ដែងគ្រាន់តែមានការប្រកាសថាអ្នកគ្រូ អ្នកគ្រូ គង់ ណារី ទទួលមរណភាពមិនបានប៉ុន្មានម៉ោងផង គេឃើញតារារូបនេះផុសរូបទៅដល់កន្លែងតម្កល់សពបាត់ទៅហើយ ទើបធ្វើឱ្យម្នាក់ៗកត់សម្គាល់ថា លោកជាតារាដែលផ្ដល់ការឈឺឆ្អាលមួយយ៉ាងកម្រ សម្រាប់ពិធីបុណ្យសពមិនថាម្ចាស់សពកាលនៅរស់ធ្លាប់មានទំនាក់ទំនងជាមួយលោក ឬមិនមាន។ តែប៉ុន្មាននាទីសពអ្នកគ្រូគង់ ណារី ត្រូវបានដឹកយកទៅតម្កល់នៅវត្តកោះកាលពីរសៀលថ្ងៃទី20 ខែមករា ប៉ុណ្ណោះ គេឃើញតារាសម្ដែងលោក អ៊ឹម ជីវ៉ា ដឹកនាំគ្នីគ្នាទៅថតបង្ហោះបង្ហាញពីវត្តមានរបស់ខ្លួននៅទីតម្កល់សពនោះភ្លាម។ លោកមិនមែនជាតារាតែម្នាក់ ដែលបានទៅដល់កន្លែងតម្កល់សពអ្នកគ្រូគង់ ណារី នៅក្នុងរសៀលថ្ងៃនោះទេដ្បិតមានតារាជាច្រើននាក់ផ្សេងទៀត ក៏បានទៅដល់ដូចគ្នា ដោយគ្រាន់តែវត្តមានរបស់លោក អ៊ឹម ជីវ៉ា ក្នុងពិធីបូណ្យសពពិធីអ្នកគ្រូគង់ ណារី បានធ្វើឱ្យលោកជាប់ឈ្មោះជាតារាដែលមិនសូវបាត់មុខក្នុងពិធីបុណ្យសពក្នុងចំណោមពិធីបុណ្យសពរបស់តារាសិល្បៈកន្លងមកតាមការកត់សម្គាល់។

លោក អ៊ឹម ជីវ៉ា បានអះអាងថា លោកក៏មានទំនោរចូលចិត្តពិធីសប្បាយៗមិនខុសពីតារាសិល្បៈភាគច្រើននោះដែរ ប៉ុន្តែបណ្ដាលមកពីលោកធ្លាប់បានបួសរៀនហើយបានដឹងថាអ្នកចូលរួមពិធីបុណ្យសពគឺបានបុណ្យច្រើន និងជាការលើកទឹកចិត្តមួយដ៏ធំដល់គ្រួសារម្ចាស់សពក្នុងពេលមានទុក្ខ ទើបលោករមែងប្រកាន់ជំហរមិនចោលបុណ្យសព ពោលគឺទោះជាគ្មានការអញ្ជើញក៏លោកចូលរួម ឱ្យតែនោះជាសពរបស់តារាសិល្បៈ។ លោកថាខ្លួនមិនជឿរឿងឆុង ឬធ្លាក់យីអ៊ុនព្រោះតែចូលរួមបុណ្យសពនោះទេ ដោយលោកយល់ការប្រកាន់នូវទស្សនៈបែបនោះ ទើបធ្វើឱ្យពិធីបុណ្យអ្នកខ្លះខ្សត់អ្នកចូលរួម ព្រោះតែរឿងម្នាក់ៗយល់ថា ចាំដល់បុណ្យ7ថ្ងៃទើបទៅកើននោះផង៕

Advertisement