អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង100ផ្ទាំង​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ

​តាមរយៈ​ទំព័រ​ផ្លូវការ​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​ថា​ ​ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ​ ​និង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ​ ​ICC​-​Angkor​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង​អក្សរខ្មែរ​ ​និង​អក្សរ​អង់គ្លេស​ ​ធ្វើ​ពី​ថ្មភក់​ប្រមាណ​ ​118ផ្ទាំង​ ​ហើយ​គ្រោង​នឹង​លើកដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ ​បង្ហាញ​ជូន​នូវ​ព័ត៌មាន​សំ​ខាន់​ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ដូចជា​ ​ឈ្មោះ​ប្រាសាទ​ ​អាយុកាល​សាងសង់​ប្រាសាទ​ ​ទិស​ច្រកចូល​ប្រាសាទ​ ​និង​អម​ដោយ​ស្លាក​សញ្ញា​ ​(​Logo​)​ ​ចំនួន4គឺ​ ​ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ​ ​និង​ស្លាក​សញ្ញា៣ផ្សេងទៀត​ ​ដែល​នៅ​ខាងក្រោម​គឺ​ ​ស្លាក​សញ្ញា​យូ​ណេស្កូ​ ​ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក​ ​និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុង​ឡា​អេ​ឆ្នាំ1954​ ​សម្រាប់​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ​។​

​ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ​នេះ​មាន​បី​ទំហំ​ផ្សេងគ្នា​ ​ដោយ​គិតទៅ​តាម​ទីតាំង​ជាក់ស្តែង​នៃ​ច្រកចូល​ប្រាសាទ​ ​ដែល​ដំឡើង​បាន​ ​គឺ​ទំហំ​ធំ​ចំនួន​ ​16ផ្ទាំង​ ​កម្ពស់១.៥០០មមx​ ​បណ្ដោយ​ ​៩១៤មមxកម្រាស់៤៦៤មម​។​ ​ទំហំ​មធ្យម​ចំនួន​ ​៥២ផ្ទាំង​ ​កម្ពស់១,២០០មមxបណ្ដោយ៧៣១មមx​ ​កម្រាស់៣៧១មម​។​ ​ទំហំ​តូច​ចំនួន​ ​៥០ផ្ទាំង​ ​កម្ពស់១,០០០មមxបណ្ដោយ៦១៣មមxកម្រាស់៣១១មម​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ​ ​Artisans​ ​Angkor​ ​នា​រសៀល​ថ្ងៃទី14​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​ឯកឧត្តម​ ​សុខ​ ​សង្វារ​ ​អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ​ដែល​បាន​ធ្វើរួចរាល់​ហើយ​មាន​ចំនួន​ប្រហែល25​%​នៃ​ចំនួន​ផ្ទាំង​សរុប​ ​ខណៈ​ដែល​ផ្ទាំង​ខ្លះទៀត​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឆ្លាក់​អក្សរ​ ​លាប​ពណ៌​បេតិកភណ្ឌ​ ​(​ពណ៌ឈាមជ្រូក​)​ ​និង​ខ្លះទៀត​កំពុង​ឆ្លាក់ក្បាច់​លម្អ​។​

​ឯកឧត្តម​បន្ថែម​ថា​ ​ចំនួន​ផ្ទាំង​នេះ​គឺ​មិនបាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ​ ​ដោយហេតុថា​ ​ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន​។​ ​ចំពោះ​ទីតាំង​ដែល​តម្លើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ ​ក្រុមការងារ​បាន​គិតទៅ​ចំណុច3គឺ​ ​នៅ​ក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ​ ​ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវ​ទេសចរ​ ​និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ ​សង្ឃឹមថា​ ​សមិទ្ធផល​នេះ​នឹង​ជួយ​ផ្ដល់​ភាព​ងាយស្រួល​ ​និង​បទពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ក្នុង​ការ​ទស្សនា​តំបន់​អង្គរ​ ​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​ទេសចរ​ ​លើក​តម្លៃ​ប្រាសាទ​និង​កិត្យានុភាព​ជាតិ​ ​និង​ទទួល​បាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើឲ្យ​ដំណើរ​កម្សាន្ត​ ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​ច្បាស់លាស់​បន្ថែម​ទៀត​៕​

Advertisement