តារាសម្តែងស្រីតួចច្រឡឹង​ ដួង ម៉ានិច ច្រានចោលគេថាមានអ្នកឧបត្ថម្ភនាង​​ទិញផ្ទះថ្មី

ភ្នំពេញៈ​ តារា​​សម្តែង​ស្រី​ មាន​​​រាង​តូច​ច្រឡឹង ចង្កា​ស្រួច​កញ្ញា ដួង ម៉ានិច ដែល​​ទើប​តែមាន​រាសី​ឡើង​ខ្ពស់​ខ្លាំង​​​​​នៅ​​ចុង​ឆ្នាំ ២០១៦​ និង​ទទួល​ការ​​សរសើ​ពី​មហាជន​​​​ថា ​ថត​សម្តែង​សម​ជា​តួ​ប្តី​ប្រពន្ធ​​​នឹង​តារា​សម្តែង​​ប្រុស​​​​ជើង​​ចាស់​លោក ទេព រិន្ទ​ដារ៉ូ នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​​ថត​​សា​ឡើងវិញ​​​រឿង «ពស់​កេង​កង​ថ្មី» ទើប​ថត​​​​​ចប់​ថ្មីៗ​នោះ ឥឡូវ​នេះ​សល់​លុយ​ទិញ​ផ្ទះ​ល្វែង​មួយ​ជូន​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់​​។​

​មើល​ទៅ​​ផ្ទះ​​នោះ​​សង់​ជិត​​រួច​រាល់​ហើយ​ បើ​តាម​រូប​នាង​​​ឈរ​ថត​នៅ​មុខ​ផ្ទះ​​​មាន​សារ​​បញ្ជាក់​​ថា​៖ «​បាន​ ៨០ % ហើយ​​​សម្រា​ប់​​​​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​ I love you my man»។ ​មាន​ការ​សង្ស័យ​ថា តារា​ស្រី​រូប​នេះ ​ទំនង​ជា​មាន​បុរស​កំណាន់​ចិត្ត​នៅ​ពី​ក្រោយ​ជួយ​​ឧបត្ថម្ភ​នាង​​ទិញ​ផ្ទះ​គាប់​ចិត្ត​ម្តាយ​ក្មេក​មិន​ខានឡើយ ដោយ​សម្អាង​​សារ​បង្ហោះ​ថា « I love you my man» គឺ​មាន​ន័យ​ថា «​អូន​​ស្រឡាញ់​បង​សំណព្វ​ចិត្ត​របស់​​អូន!»។​​

ខុស​ពី​ការ​មន្ទិល​សង្ស័យ ត្រូវ​តារា​ស្រី​រាសី​ឡើង​ខ្ពស់​ ដែល​តែង​តែ​ក្តាប់​បាន​ឱកាស​ថត​កុន​​ហូរ​ហែ​​​​មាន​រូប​សម្ផស្ស​​ស្រស់​សោភា​វ័យ ២៦​ ឆ្នាំ ​ កញ្ញា ដួង ម៉ានិច បែរ​ជា​បក​ស្រាយ​​ ទាំង​មាន​​សម្លេង​​បែប​ងឿង​ឆ្ងល់​វិញ​ថា៖ «​ពិតជា​សរសេរ​ថា​ I love you my man មែន? ខ្ញុំ​មិន​បាន​ពិនិត្យ​​ទេ​ព្រោះ​ជា​បាន​ពឹង​ឲ្យ​ប្អូន​ប្រុស​សរសេរ​ឲ្យ​។ តាម​ពិត​ទៅ​គឺ​ខ្ញុំ​ចង់​ឲ្យ​គាត់​សរសេរ​ថា I love you my mummy ដែល​មាន​ន័យ​ថា​ស្រឡាញ់​អ្នក​ម្តាយ​នោះ​ឯង​​ទេ​តើ​បង!។​ ផ្ទះ​នេះ​គឺ​នាង​ខ្ញុំ​ទិញ​តាម​វិធី​បង់​រំលោះ​ ជាមួយ​នឹង​ប្រាក់​​ដែល​បាន​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​ ដោយ​វា​មាន​តម្លៃ​ថ្លៃទេ​គឺ​ជាង ​៣ ម៉ឺន ដុល្លារ ប៉ុណ្ណោះ»។​ តារាស្រី​ដែល​ទទួលបាន​ពានរង្វាន់​ជា​សិល្បការិនី​ឆ្នើម​ផ្នែក​តារា​គោរព​ពេល​វេលា និង​​ជា​តួ​ស្រី​កាច​​ឆ្នាស​ឆ្នើម​ពី​កម្មវិធី Apsara Award 2016 នាពេល​ថ្មីៗនេះ ក៏​មាន​ការ​អាក់​អន​ស្រពន់​ចិត្ត​ដែរ​ ចំពោះ​ព័ត៌មាន​ចោទ​ប្រកាន់​រូប​នាង​​ថា មាន​អ្នក​ជួយ​ទំនុក​ប​ម្រុង ឬ​អ្នក​ឧបត្ថម្ភ​នោះ​​។

​តារា​សម្តែង​ស្រីដែល​​មាន​ស្រុក​កំណើត​មកពី​ខេត្ត​បន្ទាយ​មានជ័យ​រូបនេះ នៅ​តែបន្ត​​អះអាង​​ថា៖ «នាង​ខ្ញុំ​ទិញ​​ផ្ទះ​នេះ​បាន​ពី​ប្រាក់​ ដែល​ខិតខំ​សន្សំ​ជិត​ដប់​ឆ្នាំ​ហើយ។ តាំង​ពីចូល​ប្រឡូក​​​សិល្បៈ​មក​នាងខ្ញុំ​គ្មាន​អ្នក​ណា​​ជួយ​ចិញ្ចឹម​អ្វី​នោះទេ ហើយ​តាម​ពិត​ទៅ ការ​ងារ​សិល្បៈ​សម្រាប់​នាង​​គ្រាន់តែ​បាន​ត្រឹម​រស់​ប៉ុណ្ណោះ។ ​ប្រាក់​​សន្សំ​ទិញ​ផ្ទះ​នេះ បាន​មកពី​ចំណូល​នៃការ​បើក​អាជីវ​កម្ម​មួយ​​លក់​​​ស្រា​ក្រ​ឡុក​​មួយ​នៅឯ​ខេត្ត​​បៃ​​លិន​ ដែល​​ខ្ញុំ​បាន​ប្រកប​រកស៊ី​នេះ ​តាំង​ពី​ឆ្នាំ ២០០៧ មកម្ល៉េះ​ ឯ​ប្រាក់​​បាន​ពី​សិល្បៈ​វិញ​គឺ​​តិច​តួច​បំផុត​»៕​

Advertisement